ជាតិ
រថយន្ត
អ្នកស្រឡាញ់រថយន្តចាស់ បានទិញTOYOTA Land Cruiser ឆ្នាំ១៩៨៥ មកជួសជុល និងអភិរក្ស
01, Nov 2021 , 7:29 pm        
រូបភាព
នៅកម្ពុជា មានអ្នកប្រមូលរថយន្ដបុរាណមួយចំនួន តែភាគច្រើនគេបាននាំឡានបុរាណទាំងនោះពីបរទេស។ រីឯលោក សេង សុខជា វិញ គាត់ប្រមូលរថយន្ដដែលមាននៅសេសសល់ស្រាប់នៅក្នុងស្រុក។ បើតាមលោក សេង សុខជា មូលហេតុដែលលោកប្រមូលទិញរថយន្តបុរាណ ដែលធ្លាប់ប្រើប្រាស់នៅក្នុងស្រុកខ្មែរមុន និងក្រោយសង្គ្រាម គឺដើម្បីរួមចំណែកអភិរក្សរថយន្តបុរាណផង និងចង់រក្សាទុកទិដ្ឋភាពអនុស្សាវរីយ៍ម្យ៉ាង ដែលធ្លាប់មាននៅក្នុងប្រទេស។

 
ក្នុងចំណោមរថយន្ដបុរាណរបស់គាត់មានឡានម៉ាក TOYOTA ប្រភេទ Land Cruiser ៤គ្រឿង។ លើកនេះ គាត់ណែនាំ Land Cruiser ម៉ូឌែល J70 ស៊េរី L ដំបូលរឹង ពណ៌ស ផលិតឆ្នាំ១៩៨៥ ១គ្រឿង។ លោក សុខជា បានកែច្នៃរថយន្ដ TOYOTA Land Cruiser ជំនាន់ទី៦នេះឱ្យមានសភាពល្អ និងបានគួរសម។ គាត់បានថែមដែកពណ៌ខ្មៅខាងមុខ ខាងក្រោយ ខាងលើ និងចំហៀង ដូចជាដែកកាងទំនើបវិញ ហើយគាត់ក៏បានដូរភ្លើងហ្វារខាងមុខដាក់ទំនើបវិញដែរ។
 
 
TOYOTA Land Cruiser ជំនាន់ទី៦ ត្រូវបានផលិតពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ ប៉ុណ្ណោះ។TOYOTA Land Cruiser LJ70 ត្រូវផលិតបន្តតាំងពីឆ្នាំ១៩៨៥។ គឺជាម៉ូឌែល J70 ដែលមានម៉ូទ័រ ៤ស៊ីឡាំង ២,៤លីត្រ កំលាំងម៉ាស៊ីន ៧២CC ហើយដែលប្រើម៉ាស៊ូត។ មានដំបូលរឹង ឬកំណាត់កៅស៊ូក៏បាន ប៉ុន្តែមានទ្វារ២ប៉ុណ្ណោះ ពីព្រោះបណ្ដោយវាខ្លី។ TOYOTA Land Cruiser ម៉ូឌែល J70 ត្រូវផលិតបន្តតាំងពីឆ្នាំ១៩៨៤ ក្នុងរោងចក្រ៣ គឺ១នៅទីក្រុងតូយ៉ូតា ប្រទេសជប៉ុន។ ១នៅប្រទេសព័រទុយហ្កាល និង១ទៀតនៅប្រទេសវ៉េណេស៊ុយអេឡា។ ម៉ូឌែល J70 មានស៊េរីផ្សេងៗចែកជា២ក្រុម : ធ្ងន់ (មានគ្រប់គ្រឿងរឹងមាំមួយកំប្លេ ដើម្បីជិះក្រៅផ្លូវ) និងស្រាល (គ្រឿងមាំល្មម)។ ក្នុងនោះមានបណ្ដោយខ្លី មធ្យម វែងបន្តិច វែង(ធ្ងន់ប៉ុណ្ណោះ) និងវែងណាស់ (ធ្ងន់ប៉ុណ្ណោះ)។ 
 

TOYOTA Land Cruiser គឺជារថយន្ដបង្វិលកង់បួន ដើម្បីជិះផ្លូវឧបសគ្គ ដែលត្រូវបានចាប់ផ្ដើមផលិតឆ្នាំ១៩៥១ ហើយនៅតែបន្តផលិតរហូតដល់ជំនាន់ទី៩ សព្វថ្ងៃនេះ (បើរាប់ចាប់តាំងពីឆ្នាំ១៩៥៥ ព្រោះជំនាន់ដំបូងគឺសម្រាប់យោធាជប៉ុនប៉ុណ្ណោះ ហើយមិនមានឈ្មោះ Land Cruiser ទេ) ដោយធ្លាប់មានរោងចក្រនៅប្រទេសជប៉ុន ប្រេស៊ីល វ៉េណេស៊ុយអេឡា ព័រទុយហ្កាល និងប្រទេសឥណ្ឌូណេស៊ី។
 
ក្រុមហ៊ុន TOYOTA ត្រូវបានបង្កើតឡើងថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៣៧ ដោយលោក 豊田喜一郎 នៅទីក្រុងតូយ៉ូតា ប្រទេសជប៉ុន៕
 


 




Tag:
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com