ជាតិ
​៤ខែ កម្ពុជាទាញយករ៉ែមាសបានជាង៧០០គីឡូក្រាម
20, Oct 2021 , 8:59 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល
រូបពីហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល
ដោយ៖ វ៉ា សុភានុត
 
៤ខែនេះ កម្ពុជាបានទាញយកមាសចំនួនជាង ៧០០គីឡូក្រាម ឬស្មើនឹង ៦០ដុំ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៃប្រទេសអូស្រ្តាលី។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ។

 
លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា គិតចាប់ពីថ្ងៃបើកដំណើរការ ការដ្ឋានលើកដំបូង នៅចុងខែមិថុនា កម្ពុជាបានទាញយករ៉ែមាសចំនួន៧៤៧គីឡូ និងនាំចេញ ៥៥៥គីឡូ ទៅបន្សុទ្ធជាមាស ៩៩,៩៩ភាគរយ នៅប្រទេសអូស្រ្តាលី។ 
 
កន្លងមករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់រំពឹងថា រដ្ឋនឹងប្រមូលពន្ធបានប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ ពីការជីករ៉ែមាសនៅតំបន់អូរខ្វាវ។
 
​បើតាមក្រសួងបរិស្ថាន ​ខេត្តមណ្ឌលគិរីមានធនធានរ៉ែជាច្រើនប្រភេទដូចជា រ៉ែបុកស៊ីត ,រ៉ែមាស និងរ៉ែត្បូងជាដើម ដែលសុទ្ធសឹងតែជារ៉ែមានតម្លៃខ្ពស់ ដែលគេយកទៅច្នៃធ្វើជាគ្រឿងអលង្ការផ្សេងៗ។
 
ក្រៅពីការរុករករ៉ែមាសនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុន Renaissance Minerals ដដែលនេះ កំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈ នៅលើផ្ទៃដីជាង១០៧គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់មេមត់ ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ។
 
កាលពីចុងខែមិថុនាកន្លងទៅ  រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមហ៊ុន Renaissance Minerals សិក្សាអស់រយៈពេលជិត១៤ឆ្នាំ៕

Tag:
 រ៉ែមាស
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com