ជាតិ
សង្គមជាតិ
យុវតីវ័យ២៤ឆ្នាំ ជាស សៀងឡា ពីនិស្សិតកសិកម្ម ក្លាយជាកសិករគំរូនៅខេត្តកំពង់ស្ពឺ
23, Oct 2021 , 7:59 pm        
រូបភាព
កញ្ញា​ ជាស​ សៀងឡា​ កសិករ​គំរូ​នៅខេត្ត​កំពង់ស្ពឺ​។ រូប​ភាព​ផ្ដល់ដោយ​កញ្ញា​ ជាស​ សៀងឡា​
កញ្ញា​ ជាស​ សៀងឡា​ កសិករ​គំរូ​នៅខេត្ត​កំពង់ស្ពឺ​។ រូប​ភាព​ផ្ដល់ដោយ​កញ្ញា​ ជាស​ សៀងឡា​
 
ភ្នំពេញ៖ មានវ័យ២៤ឆ្នាំ កញ្ញា ជាស សៀងឡា បានក្លាយជាកសិករវ័យក្មេងគំរូ និងឆ្នើម ដែលមានសមត្ថភាពលើការដាំដុះបន្លែ និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងមូលដ្ឋាន។ យុវតីរូបនេះ បានចាប់ផ្ដើមដាំដុះបន្លែ នៅឆ្នាំ២០១៩ គ្រាដែលនាងកំពុងសិក្សាឆ្នាំទី២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ បច្ចុប្បន្ន សៀងឡា កំពុងជោគជ័យលើរបរកសិកម្ម ដោយមានគម្រោងពង្រីកការដាំដុះបន្ថែមទៅថ្ងៃអនាគត។



កើតក្នុងគ្រួសារកសិករនៅភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កញ្ញា ជាស សៀងឡា មានចំណូលចិត្តលើវិស័យកសិកម្មដូចឪពុកម្ដាយរបស់ខ្លួន។ ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សៀងឡា បានសម្រេចចិត្តជ្រើសរើសជំនាញកសិកម្ម ដើម្បីបន្តការសិក្សាថ្នាក់ឧត្តម។
សៀងឡា រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត យ៉ាងដូច្នេះ៖ «មូលហេតុដែលធ្វើឱ្យខ្ញុំចាប់យកជំនាញកសិកម្ម គឺដោយសារខ្ញុំកើតក្នុងគ្រួសារកសិករ ដូច្នេះខ្ញុំចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងភូមិស្រុកខ្ញុំ។ ហើយការអភិវឌ្ឍនៅក្នុងភូមិស្រុកខ្ញុំ មានភាពងាយស្រួល អាចធ្វើឱ្យខ្ញុំដាំដុះ ចិញ្ចឹមសត្វ និងបណ្ដុះផ្សិតផ្សេងៗ ដែលជាតម្រូវការខ្លាំងនៅក្នុងមូលដ្ឋានរបស់ខ្ញុំ»។

តាមរយៈការដាំដុះ និងចិញ្ចឹមសត្វក្នុងមូលដ្ឋាននេះ យុវតី សៀងឡា អះអាងថា របរទាំងនេះ អាចធ្វើឱ្យនាងរកបានប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុក។ ម្យ៉ាងវិញទៀត យុវតីរូបនេះ ចង់ធ្វើជាគំរូដល់កសិករដទៃ ពិសេសយុវជនក្នុងសហគមន៍របស់នាង ដែលមានកម្លាំងពេញលេញ កុំឱ្យពួកគេចំណាកស្រុក ដោយងាកមកមើលវិស័យកសិកម្មនៅក្នុងស្រុកភូមិវិញ។

ចាប់ផ្ដើមដំបូងគ្មានអ្នកលើកទឹកចិត្ត តែការប្រឹងប្រែងរហូតបានផលល្អ ធ្វើឱ្យគ្រួសាររីករាយវិញ

ចាប់ផ្ដើមដាំដុះដំបូងនៅឆ្នាំ២០១៩ ក្នុងនាមជានិស្សិតឆ្នាំទី២ យុវតី ជាស សៀងឡា មិនត្រូវបានក្រុមគ្រួសារលើកទឹកចិត្តឱ្យដាំដុះនោះទេ។ យុវតី សៀងឡា លើកឡើងថា៖ «ជាក់ស្ដែង នៅពេលចាប់ផ្ដើមដំបូង មិនសូវមានការលើកទឹកចិត្តពីគ្រួសារ និងមជ្ឈដ្ឋានជុំវិញនោះទេ។ ដោយពួកគាត់យល់ថា យើងជានិស្សិតរៀនដល់ឆ្នាំទី២ហើយ ហេតុអ្វីមកដាំដុះដូចកសិករនៅក្នុងភូមិដែរ ហេតុអ្វីមិនទៅធ្វើការងារអ្វីផ្សេង ដែលមានភាពងាយស្រួលជាងការងារកសិកម្ម ដែលប្រើកម្លាំងហត់»។

ពាក្យពេចន៍ខាងលើនេះ ត្រូវបានយុវតី សៀងឡា ចាត់ទុកជាបញ្ហាប្រឈមសម្រាប់រូបនាងនាពេលចាប់ផ្ដើមដំបូង។ ប៉ុន្តែពាក្យទាំងនេះ មិនចោទជាបញ្ហាខ្លាំង ឬនាំឱ្យនាងបាក់ទឹកចិត្តឡើយ។ បើតាមយុវតីវ័យ២៤ឆ្នាំរូបនេះ ការប្រឹងប្រែង ជម្នះឧបសគ្គ រហូតទទួលបានជោគជ័យ បានធ្វើឱ្យគ្រួសារ និងមជ្ឈដ្ឋានជុំវិញមើលឃើញពីតម្លៃរបស់កសិកម្ម ពិសេសគ្រួសាររបស់នាង បានជួយនាងបន្ថែមលើការងារនេះផងដែរ។

គ្រានោះ សៀងឡា បានដាំបន្លែស្លឹករួមមាន ស្ពៃ និងសាលាដ លើទីវាលដែលមានផ្ទៃដី ៣០អា ក្នុងបរិវេលាផ្ទះរបស់នាង។ រហូតដល់ឆ្នាំ២០២០ សៀងឡា បានពង្រីកការដាំដុះបន្ថែមលើផ្ទៃដី ៦០អា។  


ការមិនរុញរា និងមិនបោះបង់ ធ្វើឱ្យយុវតី សៀងឡា ទទួលបានជំនួយផ្ទះសំណាញ់ពីកម្មវិធី ASPIRE

តាមរយៈការខិតខំប្រឹងប្រែង ជម្នះឧបសគ្គលើការដាំដុះបន្លែ សៀងឡា បានក្លាយជាកសិករគំរូមួយរូបក្នុងសហគមន៍មួយនៃខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះ សមត្ថភាព និងភាពលេចធ្លោរបស់កសិករវ័យក្មេងរូបនេះ បានទាក់ចិត្តមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដោយបានផ្ដល់ផ្ទះសំណាញ់មួយខ្នងរបស់កម្មវិធី ASPIRE ជូនដល់នាងសម្រាប់ដាំដុះបន្លែសុវត្ថិភាពផងដែរ។

ក្រោយបន្លែដាំដុះក្នុងផ្ទះសំណាញ់ មានគុណភាពល្អ និងមានទីផ្សារ បានធ្វើឱ្យកសិករដទៃ ចាប់អារម្មណ៍ និងចង់រៀនសូត្រពីនាង។ កញ្ញា ជាស សៀងឡា និយាយបែបនេះ៖«មកដល់បច្ចុប្បន្ន ការធ្វើកសិកម្មរបស់ខ្ញុំទទួលបានជោគជ័យ ហើយមានប្រជាជននៅក្នុងមូលដ្ឋាន និងសមាជិកនៅក្នុងបណ្ដុំកសិកម្ម បានមកសុំរៀនសូត្រពីបច្ចេកទេសនៃការដាំដុះបន្លែសុវត្ថិភាពពីខ្ញុំផងដែរ។ ខ្ញុំក៏បានចែករំលែកចំណេះដឹងផ្សេងៗជូនពួកគាត់»។

សម្រាប់និស្សិតបញ្ចប់ការសិក្សាជំនាញកសិកម្មរូបនេះ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ មិនមានផលលំបាក ឬបញ្ហាប្រឈមនោះទេ ពោលអាចធ្វើឱ្យនាងដាំដុះបានទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ជាមួយគ្នានេះ ការដាំដុះក្នុងផ្ទះសំណាញ់ ងាយស្រួលក្នុងការគ្រប់គ្រងទឹក និងជី ដោយសារការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រពលើដំណាំ។ លើសពីនេះ ជួយកាត់បន្ថយការបំផ្លាញ់របស់ពួកសត្វចង្រៃ និងមិនប្រើថ្នាំពុល ពិសេសផ្ដល់ទន្និផលខ្ពស់ បើធៀបនឹងការដាំដុះនៅទីវាល។


ចង់ឱ្យពលរដ្ឋក្នុងមូលដ្ឋាន មានសុខភាពល្អ តាមរយៈការទទួលទានបន្លែសុវត្ថិភាព


បន្ទាប់ពីទទួលបានផ្ទះសំណាញ់ពីកម្មវិធី ASPIRE កញ្ញា សៀងឡា បានជ្រើសរើសការដាំដុះបន្លែសុវត្ថិភាពបន្ថែមលើការដាំដុះនៅទីវាល។ កសិករវ័យក្មេងរូបនេះ ចង់ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុខភាពល្អ តាមរយៈការបរិភោគបន្លែសុវត្ថិភាព។ កញ្ញា សៀងឡា អះអាងថា បន្លែរបស់នាងដាំមានគុណភាព មានប្រភពច្បាស់លាស់ជូនដល់អតិថិជន និងអ្នកបរិភោគ។  
ចំពោះទីផ្សារវិញ មិនជាបញ្ហាចោទឡើយ ដោយ សៀងឡា បានចូលរួមក្នុងបណ្ដុំកសិករ ដែលងាយស្រួលក្នុងការផ្គត់ផ្គង់ និងនាំចេញបន្លែ។ បន្លែរបស់កញ្ញា សៀងឡា រួមទាំងកសិករនៅក្នុងបណ្ដុំកសិកម្ម ត្រូវបានចែកចាយនៅក្នុងតំបន់, ក្នុងហាង និងផ្សារទំនើបក្នុងរាជធានី-ខេត្តមួយចំនួន និងចែកចាយទៅអតិថិជនដែលបានចុះកិច្ចសន្យាទិញបន្លែផងដែរ។

យុវតី សៀងឡា៖ «របរកសិកម្ម ជួយជីវភាពគ្រួសារខ្ញុំ និងការសិក្សាខ្ញុំ»

យុវតី ជាស សៀងឡា អាចប្រមូលផលបន្លែប្រមាណ ៦០គីឡូក្រាមក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូក្រាម ៥០០០រៀល។ ក្នុងផ្ទះរបស់យុវតី សៀងឡា មានចិញ្ចឹមសត្វ និងដាំដុះបន្លែដូចជា ស្ពៃក្រញាញ់, ស្ពៃតឿ, ស្ពៃចង្កឹះ, ឆៃថាវ, ដើមខាត់ណា, តាសក់, ត្រឡាច និងននោង ដែលដាំដុះក្នុងផ្ទះសំណាញ់ និងទីវាល។

ក្នុងមួយខែ សៀងឡា អាចរកចំណូលបាន ១លាន៤សែនរៀល ទៅ១លាន៦សែនរៀល ពីការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលមានទំហំ១០ម៉ែត្រគុណនឹង២៥ម៉ែត្រ។ ក្រៅពីចំណូលលើការដាំដុះក្នុងផ្ទះសំណាញ់ យុវតី សៀងឡា មានចំណូលបន្ថែមទៀត គឺការដាំដុះដំណាំនៅទីវាល និងការចិញ្ចឹមសត្វ។ «តាមរយៈវិស័យកសិកម្មនេះ គឺជួយជីវភាពគ្រួសារខ្ញុំឱ្យប្រសើរឡើង ទាំងការសិក្សារបស់ខ្ញុំ ទាំងជីវភាពរបស់អាណាព្យាបាលខ្ញុំ»។ នេះជាការលើកឡើងរបស់កញ្ញា សៀងឡា ដោយបន្តថា ទៅថ្ងៃអនាគត នាងនឹងពង្រីកផ្ទៃដីដាំដុះ និងបន្ថែមផ្ទះសំណាញ់ឱ្យបានច្រើនខ្នង ដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានគ្រប់គ្រាន់។

កសិករវ័យក្មេងរូបនេះ សប្បាយចិត្តចំពោះការងារកសិកម្មរបស់ខ្លួន ដែលមានការទទួលស្គាល់ពីមន្ទីរកសិកម្ម និងប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពង់ស្ពឺ ពិសេសការលើកទឹកចិត្ត និងការផ្ដល់សម្ភារផ្សេងៗពីកម្មវិធី ASPIRE ។ សៀងឡា ជំរុញឱ្យយុវជនមានវ័យប្រហាក់ប្រហែលនាង គួរចាប់យកវិស័យកសិកម្ម ដែលអាចដាំដុះ និងរកលុយនៅក្នុងផ្ទះរៀងៗខ្លួន ដោយមិនបាច់ចំណាកស្រុក។ សៀងឡា លើកទឹកចិត្តដូច្នេះ៖ «ជាស្ត្រី សូមកុំគិតថាការងារកសិកម្ម ជាការងារមួយដែលហត់។ ការងារកសិកម្ម មិនហត់ទេ បើសិនជាធ្វើដោយយកបច្ចេកវិទ្យា ឬធាតុគោលថ្មីៗ គឺមានភាពងាយស្រួល មិនហត់ដូចការធ្វើកសិកម្មបែបបុរាណនោះទេ។ បុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដែរ»៕

Tag:
 កសិកម្ម
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com