ជាតិ
សង្គមជាតិ
លោក សុខ ឥសាន៖«អ្នកណាមិនពេញចិត្តក្រដាស៣ម៉ឺនរៀល កុំចាយ»
20, Oct 2021 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
មានមជ្ឈដ្ឋានខ្លះ ដោយក្នុងនោះ មានទាំងអ្នកប្រឆាំងផង បានរិះគន់ការបង្កើតក្រដាសប្រាក់៣ម៉ឺនរៀល ដែលដាក់រូបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនអាចនៅស្ងៀមចំពោះការរិះគន់នេះឡើយ។


 
ចាប់តាំងពីក្រដាសប្រាក់៣ម៉ឺនរៀល ត្រូវបានបោះពុម្ព និងដាក់ឲ្យចរាចរណ៍ នៅថ្ងៃទី១៨ មកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ គឺមានរយៈពេល៣ថ្ងៃហើយ ហើយលោក សុខ ឥសាន ក៏បានបញ្ចេញមតិជាប់ៗគ្នាអស់រយៈពេល៣ថ្ងៃដែរ ក្នុងន័យការពារពីការបោះពុម្ពក្រដាសប្រាក់៣ម៉ឺនរៀល ដែលមានរូបសម្តេច ហ៊ុន សែន។ លើសពីនេះ លោក ក៏បានប្រើពាក្យវាយបកទៅកាន់អ្នករិះគន់វិញដែរ។
 
តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ជូនសារទៅអ្នករិះគន់លើក្រដាសប្រាក់៣ម៉ឺនរៀលថា៖«បើអ្នកប្រឆាំងណាមិនពេញចិត្តនឹងក្រដាសប្រាក់៣ម៉ឺនរៀល កុំតែចាយទៅជាការស្រេចហើយ»។
 
លោក អ៊ុំ សំអាន មន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ និងធ្លាប់ជាតំណាងរាស្រ្ត បានសរសេរលើគណនីហ្វេសប៊ុកពីក្រៅប្រទេសថា៖«គ្មានមេដឹកនាំណាលើលោក បោះពុម្ពលុយជាតិដាក់រូបខ្លួនឯង ដែលកំពុងកាន់អំណាចនោះទេ [ព្រោះជា] Conflict of Interest [ទំនាស់ផលប្រយោជន៍] លើកលែងតែរូបមេដឹកនាំ ដែលបានស្លាប់ទៅហើយ ឬឈប់កាន់អំណាច ឬព្រះមហាក្សត្របច្ចុប្បន្ន»។
 
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងធ្លាប់ជាតំណាងរាស្រ្ត ដែលកំពុងរស់នៅឯក្រៅប្រទេសដែលនោះ ក៏បានសរសេរលើគណនីហ្វេសប៊ុកដែរថា៖«បោះក្រដាសប្រាក់ថ្មី ដើម្បីដាក់រូបខ្លួនឯង មិនកោតក្រែងពលរដ្ឋសោះ»។  
 
លោក សុខ ឥសាន ចំអកថា ក្រុមប្រឆាំង រិះគន់ការដាក់រូបសម្តេច ហ៊ុន សែន ក្នុងក្រដាសប្រាក់៣ម៉ឺនរៀល គឺដោយសារពួកគេ ច្រណែន ព្រោះមិនមានរូបរបស់ពួកគេ ក្នុងក្រដាសប្រាក់ដូចសម្តេច ហ៊ុន សែន។ លោក បន្តថា ការដាក់រូបមេដឹកនាំលើក្រដាសប្រាក់ មិនចាំបាច់ទាល់តែជាមេដឹកនាំដែលទទួលមរណភាពនោះទេ។ 
 
ក្រដាសប្រាក់៣ម៉ឺនរៀល ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ អនុញ្ញាតឲ្យធនាគារជាតិកម្ពុជា បោះពុម្ព និងដាក់ឲ្យចរចារណ៍នៅកម្ពុជា។ ផ្នែកម្ខាងនៃក្រដាសប្រាក់៣ម៉ឺនរៀលនេះ គឺមានតែព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជាមួយព្រះអង្គប៉ុណ្ណោះ។ ប៉ុន្តែផ្នែកម្ខាងទៀត គឺមានព្រះឆាយាល័ក្ខណ៍ព្រះអង្គផង និងរូបសម្តេច ហ៊ុន សែន ផង។
 
រូបជាមួយគ្នានេះ គឺសម្តេច ហ៊ុន សែន បានជិះលើព្រះរាជរថជាមួយព្រះបាទ នរោត្តម សីហនុ ពេលព្រះអង្គ ទ្រង់យាងនិវត្តមកកាន់មាតុភូមិវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។ ក្នុងរូបនេះ ព្រះអង្គ ទ្រង់មានកម្រងព្រះមាលានៅនឹងព្រះសុរង ហើយសម្តេច ហ៊ុន សែន ពាក់វ៉ែនតា ហើយព្រះអង្គ និងសម្តេច បានចាប់ដៃគ្នាលើកឡើងលើ។
 
បន្ថែមពីនេះ ផ្នែកដែលមានព្រះឆាយាល័ក្ខណ៍​ព្រះអង្គ និងរូបសម្តេច ហ៊ុន សែន ក៏មានរូបវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ និងប៉ម​អេហ្វែល ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ជាលើកទី១ហើយ ដែលកម្ពុជា បោះពុម្ពក្រដាសប្រាក់ មានរូបសម្តេច ហ៊ុន សែន ដែលកំពុងកាន់អំណាច។ 
 
ក្នុងក្រដាសប្រាក់៣ម៉ឺនរៀលនេះ មានសររសេរថា អបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១-២០២១)។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា រដ្ឋាភិបាល អនុញ្ញាតឲ្យដាក់ចរាចរណ៍ក្រដាសប្រាក់៣ម៉ឺនរៀល ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តរបស់ព្រះបាទ នរោត្តម សីហនុ។  
 
លោក សុខ ឥសាន បកស្រាយបន្ថែមថា ការដាក់ព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហនុ និងរូបសម្តេច ហ៊ុន សែន ក្នុងក្រដាសប្រាក់៣ម៉ឺនរៀល គឺជាការរម្លឹកពីឥស្សរជនទាំង២ ដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
 
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បានបង្កើតឡើង នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បី​រក្សាការពារ​សន្តិភាព ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យភាព អព្យាក្រឹតភាព បូរណភាព និង ​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​កម្ពុជា​។ កិច្ចព្រមព្រៀងនេះហើយ ដែលនាំឲ្យកម្ពុជា ឈានទៅរៀបចំការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣ ហើយកម្ពុជា ក៏ចាប់ផ្តើមមានរដ្ឋធម្មនុញ្ញថ្មី និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសភិបាលតែមួយ។ 
 
មានប្រទេស១៧ ​ដែលចូល​រួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយកម្ពុជា រួមមាន អូស្ត្រាលី ព្រុយ​ណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី សហភាពសូវៀត ថៃ អង់គ្លេស អាម៉េរិក និង​ វៀតណាម​។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គឺជាខួប៣០ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងដ៏សំខាន់នេះ៕ 

Tag:
 សុខ ឥសាន
  ក្រដាស៣ម៉ឺនរៀល
© រក្សាសិទ្ធិដោយ thmeythmey.com