ជាតិ
សេដ្ឋកិច្ច
ជិត១ឆ្នាំហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធGSP បានផ្អាក ខណៈកម្ពុជា កំពុងជំរុញអាម៉េរិកឱ្យបន្ត
20, Oct 2021 , 11:34 am        
រូបភាព
លោក ប៉ែន សុវិជាតិ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក ប៉ែន សុវិជាតិ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
 ភ្នំពេញ៖ កម្ពុជា ​រួ​មជាមួយប្រទេសចំនួន២៦ទៀត បានដាក់ញ្ញត្តិមួយទៅគណៈកម្មការសភាអាម៉េរិក ដើម្បីជំរុញសភាអាម៉េរិកឱ្យបន្តផ្តល់នូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ឱ្យបានឆាប់។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​។ លោក សង្ឃឹមថា សភាអាម៉េរិក ​នឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះ ឱ្យកម្ពុជា។

 
​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅGSP ​(Generalized System of Preferences) របស់​សហរដ្ឋអាម៉េរិកដែលផ្តល់ឱ្យកម្ពុជា បាន​អស់​សុពលភាពនៅត្រឹមដំណាច់ឆ្នាំ២០២០។ ជិត១ឆ្នាំ ក្រោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​ GSP ​អស់​សុពលភាព​ កម្ពុជាមិនទាន់ទទួលបានសញ្ញា​វិជ្ជមានអ្វីឡើយពីអាម៉េរិក ក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះ ខណៈកម្ពុជាបានដាក់សេចក្តីស្នើច្បាប់រួចហើយ ​ដើម្បីសុំរដ្ឋាភិបាលអាម៉េរិក ឱ្យបន្តផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ 

សូមលោកអ្នកស្តាប់ប្រសាសន៍របស់លោក ប៉ែន សុវិជាតិ ខាងក្រោមនេះ៖ 

 

 

បើតាមលោក ប៉ែន សុវិជាតិ សភាអាម៉េរិកបានទទួលយកសេចក្តីស្នើច្បាប់​សុំបន្តប្រព័ន្ធអនុគ្រោះពន្ធGSP របស់កម្ពុជា ក៏ដូចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ចំនួន២៦ប្រទេសផ្សេងៗទៀត ពីសមាជិកសភារបស់ខ្លួន តាំងពីអំឡុងខែមិថុនា ឆ្នាំ២០២១មក។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន សភាអាម៉េរិកគឺមិនទាន់មានការពិភាក្សាណាមួយគត់ឱ្យកត់សម្គាល់ ពីកម្មវិធីបន្តប្រព័ន្ធអនុគ្រោះពន្ធGSPនេះ នៅឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដោយលោកបន្តថា រហូតដល់ថ្ងៃទី១៣កញ្ញា កម្ពុជារួមជាមួយប្រទេសចំនួន២៦ទៀត ធ្វើញ្ញត្តិរួមគ្នាមួយដាក់ទៅគណៈកម្មការសភាអាម៉េរិក ដើម្បីជំរុញសភាអាម៉េរិកឱ្យពិនិត្យ និងអនុម័តលើសេចក្តីស្នើច្បាប់សុំបន្តនូវប្រព័ន្ធអនុគ្រោះពន្ធ GSPនេះ​។  
 
លោក ប៉ែន សុវិជាតិ បាន​ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទ នារសៀលថ្ងៃទី១៩តុលា ដូច្នេះ៖ «តំណាងស្ថានទូតនៃប្រទេសដែល[ធ្លាប់]ទទួលបាន GSP ពីអាម៉េរិកមានចំនួន២៧ប្រទេសរួមទាំងកម្ពុជាផងនោះ បានធ្វើញ្ញត្តិមួយ ដើម្បីផ្ញើទៅឱ្យគណៈកម្មការសភាអាម៉េរិក ដើម្បីជំរុញឱ្យសភាអាម៉េរិក បន្តកម្មវិធីនេះឱ្យបានឆាប់។ បើសិនជាមិនពិភាក្សាដើម្បីសម្រេច លើការបន្តឬមិនបន្តទេ គឺយើងមិនដឹងលទ្ធផលពីការអនុគ្រោះពន្ធរបស់កម្មវិធីនេះ តទៅទៀតទេ»។​ 
 
ទន្ទឹង​គ្នានេះ កាលពីចុងខែកញ្ញា ឆ្នាំ២០២១ បណ្តាវិស័យឯកជនរបស់សហរដ្ឋអាម៉េរិក ដែលមានទាំងក្រុមហ៊ុន និងសហគមន៍ពាណិជ្ជកម្ម ចំនួន៣០៨ ក៏បានធ្វើញ្ញត្តិមួយ ដាក់ទៅសភាអាម៉េរិកផងដែរ  ដោយដើម្បីធ្វើយ៉ាងណាឱ្យសភាអាម៉េរិក​ ពិភាក្សា ឬអនុម័តឱ្យបានឆាប់ ក្នុងការបន្តកម្មវិធីអនុគ្រោះពន្ធGSP នេះ ពីព្រោះក្រុមហ៊ុនទាំងនោះកំពុងរងផលប៉ះពាល់ ក្នុងការនាំទំនិញចូលអាម៉េរិក។ នេះជាការលើកឡើងបន្ថែមរបស់លោក ប៉ែន សុវិជាតិ​។​
 
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានរៀបរាប់ថា ៖ «​ក្រុមហ៊ុនរបស់អាម៉េរិកទាំងអស់នោះ បានសង្កេតឃើញថា កាលណាមិនមានការអនុគ្រោះពន្ធបន្តទៀតទេ ប្រទេសមួយចំនួនដែលចូលរួមផលិតទំនិញដើម្បីនាំចូលទៅអាម៉េរិក ក្រោមប្រព័ន្ធGSPនេះ គឺមានចំនួនទាប និងមានការលំបាក ហើយក្រុមហ៊ុនដែលផលពីការនាំចូលក្រោមប្រព័ន្ធនេះ ក៏រងផលប៉ះពាល់ដូចគ្នា។ ហេតុនេះហើយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ពាណិជ្ជកម្មអាម៉េរិក គេក៏រួមដៃគ្នាធ្វើយ៉ាងម៉េច ជំរុញឱ្យសភាអាម៉េរិក អនុម័តលើការបន្តកម្មវិធីអនុគ្រោះនេះឱ្យបានឆាប់»។ 
 
តាមរយៈកិច្ចខំប្រឹងប្រែង ជំរុញដល់សភាអាម៉េរិកឱ្យអនុម័តលើកម្មវិធីអនុគ្រោះពន្ធប្រព័ន្ធGSPនេះ  លោក ប៉ែន សុវិជាតិ សង្ឃឹមថា កម្ពុជានឹងបន្តទទួលបានកម្មវិធីនេះ ពីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកពុំអាចបញ្ជាក់ ពីពេលវេលាជាក់លាស់ណាមួយបានឡើយ ដោយបច្ចុប្បន្នកម្ពុជា នៅរង់ចាំការសម្រេចពីសភាអាម៉េរិក៕ 

អត្ថបទទាក់ទង

Tag:
 ពាណិជ្ជកម្ម
  GSP
  លោក ប៉ែន សុវិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com