COVID-19
អន្តរជាតិ
ក្រុមប្រឹក្សាទីភ្នាក់ងារម្ហូបអាហារនិងឱសថអាម៉េរិក អនុញ្ញាតការចាក់វ៉ាក់សាំង Pfizer សម្រាប់កុមារ
30, Oct 2021 , 8:29 am        
រូបភាព
កុមារី Bridgette Melo អាយុ ៥ ឆ្នាំ កាន់ដៃ​របស់​ឪពុក​នាង គឺ​លោក Jim Melo ក្នុង​អំឡុងពេល​ចាក់ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩ ដូស​ទីមួយ​ក្នុង​អំឡុងពេល​សាកល្បង​នៅ​សាកល​វិទ្យាល័យ Duke ក្នុង​ទីក្រុង Durham រដ្ឋ North Carolina
កុមារី Bridgette Melo អាយុ ៥ ឆ្នាំ កាន់ដៃ​របស់​ឪពុក​នាង គឺ​លោក Jim Melo ក្នុង​អំឡុងពេល​ចាក់ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩ ដូស​ទីមួយ​ក្នុង​អំឡុងពេល​សាកល្បង​នៅ​សាកល​វិទ្យាល័យ Duke ក្នុង​ទីក្រុង Durham រដ្ឋ North Carolina
ដោយ: VOA
គណៈកម្មាធិការប្រឹក្សាឯករាជ្យរបស់ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) សហរដ្ឋអាមេរិក បានអនុញ្ញាតការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដល់កុមារអាយុពី ៥ឆ្នាំ ដល់ ១១ឆ្នាំ។

 
ខណៈគេចាត់ទុកថា កុមារកម្រធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់ដោយសារជំងឺកូវីដ១៩នោះ លោកវេជ្ជបណ្ឌិត Peter Marks  ប្រធានផ្នែកវ៉ាក់សាំងនៃទីភ្នាក់ងារម្ហូបអាហារនិងឱសថ បានប្រាប់ក្រុមប្រឹក្សាកាលពីថ្ងៃអង្គារថា កុមារ ១,៩ លាននាក់ ក្នុងក្រុម អាយុពី៥ ដល់ ១១ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយកុមារ ៨៣០០ នាក់បានឈឺចូលមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក។ មួយភាគបីនៃកុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ ហើយកុមារជិត ១០០ នាក់បានស្លាប់។
 
ដោយមានការយល់ព្រមឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារ មន្ត្រីនានាបាននិយាយថាពួកគេសង្ឃឹមថា វានឹងជួយបន្ថយក្តីបារម្ភដ៏ធំមួយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ដែលឪពុកម្តាយ  មន្ត្រីអប់រំ និងមេដឹកនាំផ្នែកសុខភាពសាធារណៈមានការព្រួយបារម្ភ។
 
និយតករបាននិយាយថា ការចាក់វ៉ាក់សាំងដល់កុមារ អាចចាប់ផ្តើមភ្លាមៗនៅសប្តាហ៍ក្រោយ។
 
កាលពីសប្តាហ៍មុនសេតវិមានបាននិយាយថា ខ្លួនបានទទួលវ៉ាក់សាំងគ្រប់គ្រាន់រួចហើយសម្រាប់កុមារចំនួន ២៨ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលនឹងអាចចាក់ថ្នាំនេះបាន ហើយបានបង្កើតបណ្តាញគ្រូពេទ្យកុមារ ឱសថស្ថាន និងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀត ដើម្បីចាក់ថ្នាំបង្ការរោគនេះយ៉ាងឆាប់រហ័ស។
 
ទីភ្នាក់ងារម្ហូបអាហារនិងឱសថ ដែលមិនជាប់លក្ខខណ្ឌគោរពតាមអនុសាសន៍របស់គណៈកម្មាធិការប្រឹក្សាឯករាជ្យនេះ ត្រូវគេរំពឹងថា នឹងពិចារណាអំពីសំណើនេះនៅសប្តាហ៍ក្រោយ។
 
ទាក់ទងនឹងបញ្ហានេះដែរ ក្រុមហ៊ុនឱសថ Moderna ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ការចាក់វ៉ាក់សាំងសាកល្បងរបស់ខ្លួនបានបង្ហាញថា វ៉ាក់សាំងកូវីដ១៩កម្រិតទាប មានសុវត្ថិភាពសម្រាប់កុមារអាយុពី ៦ ដល់ ១១ឆ្នាំ។
 
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចាក់វ៉ាក់សាំងពីរដូសរបស់ខ្លួនឱ្យកុមារជាង៤៧០០ នាក់ ដោយគម្លាតពេលពីគ្នាប្រហែលជា២៨ថ្ងៃ ដោយការចាក់នីមួយៗមានប្រហែលពាក់កណ្តាលនៃដូសសម្រាប់មនុស្សពេញវ័យ។ លទ្ធផលបឋមបង្ហាញថា កម្រិតអង្គបដិប្រាណចំពោះកុមារ គឺស្មើនឹងកម្រិតដែលរបស់មនុស្សវ័យជំទង់ដែលបានចាក់វ៉ាក់សាំងពេញលេញ។
 
ក្រុមហ៊ុន Moderna និយាយថា កុមារមានផលប៉ះពាល់ស្រាលដូចជា អស់កម្លាំង ឈឺក្បាល ក្តៅខ្លួន និងឈឺចាប់នៅកន្លែងចាក់ថ្នាំ៕
 
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press និង Reuters។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com