ជាតិ
សង្គមជាតិ
អ្នកជំនាញ៖ បុរសប្តូរយេនឌ័រទៅស្រី្ត មានការរើសអើងជាងស្ត្រីប្តូរយេនឌ័រទៅបុរស
24, Oct 2021 , 3:59 pm        
រូបភាព
កញ្ញា លី ពិសី, អ្នកស្រី សេង រាសី និង​លោក លឹម បូរិន​
កញ្ញា លី ពិសី, អ្នកស្រី សេង រាសី និង​លោក លឹម បូរិន​
ដោយ៖ ស៊ូ សុគន្ធា

ភ្នំពេញ៖ ការប្រកាន់ និងរើសអើង យេនឌ័រ (អ្នកស្រលាញ់ភេទដូចគ្នា) ជាកត្តាដែលធ្វើឱ្យបុគ្គលមួយចំនួន ពិបាកប្រើសិទ្ធិក្នុងការបញ្ចេញមតិ និងពិបាកចូលរួមសកម្មភាពនានានៅក្នុងសង្គម។ បច្ចុប្បន្ន សមភាពយេនឌ័រនៅកម្ពុជាមានសភាពប្រសើរជាងមុន ប៉ុន្តែបញ្ហានៃការបែងចែកយេនឌ័រ គឺនៅតែមានក្នុងហេតុការណ៍ប្រចាំថ្ងៃ។



របាយការណ៍របស់ UN Women ចំណងជើង «Infographic: Women’s Rights and The Law» បានបង្ហាញថា មនុស្ស២,៥ពាន់លាននាក់ក្នុងពិភពលោក ជាពិសេសក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរយេនឌ័រពីប្រុសទៅស្រី និងពីស្រីទៅប្រុស ទទួលរងការប៉ះពាល់ដោយសារតែការរើសអើងក្នុងច្បាប់ និងកង្វះច្បាប់ក្នុងការការពារ រួមទាំងជួបបញ្ហាទីផ្សារការងារ ផងដែរ។  អ្នកជំនាញដែលប្រឡូកការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស មើលឃើញថា បញ្ហាទាំងនេះ កើតឡើងចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា គឺដោយសារ បទដ្ឋាននិងការកំណត់យេនឌ័រពីសង្គម។

កញ្ញា លី ពិសី អ្នកសម្របសម្រួលនៅសហគមន៍ឥន្ទធនូកម្ពុជា(RoCK) អ្នកប្តូរយេនឌ័រពីបុរសទៅស្រី គឺមានភាពរើសអើងពីសង្គមច្រើនជាងអ្នកប្តូរយេនឌ័រពីស្រីទៅបុរស។ កញ្ញា បានពន្យល់ដូច្នេះថា៖«នៅក្នុងសង្គមយើង [គេ ហៅបុរសថាជា] បុរសដើមទ្រូង៥ហត្ថ និងមាំទាំ។ ប៉ុន្តែបើសិនជាបុរសនោះ កែភេទទៅជាស្ត្រីដែលមានចរិកញ៉ិកញ៉ក់ ទន់ភ្លន់ គឺបានធ្វើឱ្យពលរដ្ឋទូទៅកើតភាពទើសក្នុងអារម្មណ៍ ភាពមួហ្មង ដែលរុញច្រានទៅដល់សេចក្តីស្អប់ និងការរើសអើង...។ អ៊ីចឹង! អ្នកប្តូរយេនឌ័រពីបុរសទៅស្រ្តី គឺមានបញ្ហាច្រើន ទាំងក្នុងគ្រួសាររហូតទៅដល់សង្គម»។  

អ្នកសម្របសម្រួលនៅសហគមន៍ឥន្ទធនូកម្ពុជា និងជាអ្នកដែលស្រលាញ់ភេទដូចគ្នារូបនេះ បានបញ្ជាក់ថា ចំពោះអ្នកប្តូរយេនឌ័រពីស្រីទៅបុរស ក៏មានការអើងរើង និងការមាក់ងាយពីមជ្ឈដ្ឋានជុំវិញខ្លួនផងដែរ។  ប៉ុន្តែគ្រាន់តែការរើសអើងនោះ មានកម្រិតស្រាល និងមានការអធ្យាស្រ័យច្រើនពីសង្គម ព្រោះសង្គមយល់ថា មនុស្សដែលប្តូរយេនឌ័រពីស្រីទៅបុរសនេះ ក៏រូបកាយឬលក្ខណៈជាស្រ្តីភេទ ដដែល។

អ្នកស្រី សេង រាសី នាយិកាប្រត្តិបត្តិនៅអង្គការសីលការ(Silaka) មានប្រសាសន៍ថា យេនឌ័រ គឺជាការកំណត់របស់សង្គមទៅលើអាកប្បកិរិយា ការឱ្យតម្លៃ ឬមួយក៏នៅក្នុងបរិបទការងារទៅលើបុរស ស្រ្តី និងភេទផ្សេងៗទៀត។ អ្នកស្រី បន្តថា ប្រភេទការងារនៅក្នុងសង្គមមួយចំនួនត្រូវបានកំណត់ដោយភេទ ដូចជាជំនាញកាត់សក់ កាត់ដេរ និងធ្វើសម្អាងការ សង្គមបានវាយតម្លៃថាការងារទាំងនេះ គឺសមជាមួយស្រ្តីជាងបុរស។ រីឯជំនាញវិស្វករ ឬស្ថាបត្យករគឺសមជាមួយបុរសជាងស្រ្តី។

នាយិកាប្រត្តិបត្តិនៅអង្គការសីលការរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey ដូច្នេះថា៖«ផ្នត់គំនិតបែបនេះ វាធ្វើឱ្យការសម្រេចរបស់គាត់ [អ្នកប្តូរយេនឌ័រ] មានសម្ពាធ មានកម្រិតក្នុងការចូលរួមនៅក្នុងសង្គម ហើយការបង្ហាញពីសក្កានុពលរបស់ខ្លួនក៏មានកម្រិត»។

អ្នកស្រី សេង រាសី បានអះអាងថា ការកំណត់តួនាទីយេនឌ័រពីសង្គម ធ្វើឱ្យប៉ះពាល់ទៅដល់ទាំងស្ត្រី  ទាំងបុរស និងទាំងអ្នកស្រលាញ់ភេទដូចគ្នា។ ព្រោះការកំណត់តួនាទីយេនឌ័រពីសង្គម គឺនឹងធ្វើឱ្យប៉ះពាល់ដល់ការសម្រចចិត្ត ការចូលរួម ការជ្រើសរើស និងការបញ្ចេញមតិរបស់បុគ្គលគ្រប់រូប។

ជាមួយគ្នានេះ លោក លឹម បូរិន អ្នកសម្របសម្រួលគម្រោងសំឡេងដើម្បីសមភាពយេនឌ័រ (Voice for Gender Equality) នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា ស្ថានភាពនៃការបែងចែកយេនឌ័រនៅកម្ពុជា មានលក្ខណៈប្រសើរជាងមុនក៏ពិតមែន ប៉ុន្តែបញ្ហានៅតែមាននៅក្នុងសង្គមជាពិសេសស្រ្តី និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។  ការកំណត់យេនឌ័រនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ននេះ ស្រ្តីគួរតែមានសក់វែង ស្លៀកសំពត់ ហើយបុរសគួរតែមានសក់ខ្លី ហើយស្លៀកខោវ ...ជាដើម។

«បច្ចុប្បន្នហ្នឹង នៅពេលដែលយើងនិយាយអំពីសមភាពយេនឌ័រ គឺយើងបានបូកបញ្ចូលទាំងអ្នកស្រលាញ់ភេទដូចគ្នាដែរ»។ នេះជាការលើកឡើករបស់លោក  បូរិន ដោយបានបន្ថែមថា ដើម្បីកាត់បន្ថយការរើសអើង និងបែងចែកយេនឌ័រនៅក្នុងសង្គមនោះ ពលរដ្ឋគ្រប់រូបត្រូវបើកចិត្តឱ្យទូរលាយ ដោយមិនទម្លាក់កំហុសណាមួយក្រោមហេតុផលយេនឌ័រឡើយ។ ដោយឡែកអាជ្ញាធរគ្រប់ស្ថាប័ន ត្រូវពង្រឹងច្បាប់ការពារលើសិទ្ធិបុគ្គល ដើម្បីការពារសិទ្ធិស្រ្តី និងសិទិ្ធអ្នកស្រលាញ់ភេទដូចគ្នា៕



© រក្សាសិទ្ធិដោយ thmeythmey.com