ជាតិ
សង្គមជាតិ
វៀតណាម និងថៃ ជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា
23, Oct 2021 , 9:30 am        
រូបភាព
 
ភ្នំពេញ៖ កសិផលកម្ពុជាមួយចំនួនធំ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម និងថៃ ដែលជាទីផ្សារប្រពៃណីរបស់កម្ពុជា។ បើតាមទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំចេញទៅវៀតណាម មានចំនួន ៦៤,១១ភាគរយ, ថៃ ២១,៤៩ ភាគរយ ខណៈចិនមានត្រឹម ៦,៦៩ភាគរយ និងគោលដៅប្រទេសដទៃទៀតចំនួន ៤,៧១ភាគរយប៉ុណ្ណោះ។



នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ តុលា បានបកស្រាយជុំវិញចម្ងល់ផ្សេងៗទាក់ទងនឹងវិស័យកសិកម្ម។ ក្នុងនោះលោក វេង សាខុន ក៏បានលើកឡើងពីមូលហេតុដែលកម្ពុជានាំចេញកសិផលត្រឹមតែប្រទេសជិតខាងផងដែរ។
រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន

បើតាមការបកស្រាយរបស់រដ្ឋមន្រ្តីកសិកម្មរូបនេះ ប្រទេសថៃ និងវៀតណាម ជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ។ លោក វេង សាខុន អះអាងថា ប្រទេសទាំង២ បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភពលោកមុនកម្ពុជា ដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ ជាមួយគ្នានេះ ប្រទេសទាំងពីរ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង សម្រាប់ពិភពលោកមុនកម្ពុជា ក្នុងនោះកម្ពុជា និងប្រទេសមួយចំនួន ជាទីភ្នាក់ងារផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃរបស់ប្រទេសទាំងពីរ។

ជុំវិញបញ្ហាកែច្នៃនេះ រដ្ឋមន្រ្តីកសិកម្ម រំពឹងយ៉ាងដូច្នេះ៖ «ក្នុងពេលខាងមុខ នៅពេលកម្ពុជាមានការអភិវឌ្ឍខ្សែច្រវាក់តម្លៃ សមត្ថភាពកែច្នៃ និងហេដ្ឋរចនាសម្ព័ន្ធភស្តុភារកម្មពាក់ព័ន្ធបានមួយកម្រិតបន្ថែមទៀត នឹងជំរុញឱ្យមានការស្រូបយកវត្ថុធាតុដើម មកកែច្នៃពង្រីកការនាំចេញទៅកាន់ទីផ្សារមានសក្តានុពលដូចជាចិន និងបណ្តាប្រទេសដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីកាត់បន្ថយការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសទាំងពីរ»។

ទាក់ទងនឹងការនាំចេញនេះ ក្រៅពីប្រទេសជិតខាងទាំងពីរ កម្ពុជា ក៏បាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោកចំនួន៩០ប្រទេស ក្នុងរយៈពេល៣ឆ្នាំចុងក្រោយផងដែរ។ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួន ៦៤,១១ភាគេយ, ប្រទេសថៃ ចំនួន២១,៤៩ភាគរយ, ប្រទេសចិន ចំនួន ៦,៦៩ភាគរយ និងគោលដៅប្រទេសដទៃទៀតចំនួន ៤,៧១ភាគរយ៕






Tag:
 កសិកម្ម
  ការនាំចេញ
  វៀតណាម
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com