សង្គមជាតិ
ពូជស្វាក្រវ៉ាត់ ត្រូវបានស្ដារនីតិសម្បទា ដោយជោគជ័យ
23, Oct 2021 , 4:34 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ក្រុមថែរក្សានិងសង្គ្រោះសត្វព្រៃ ក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ បានស្ដារនីតីសម្បទាសត្វស្វាក្រវ៉ាត ដែលប្រភេទសត្វកម្រដោយជោគជ័យ ក្នុងឆ្នាំ២០២១។
លោក កែវ កុសល ជាបុគ្គលមើលថែដំរី និងស្វាក្រវ៉ាត់នៅក្នុងមជ្ឃមណ្ឌល សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា ការមើលថែស្វាក្រវ៉ាត់ជារឿងមួយលំបាក ព្រោះប្រភេទសត្វនេះ ត្រូវការយកចិត្តទុកដាក់ នឹងបំបៅដូចជាកូនមនុស្សដែរ។ រៀងរាល់ពីរម៉ោងម្ដង លោកត្រូវបំបៅទឹកដោះពួកវា មិនថា ពេលយប់ឬថ្ងៃនោះទេ ។ ចំណែកឯ របបអាហារប្រចាំថ្ងៃ ក៏ត្រូវកម្រិតឱ្យបានត្រឹមត្រូវដូចគ្នា។



លោក កុសល បន្តថា ទម្រាំជោគជ័យក្នុងការស្ដារនីតិសម្បទាសត្វប្រភេទនេះ ត្រូវការចាយពេលជាង១ឆ្នាំ ដើម្បីរកវិធីធ្វើយ៉ាងណាកុំឱ្យពួកវាងាប់។ បើតាមលោក កុសល សកម្មភាពនៃការស្ដារនីតិសប្បទាសត្វក្រវ៉ាត់ ចាប់ផ្តើមនៅក្នុង២០១៩មកម្លេះ តែមិនជោគជ័យទេ ដោយសារស្វាទាំងនោះ តែងងាបទៅវិញ ក្រោយពេលយកមកដល់កន្លែងស្ដារនីតិសម្បទា ។

« សត្វដែលងាប់ទៅវិញភាគច្រើន ពួកវាជ្រុលពេលមើលថែ មានន័យថា ខ្លះវានៅតូចខ្លាំងហើយបាក់ទឹកដោះ និងមានខ្លះទៀតឈឺរហូតដល់យើង មិនអាចជួយសង្គ្រោះបាន។ មួយវិញទៀតពេលដំបូង ក្រុមការងារមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការមើលថែពួកវាផង»។  នេះជាពន្យល់ របស់លោក កុសល។
រូបភាពដោយ អង្គការសម្ព័នមិត្តសត្វព្រៃ

លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សានិងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបន្ថែមថា ការបរាជ័យលើការស្ដានីតិសម្បទាសត្វស្វាក្រវ៉ាត់នេះ ដោយសារក្រុមការងារមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ទាក់ទងនឹងបច្ចេកទេស មើលថែរក្សាសត្វប្រភេទនេះ ។   

« ក្នុងឆ្នាំ២០២១នេះ ស្វាក្រវ៉ាត នៅរស់ទាំងអស់ ក្រោយយើងស្ដារនីតិសម្បទា។  ពួកយើងអាចសិក្សា និងស្រាវជ្រាវពីវិធីសាស្ត្រ មើលថែ ចិញ្ចឹម ដើម្បីធ្វើយ៉ាងណាឱ្យចំនួនពួកវា កើនឡើងនៅក្នុងព្រៃធម្មជាតិ»។ នេះជាការពន្យល់របស់លោក ទ្រី ស៊ីថេង។

លោក ស៊ីថេង បានបន្ថែមថា ៖« នៅប្រទេសកម្ពុជាមានតែភ្នំតាម៉ៅមួយទេ ដែលមានកន្លែងមើលថែ ព្យាបាល បង្កាត់ពូជសត្វ។ ពេលនេះសត្វក្រវ៉ាតនៅភ្នំតាម៉ៅ មានប្រាំក្បាល មានឈ្មោលពីរ ញីបី។ ក្រៅពីនេះ នៅមានថ្មីមួយទៀតដែលទើបនឹងមកថ្មីៗ ជាកូនស្វាញី។ យើងត្រូវដាក់វានៅដោយឡែកប្រហែល១៤ថ្ងៃ ទើបយើងដាក់វាបញ្ចូលគ្នាបាន»។

បើតាមលោក ស៊ីថេង ក្រុមការងាររបស់លោកបានដាក់សត្វស្វាក្រវ៉ាត់ទាំងនេះ ឱ្យនៅជាមួយគ្នា ដើម្បីដំណើរការសកម្មភាពបង្កាត់ពូជបន្តទៀត។ « សព្វថ្ងៃយើងដាក់ឱ្យស្វាទាំងញី និងឈ្មោលនៅជាមួយគ្នាក្នុងទ្រុង ដើម្បីឱ្យពួកវាស៊ាំនឹងគ្នា ហើយថ្ងៃក្រោយវត្តមានកូនសត្វស្វាក្រវ៉ាត់ នឹងមាននៅពេលបន្ទាប់។ ខ្ញុំសង្ឃឹមថា សត្វកម្រប្រភេទនេះ នឹងអាចមានវត្តមានកើនជាងមុន នៅក្នុងព្រៃធម្មជាតិនៅ ដែលពួកយើងជោគជ័យ លើគម្រោងក្នុងការបង្កាត់ពូជពួកវា»។ នេះជាការបកស្រាយរបស់លោកទ្រី ស៊ីថេង៕

 







Tag:
 សួនសត្វ
  ស្ដានីតិសប្បទា
  ស្វាក្រវ៉ាត
© រក្សាសិទ្ធិដោយ thmeythmey.com