ជាតិ
សេដ្ឋកិច្ច
កម្ពុជា ដាក់ឯកសារបន្ថែមលើបណ្ដឹងទាមទារប្រេងឆៅ ទៅឥណ្ឌូណេស៊ី
27, Oct 2021 , 7:59 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត

ប្រទេសកម្ពុជា បានដាក់ឯកសារបន្ថែម លើបណ្ដឹងទាមទារប្រេងឆៅប្រមាណ​៣០​ម៉ឺន​បារ៉ែល ត្រលប់មកវិញ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ី បានឃាត់មនុស្សជិត២០នាក់ និងនាវា MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីខែសីហាកន្លងមក។

 
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉េ និងថាមពល ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេលេក្រាមថា កម្ពុជា បានបញ្ជូនឯកសារបន្ថែមទៀតលើពាក្យបណ្ដឹង ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ តបតាមសំណើភាគីឥណ្ឌូនេស៊ី នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ។ 
 
«(បញ្ជូន)ឯកសារអំណះអំណាងបន្ថែមពាក់ព័ន្ធនឹងបណ្ដឹងរបស់កម្ពុជា ទៅលើរឿងប្រេងឆៅ»។ នេះបើតាមលោក ជៀប សួរ ដែលមិនអាចលម្អិតពីឯកសារបន្ថែមលើពាក្យបណ្ដឹងឡើយ ព្រោះវាពាក់ព័ន្ធនឹងផ្លូវច្បាប់។
 
ដោយឡែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនឆ្លើយសំនួរឡើយ ដោយទុកភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល វិញ។ 
 
សូមរម្លឹកថា នាវឹក MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥សីហា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ីផ្តល់ដំណឹងឱ្យកម្ពុជា ថា ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងប្រធាន​ក្រុម​នាវាដែលជា​ជនជាតិ​បង់​ក្លា​ដែ​សនិង​សមាជិក​នាវិកចំនួន១៨​នាក់ផ្សេងទៀត​។
 
ក្រោយ​ពី​​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ រឹបអូស​បាននាវា​MT Strovolos ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា។ ក្រុមហ៊ុន World Tankers Management ដែលជាគ្រប់គ្រងនាវា MT Strovolos នោះ បានចេញមុខបដិសេធលើការចោទប្រកាន់នេះភ្លាមៗថា នាវានេះ មិនបានលួចប្រេងពីកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនWorld Tankers Management នៅថ្ងៃទី២៧ សីហា បានបញ្ជាក់ថា នាវា MT Stro​vo​los ដែលនៅលើដែនទឹករបស់ឥណ្ឌូណេស៊ី ធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ តែក្រសួងរ៉ែ និងថាមពល ចាត់ទុកការបកស្រាយរបស់ម្ចាស់នាវា MT Strovolos នេះ គឺផ្ទុយពីការពិត៕

Tag:
 រេង
  ជៀប សួរ
© រក្សាសិទ្ធិដោយ thmeythmey.com