ជាតិ
អភិបាលខេត្តកំពង់ចាម ចេញលិខិតព្រមានប្រធានមន្ទីរធនធានទឹក ដែលចូលអុកឡុកពិធីមួយទាំងស្រវឹង
31, Oct 2021 , 12:19 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (ខាងឆ្វេង)និងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម (ខាងស្ដាំ)
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (ខាងឆ្វេង)និងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម (ខាងស្ដាំ)
ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញលិខិតព្រមាន លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រោយផឹកស្រាស្រវឹង ចូលអុកឡុក ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ តុលា។ បើតាមរដ្ឋបាលខេត្ត ទង្វើនេះបង្ហាញពីភាពមិនសមរម្យ ដែលប៉ះពាល់ដល់កិត្តិយសមន្រ្តីរាជការ ថ្នាក់ដឹកនាំខេត្ត និងក្រសួង។

 
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវបានអភិបាលខេត្តកំពង់ចាម ចេញលិខិតព្រមាន ចំពោះភាពមិនប្រក្រតីមួយចំនួន។ លិខិតរបស់រដ្ឋបាលខេត្តកំពង់ចាម ចេញផ្សាយថ្ងៃទី២៩ តុលា បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ តុលា លោក អ៊ុម វិបុល បានស្រវឹងស្រា ដោយចូលអុកឡុកក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។
 
សកម្មភាពរបស់លោកប្រធានមន្ទីរធនធានទឹករូបនេះ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់ទុកជាទង្វើដែលធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយស ជាមន្រ្តីរាជការ។ ជាមួយគ្នានេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងផងដែរ។
 
អភិបាលខេត្តកំពង់ចាម បានព្រមាន និងណែនាំឱ្យលោក អ៊ុម វិបុល កែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាព ឬធ្វើសកម្មភាពណា ដែលធ្វើឱ្យបាត់បង់កិត្តិយសជាអ្នកដឹកនាំ និងជាអ្នករាជការទៀតឡើយ។ លើសពីនេះ លោក អ៊ុម វិបុល មិនត្រូវយកម៉ោងការងារ ទៅដើរផឹកគ្រឿងស្រវឹង ជាដាច់ខាត។
 
លិខិតរបស់រដ្ឋបាលខេត្តដដែល បន្តថា លោក អ៊ុម វិបុល ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ និងត្រូវមានទំនាក់ទំនងជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក។ បន្ថែមលើនេះ ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារ ក្នុងអង្គភាពឱ្យបានជាប់លាប់ ដោយគ្រប់បេសកកម្ម និងការសុំច្បាប់ ត្រូវមានការអនុញ្ញាតពីអភិបាលខេត្ត។ 
 
តាមរយៈទង្វើរបស់លោក អ៊ុម វិបុល រដ្ឋបាលខេត្តកំពង់ចាម នឹងផ្អាកការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងាររយៈពេល២ឆ្នាំ និងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរសក្តិ រយៈពេល២ឆ្នាំដូចគ្នា។ ទន្ទឹមនឹងនេះ ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្ត នឹងមានវិធានការតាមច្បាប់ ដោយមិនមានការយោគយល់ឡើយ។
 
ក្រោយទទួលបានលិខិតព្រមាន លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានសរសេរលើលិខិតខាងលើយ៉ាងដូច្នេះ៖ «ខ្ញុំបាទបានទទួលដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់»៕ 

Tag:
 គ្រឿងស្រវឹង
  ប្រធានមន្ទីរធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com