ជាតិ
សេដ្ឋកិច្ច
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ
20, Oct 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ នាព្រឹកថ្ងៃទី២០តុលា។ ចក្ខុវិស័យរបស់ផែនការមេ សម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ គឺ​ ការក្តាប់យកមកវិញ នូវមោទកភាពជាគោលការណ៍ទេសចរណ៍ចម្បងបំផុត របស់វិស័យទេសចរណ៍កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។


 
ជាង៦ខែ ក្រោយរដ្ឋាភិបាល​អនុម័តលើផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្រេចប្រកាសដាក់ឱ្យអនុវត្តផែនការនេះ ជាផ្លូវការ ចាប់ពីថ្ងៃទី២០តុលាតទៅ​។ ការប្រកាសដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល១៤ឆ្នាំនេះ គឺធ្វើឡើងក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
ក្នុងពិធីដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប លោក ថោង ខុន 
បានលើកឡើងថា ផែនការមេនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍគោលដៅ​ទេសចរណ៍សំខាន់ៗ ចំនួន៦​ទីតាំង ដើម្បីឈានសម្រេចបាននូវការទទួលប្រាក់ចំណូលជិត៦ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាតិ ១០,៩លាននាក់ និងអន្តរជាតិ៧លាននាក់ ព្រមទាំងបង្កើតការងារដោយផ្ទាល់ ប្រមាណ៩៤ម៉ឺននាក់ នៅក្នុងឆ្នាំ២០៣៥។ 


                            លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ គោលដៅទេសចរណ៍ទាំង៦ ដែលត្រូវអភិវឌ្ឍនោះ មាន៖ ១. តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តម(ភ្នំគូលែន)  ត្រូវអភិវឌ្ឍឱ្យទៅជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រ។ ២. តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី នឹងអភិវឌ្ឍឱ្យទៅជា គោលដៅទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍។  ៣. តំបន់បេតិកភណ្ឌអង្គរ នឹងអភិវឌ្ឍឱ្យទៅជា គោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក, វប្បធម៌ និងសាសនា។ ៤. តំបន់ក្រុងសៀមរាប នឹងអភិវឌ្ឍ ឱ្យទៅជាគោលដៅទេសចរណ៍ក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រកម្រិតខ្ពស់។ ៥. តំបន់បឹងទន្លេសាប នឹងអភិវឌ្ឍឱ្យទៅជាគោលដៅទេសចរ​ណ៍ធម្មជាតិ និងអេកូទេសចរណ៍ និង៦. គម្រោងបង្កើត តំបន់ទេសចរណ៍សៀមរាបថ្មី។
 
លោក ថោង ខុន បានបញ្ជាក់ថា ចក្ខុវិស័យរបស់ផែនការមេនេះ នឹងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព, ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប។  លើសនេះ ខេត្តសៀមរាបនឹងមានការទទួលស្គាល់ជាលក្ខណៈសកល លើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ, និងមានភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ 
 
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន សាទរជាខ្លាំងចំពោះនូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥នេះ។  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា រដ្ឋាភិបាលក៏បានសម្រេចអនុម័តលើ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ និងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ផងដែរ។ 


                  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

«ផ្តើមចេញពីឯកសារចង្អុលផ្លូវ ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ យើងកំពុងរៀបចំ ដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ នូវឯកសារដ៏មានសារៈសំខាន់២ទៀត«។ នេះបើតាមរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ដោយបានបញ្ជាក់ថា ឯកសារសំខាន់ទី១. គឺជាវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣។ ទី២. ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលនឹងត្រូវធ្វើឡើងតាមដំណាក់កាល ជំហានៗ ដែលផ្អែកលើវិធីសាស្ត្រជាក់លាក់នៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព។​
 
លោក អូន ព័ន្ធមុនីរ័ត្ន បន្តមានប្រសាសន៍ដូច្នេះ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ និងផែនការគន្លឹះទាំងនេះ យើងនឹងអាចស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាពិសេសនៅខេត្តសៀមរាបនេះផ្ទាល់តែម្តង»៕ 

Tag:
 ទេសចរណ៍
  ផែនការមេ
© រក្សាសិទ្ធិដោយ thmeythmey.com