ជាតិ
សង្គមជាតិ
សង្គមកម្ពុជា យល់ដឹងច្រើនពីក្រុមអ្នកប្តូរភេទ តែការសើចចំអក និងការរើសអើង នៅតែមាន
23, Oct 2021 , 8:30 am        
រូបភាព
រូបទង់ជាតិតំណាងឱ្យអ្នកស្រលាញ់ភេទដូចគ្នា។ រូបថត៖ ពីគេហទំព័រ​ UNDP
រូបទង់ជាតិតំណាងឱ្យអ្នកស្រលាញ់ភេទដូចគ្នា។ រូបថត៖ ពីគេហទំព័រ​ UNDP
ដោយ៖ ស៊ូ សុគន្ធា
 
ភ្នំពេញ៖ ពាក្យកាត់ LGBTQ+ គឺសំដៅលើក្រុមមនុស្សប្តូររាងកាយ ប្តូរយេនឌ័រ ឬ ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ជាដើម។ ក្រុមមនុស្សប្រភេទនេះ​មិនថានៅកម្ពុជា ឬនៅប្រទេសផ្សេងៗជុំវិញពិភពលោកទេ គឺនៅតែរងការរើសអើងពីសង្គម។ សម្រាប់កម្ពុជា ដ្បិតបច្ចុប្បន្នការរើសអើងពីសង្គមលើក្រុមមនុស្សទាំងនេះ ត្រូវបានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលស្ថានភាពជាក់ស្តែកនៅតាមជនបទ ឬតំបន់ដាច់ស្រយាលវិញ ក្រុមអ្នកទាំងនោះ គឺមិនមានសិទិ្ធគ្រប់គ្រាន់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយឡើយ។


 
កញ្ញា យាន ឌីណា បានប្តូរយេនឌ័រ (ពីបុរសមកជាស្រី្ត)  ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩។ ក្រោយប្តូរយេនឌ័រហើយភ្លាមៗ កញ្ញា តែងតែទទួលបានការសើចចំអកពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជាមួយខ្លួននៅក្នុងខេត្តត្បូងឃ្មុំ។  ប៉ុន្តែ បច្ចុប្បន្ន ឌីណា ហាក់ទទួលបានការឱ្យតម្លៃ និងទទួលស្គាល់ពីមជ្ឈដ្ឋាននៅជុំវិញខ្លួន។  

បើតាមកញ្ញា ឌីណា ស្ថានភាពអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាមានសភាពល្អគ្រាន់បើ ព្រោះតែសង្គមសព្វថ្ងៃចាប់ផ្តើមបើកចិត្តកាន់តែច្រើន ក្នុងការទទួលស្គាល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក្រុមប្តូរយេន ឬ ក្រុម LGBTQ+។ កញ្ញា បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey ថា៖« ការទទួលស្គាល់ពីសង្គម គឺមានសំខាន់ជាទីបំផុតសម្រាប់ខ្ញុំ ព្រោះខ្ញុំក៏ចង់ទទួលបាននូវការពេញចិត្ត និងមើលថែពីអ្នកដទៃដូចប្រជាជនទូទៅដែរ»។

ជាមួយគ្នានេះ លោក ជី សុខុម ដែលជាអ្នកប្តូរយេនឌ័រពីស្រីមកប្រុស ក៏បានលើកឡើងមិនខុសពី កញ្ញាឌីណា ប៉ុន្មានដែរ។ បុរសកំពុងរស់នៅក្នុងខេត្តពោធិ៍សាត់រូបនេះ បានលើកឡើងថា ខ្លួន ធ្លាប់ទទួលការរើសអើងនិងការមើលងាយតាំងពីកុមារភាពមកម្ល៉េះ ព្រោះតែការស្លៀកពាក់ ឬការរៀបចំខ្លួនរបស់ សុខុម ដូចបុរស។

បុរសដែលមានវ័យជាង៦០ឆ្នាំនេះ បានបញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តប្តូរយេនឌ័រនេះ គឺដោយសារតែលោកចង់រស់នៅដែលមានសិទ្ធិសេរីភាពផ្ទាល់ខ្លួន និងចង់រៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលមានភេទពីកំណើតដូចគ្នា។ បើតាមលោក សុខុម សព្វថ្ងៃត្បិតសង្គមហាក់ដូចជាឱ្យតម្លៃច្រើនដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរយេនឌ័រ ក៏ពិតមែន ប៉ុន្តែសម្រាប់លោកផ្ទាល់ចង់ឱ្យសង្គមខ្មែរ មានច្បាប់រៀបអាពាហ៍ពិពាហ៍ស្របច្បាប់ចំពោះក្រុមអ្នកស្រលាញ់ដូចគ្នា  ដូចទៅនឹងបុរស-ស្រ្តី ទូទៅ ផងដែរ។ ​

ការវិវត្តរបស់សង្គម និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា  បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់ដឹងច្រើនពីការឱ្យតម្លៃដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។

ប៉ុន្តែកញ្ញា លី ពិសី អ្នកសម្របសម្រួលនៅសហគមន៍ឥន្ទធនូកម្ពុជា (RoCK) យល់ឃើញថា ត្បិតការស្រលាញ់ភេទដូចគ្នានាពេលបច្ចុប្បន្ន បានបើកទូលាយច្រើនក៏ពិតមែន  ប៉ុន្តែសភាពនៃការរើសអើងយេនឌ័រទៅលើសហគមន៍ LGBTQ+ នៅតែមាន ដោយពលរដ្ឋទូទៅតែងកំណត់ថា ក្រុម LGBTQ+  គឺប្លែកពីគេដែលពិបាកចូលរួមក្នុងសង្គម។

អ្នកសម្របសម្រួលនៅសហគមន៍ឥន្ទធនូកម្ពុជា និងជាអ្នកដែលស្រលាញ់ភេទដូចគ្នារូបនេះ តែងតែរងនូវការបៀតបៀនដោយពាក្យសម្តីថា «តើជាស្រីឬក៏ប្រុសហ្នឹង?»។ កញ្ញា បានបញ្ជាក់ថា ការរើសអើងទៅលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា គឺមានចាប់ពីគ្រួសារ សាលារៀន កន្លែងធ្វើការ សហគមន៍ រហូតដល់សង្គម។

កញ្ញា លី ពិសី បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«រវាងអ្នកប្តូរយេនឌ័រពីប្រុសទៅស្រី និងអ្នកប្តូរយេនឌ័រពីស្រីទៅប្រុស ភាគច្រើនក្រុមដែលទទួលរងការរិះគន់និងរើសអើងជាងគេ គឺបុរស ដោយសារការកំណត់ពីសង្គមដែលថា បុរសដើមទ្រូងប្រាំហាត់»។

របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលមានចំណងជើងថា «Protection against violence and Discrimination based on sexual orientation and gender identity»​ បានបង្ហាញថា ឆ្នាំ២០២០ ជំងឺកូវីដ-១៩បានបង្កឱ្យមានជីវភាពក្រុមអ្នកប្តូររាងកាយ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក្រុមអ្នកស្រលាញ់ភេទទាំងពីរ (LGBT) កាន់តែលំបាកជាងមុន។ របាយការណ៍នេះ បានបញ្ជាក់ថា  មូលហេតុ ដែលធ្វើឱ្យក្រុមមនុស្សទាំងនេះ មានស្ថានភាពកាន់តែលំបាក គឺដោយសារវិសមភាព និងការរើសអើងពីសង្គម។

បើតាម​របាយការណ៍ដដែល បញ្ហាគោលចំនួន៥ ដែលកើតឡើងលើយុវជនសហគមន៍ LGBTនោះ មាន ការថយចុះនៃការចូលរួមអភិវឌ្ឍ, ការកើនឡើងនូវការមិនជឿជាក់លើខ្លួនឯង, វិបត្តិសេដ្ឋកិច្ច, ការមិនមានមុខរបរ និង ការមិនមានគេហដ្ឋានច្បាស់លាស់៕


Tag:
 LGBTQ+
© រក្សាសិទ្ធិដោយ thmeythmey.com