ជាតិ
សង្គមជាតិ
សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាប ជាប់ជ័យលាភីជាសាលាមេត្រីបរិស្ថាន
23, Oct 2021 , 10:40 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅសង្កាត់អង្គរធំ ក្រុងសៀមរាប បានជាប់ជ័យលាភីជាសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ដោយទទួលបានប្រាក់៤លានរៀល ពីក្រសួងបរិស្ថាននៅឆ្នាំ២០២១។ សកម្មភាពនៃការប្រកួតប្រជែងនេះ បានធ្វើឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មានចំណេះដឹងផ្នែកបរិស្ថាន ដើម្បីយកមកអនុវត្តនៅក្នុងសហគមន៍បន្ត។



សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជ័យលាភីប្រាក់៤លានរៀន ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១។ នេះបើតាមក្រសួងបរិស្ថានថ្ងៃទី២១ ខែតុលា។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ជាពិសេសការរៀបចំឲ្យសាលរៀន និងភូមិដ្ឋានស្អាតនៅតាមសហគមន៍ បានបង្ហាញពីស្មារតីចេះទទួលខុសត្រូវចំពោះការស្រឡាញ់ និងប្រតិបត្តិមេត្រីភាពបរិស្ថាន។
«វាល្អប្រសើរទៅថ្ងៃអនាគតសម្រាប់កូនចៅយើងគ្រប់ៗគ្នា។ ការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន បានផ្តល់ចំណេះដឹងបរិស្ថានបន្ថែម ដល់សាធារណៈជនក្នុងការគ្រប់គ្រងអនាម័យបរិស្ថាន និងធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពខ្ពស់»។ នេះជាការបកស្រាយរបស់ សៅ សុភាព។

រដ្ឋលេខាធិការក្រសួងបរិស្ថានរួបនេះ បានបន្ថែមថា ការប្រកួតប្រជែងសាលាមេត្រីភាពបរិស្ថានត្រូវ អនុលោមទៅតាមក្របខណ្ឌការងារអាស៊ានស្តីពីសាលាមេត្រីបរិស្ថាន។ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំឱ្យមានការណែនាំ ដោយផ្តោតលើលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា៖ មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន, មានការបង្រៀនមេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថាន, មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន, មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករណ៍រវាស់វែងចំនួន១៨។
 
បើតាមលោក សៅ សុភាព ក្រសួងបរិស្ថាន រួមជាមួយក្រសួងនានា ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំជំរុញឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ រដ្ឋលេខាធិការក្រសួងបរិស្ថានរួបនេះ លើកទឹកចិត្តឲ្យគណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសហគមន៍ បន្តចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថាននេះ ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យជីវិតរស់នៅកាន់តែស្រស់បំព្រងផងដែរ។
ពានរង្វាន់សាលាមេត្រីបរិស្ថានជាតិ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសកម្ពុជាបាន អនុម័តសេចក្តីណែនាំថ្នាក់ជាតិស្តីអំពី ពានរង្វាន់សាលាមេត្រីបរិស្ថាន ដោយអនុលោមតាមគោលការណ៍ណែនាំ និងពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន៕


 

Tag:
 ក្រសួងបរិស្ថាន
  ជ័យលាភី
  សាលាមេត្រីបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com