កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer៖ បើចង់រិះគន់ Ronaldo សូមមើលការប្រកួតដែល Man Utd វាយបកតាមឈ្នះ Atalanta
21, Oct 2021 , 10:30 am        
រូបភាព
លោក Ole Gunnar Solskjaer សរសើរ Cristiano Ronaldo ពេញទំហឹងបន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះជួយ Manchester United វាយបកយកឈ្នះក្រុម Atalanta វិញក្នុងលទ្ធផល ៣-២ ក្នុងការប្រកួត​ UEFA Champions League។ អ្នកចាត់ការបិសាចក្រហម ថែមទាំងឆ្លើយតបទៅអ្នករិះគន់ទម្រង់លេង Ronaldo ថាបើចង់ដឹងច្បាស់មើលការប្រកួតនេះទៅ។



អ្នកចាត់ការទូទៅ Man Utd បានផ្តោតលើអ្នកដែលរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ Ronaldo ខណៈប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះបានជួយបិសាចក្រហមទទួលបាន៣ពិន្ទុបន្ថែម នៅវគ្គសន្សំពិន្ទុពូល F នៃក្របខណ្ឌអឺរ៉ុប នារាត្រីថ្ងៃទី២០ ខែតុលា។
 
Ronaldo ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះនៅនាទី៨១ បន្ទាប់ពី Marcus Rashford និង Harry Maguire រកបានគ្រាប់តាមស្មើនៅនាទី៥៣ និង៧៥ មុនពេល Atalanta នាំមុខ ២-០ មុន នៅតង់ទី១ តាមរយៈកីឡាករ Mario Pasalic និង Merih Demiral។
 
មុនជំនួបនេះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ បានរងការរិះគន់យ៉ាងខ្លាំងពីអតីតកីឡាករបាល់ទាត់ល្បីៗមួយចំនួនអំពីទម្រង់លេងរបស់គេ។ ប៉ុន្តែលោក Solskjaer បង្ហាញថា ជ័យជម្នះរបស់ក្រុមយប់មិញនេះបញ្ជាក់ថា Ronaldo គឺល្អប៉ុណ្ណា។



អ្នកចាត់ការសញ្ជាតិន័រវែសបានប្រាប់ទូរទស្សន៍ BT Sport ថា៖ « បន្ទាប់ពី Rashford និង Maguire ខ្ញុំមិនគិតថាអ្នកទាំងអស់គ្នារំពឹងថា Ronaldo អាចរកគ្រាប់បាល់បាននោះទេ។ Ronaldo អស្ចារ្យណាស់ក្នុងការសម្រេចទីគូប្រជែង។ ប្រសិនបើនរណាម្នាក់ចង់រិះគន់គាត់ចំពោះការខិតខំប្រឹងប្រែងកន្លងមក លោកអ្នកគ្រាន់តែមើលការប្រកួតនេះទៅដឹងហើយ។ ចូលមើលពីរបៀបដែលគាត់រត់ជុំវិញទីលាននោះទៅ»។
 
Solskjaer បន្ថែមថា លោកពិតជាពេញចិត្តចំពោះរបៀបដែល Ronaldo ព្យាយាមរត់រកចន្លោះដើម្បីមានឱកាសសម្រេចទីក្នុងការជួយ Man Utd កើន៣ពិន្ទុបន្ថែមនេះណាស់។
តាមរយៈជ័យជម្នះនេះ Man Utd ឡើងឈរកំពូលតារាងពូល F មាន៦ពិន្ទុក្រោយការប្រកួត៣លើក តាមពីក្រោយដោយ Atalanta ដែលមាន៤ពិន្ទុ។ Villarreal ស្ថិតនៅចំណាត់ថ្នាក់ទី៣មាន៤ពិន្ទុដែរ ក្រោយពួកគេឈ្នះ Young Boys ៤-១។ 
 
លទ្ធផលការប្រកួតតាមពូលដទៃទៀត៖
ពូល E
Barcelona ១-០  Dynamo Kyiv
Benfica ០-៤ Bayern Munich
ពូល G 
RB Salzburg ៣-១ Wolfsburg
Lille ០-០ Sevilla
ពូល H
Chelsea ៤-០ Malmö FF
Zenit St Petersburg ០-១ Juventus

Tag:
 Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com