ជាតិ
សេដ្ឋកិច្ច
អាកាសយានដ្ឋានតារាសាគរតម្លៃ២០០លានដុល្លារ នឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០២២​
02, Nov 2021 , 9:59 pm        
រូបភាព
រូបគំរូនៃអាកាសយានដា្ឋនអន្តរជាតិតារាសាគររបស់ក្រុមហ៊ុន  UDG នៅខេត្តកោះកុង។រូបថត៖ ក្រសួងព័ត៌មាន
រូបគំរូនៃអាកាសយានដា្ឋនអន្តរជាតិតារាសាគររបស់ក្រុមហ៊ុន UDG នៅខេត្តកោះកុង។រូបថត៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ អាកាសយានដ្ឋានតារាសាគរតម្លៃ២០០លានដុល្លារ នឹងដាក់ឱ្យដំណើរការសាកល្បង​នៅអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២។ នេះជាការលើកឡើងរបស់​​ លោក  ស៊ីន ចាន់សិរីវុត្ថា ដែលជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

 
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិនមួយឈ្មោះ Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា  បច្ចុប្បន្នការសាងសង់អាកាសយានដ្ឋាននេះ គឺសម្រេចបានប្រមាណ ៩៥ភាគរយ ខណៈក្រុមហ៊ុនគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរចុងខែធ្នូ ឆ្នាំ២០២១។ 
 
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី២វិច្ឆិកា ថា  ៖  «អំឡុងពេលត្រីមាសទីមួយឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអាចដំណើរការសាកល្បងបានហើយ»។ លោក ចាន់សិរីវុត្ថា  បន្តរៀបរាប់ថា សម្រាប់គម្រោងប្រតិបត្តិការសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិនេះ គឺត្រូវការពេលយ៉ាងហោចណាស់ពី៣ទៅ៦ខែ មុននឹងឈានទៅដល់ដំណើរការជាផ្លូវការ។ លោកបាននិយាយដូច្នេះ៖ «រយៈពេលនៃដំណើរការសាកល្បងនេះ  មានក្រុមអ្នកជំនាញចាំពិនិត្យលើបញ្ហានានា ដើម្បីកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌបច្ចេកទេស ទើបដល់ពេលល្អណាមួយបានក្រុមហ៊ុនប្រកាសឱ្យដំណើរនូវអាកាសដ្ឋាននេះ ជាផ្លូវការ»។ 
 
បើតាមលោក ចាន់សិរីវុត្ថា អាកាសដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ដែលកំពុងសាងសង់នៅលើផ្ទៃដី២១៨ហិកតា ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុងនេះ គឺគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក៏ត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២២វិញ។ លោក បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនេះ សមត្ថភាពទទួលចុះចតយន្តហោះកម្រិត4E, យន្តហោះប្រភេទBoeing747, យន្តហោះAirbus340 និង350 ហើយអាកាសយានដ្ឋាននេះ  អាចទទួលបានយន្តហោះចំនួន១២ចំណត់៕ 

Tag:
 អាកាសយានដ្ឋាន
  តារាសាគរ
 ​ ​កោះកុង
  លោក ស៊ីន ចាន់សិរីវុត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com