អន្តរជាតិ
អ្នកវិភាគ៖ កេរដំណែលរបស់លោក Powell ជាអ្នកការពារសម្ព័ន្ធមិត្តអឺរ៉ុបដែលធ្វើឲ្យរុស្ស៊ីបាត់បង់ឱកាស
20, Oct 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Colin Powell ដើរ​នៅ​លើ​ឆាក​ដើម្បី​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Colin Powell ដើរ​នៅ​លើ​ឆាក​ដើម្បី​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។
ដោយ: VOA
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទក្នុងអាយុ ៨៤ឆ្នាំ បានប្រើប្រាស់នូវអាជីពយោធា និងរដ្ឋាភិបាលជាច្រើនទសវត្សរ៍របស់លោកដើម្បីការពារសម្ព័ន្ធភាពរបស់អាមេរិកជាមួយប្រទេសនានាក្នុងទ្វីបអឺរ៉ុប។ នេះ បើតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន។

 
គ្រួសាររបស់លោកបានបញ្ជាក់ថា លោក Powell បានស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ វេជ្ជបណ្ឌិតនិយាយថា លោកមានជំងឺមហារីកឈាមផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធស៊ាំក្នុងខ្លួនរបស់លោក ក៏ដូចជាជំងឺញ័រដៃ និងជំងឺផ្សេងៗមួយចំនួនទៀតដែលធ្វើឲ្យកម្លាំងសាច់ដុំចុះខ្សោយ។
 
លោកបានព្យាយាមប្រើប្រាស់នូវឥទ្ធិពលគោលនយោបាយអាមេរិកឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ក្នុងនាមជាអនុប្រធានទីប្រឹក្សាសន្តិសុខជាតិ ហើយបន្ទាប់មក បានក្លាយជាប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Ronald Reagan ក្នុងចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៩ និងបន្ទាប់មកក្នុងនាមជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបក្រោមអាណត្តិរបស់ប្រធានាធិបតីអាមេរិកលោក George H.W. Bush នៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។
 
លោក Alexander Vershbow អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតង់ និងប្រទេសរុស្ស៊ី ដែលក្រោយមកបានក្លាយជាអគ្គលេខាធិការរងរបស់អង្គការនោះ ហើយនៅពេលនេះ ជាអ្នកវិភាគជាមួយក្រុមប្រឹក្សា Atlantic ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់វីអូអេផ្នែកភាសារុស្ស៊ីថា «លោក Powell ជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការជួយផ្លាស់ប្តូរគោលនយោបាយអាមេរិកក្នុងទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍១៩៩០ ដែលនៅពេលនោះ យើងអាចបញ្ចប់នូវសង្គ្រាមត្រជាក់ និងលុបបំបាត់នូវខ្សែបន្ទាត់បែងចែកនៅទូទាំងទ្វីបអឺរ៉ុប»។
 
គោលនយោបាយរបស់អាមេរិកមួយចំនួន ដែលលោក Powell បានចូលរួមពាក់ព័ន្ធក្នុងទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍៩០នោះ រួមមានការធ្វើផែនការរបស់អាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់អឺរ៉ុបខាងលិចពីការវាយប្រហារតាមជើងគោកដែលអាចកើតមានឡើង ដោយសហភាពសូវៀត៕
 
អត្ថបទនេះ ត្រូវបានផ្សាយដំបូងដោយក្រុមផ្សាយវីអូអេភាសារុស្ស៊ី
 

© រក្សាសិទ្ធិដោយ thmeythmey.com