ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ហេតុអ្វីបានជាត្រូវប្តឹងអ្នកចង់បានប្រាក់ ដែលគេផ្ទេរច្រឡំ?
03, Nov 2021 , 9:00 am        
រូបភាព
លោក កុយ គន្ធី មេធាវីនៃការិយាល័យក្រុមមេធាវីធម្មសាស្ត្រ
លោក កុយ គន្ធី មេធាវីនៃការិយាល័យក្រុមមេធាវីធម្មសាស្ត្រ
បំណង គឺដើម្បីតែទារប្រាក់មកវិញឬ? ទេមិនមែនត្រឹមតែប៉ុណ្ណឹងទេ។ រឿងសំខាន់មួយទៀត គឺដើម្បីឲ្យសង្គមទាំងមូលមានសុចរិតធម៌។



ក្នុងអត្ថបទលើកមុន លោកមេធាវី កុយ គន្ធី ផ្តល់យោបល់ឲ្យទៅរកអន្តរាគមន៍ពីធនាគារ ក្នុងករណីផ្ទេរប្រាក់ច្រឡំចូលគណនីអ្នកផ្សេង។ ពឹងធនាគារហើយ បើនៅតែមិនអាចទារប្រាក់មកវិញ លោក ផ្តល់យោបល់មួយថែមទៀត គឺប្តឹងទៅតុលាការ។ តាមរយៈតុលាការនេះ គឺមានផ្លូវ២ គឺដាក់បណ្តឹងរដ្ឋប្បវេណី និង ដាក់បណ្តឹងព្រហ្មទណ្ឌ។

ពេលលោក បកស្រាយថា ក្នុងការដាក់បណ្តឹងរដ្ឋប្បវេណី ម្ចាស់ប្រាក់ ត្រូវចំណាយប្រាក់ខ្លួនឯងដើម្បីដំណើរការបណ្តឹងនោះ អ្នកអានខ្លះ ក៏សម្តែងការមិនគាំទ្រឲ្យប្តឹង ព្រោះត្រូវចំណាយប្រាក់បន្ថែមទៅលើតុលាការ ខណៈខ្លួន កំពុងបាត់ប្រាក់ ដោយសារការផ្ទេរច្រឡំ។ លោក ក៏ណែនាំពីការដាក់បណ្តឹងព្រហ្មទណ្ឌ ដើម្បីចាត់ការចំពោះអ្នកទទួលប្រាក់ ដែលគេផ្ទេរច្រឡំ ហើយមិនព្រមប្រគល់ឲ្យម្ចាស់វិញ ដោយការដាក់បណ្តឹងព្រហ្មទណ្ឌនេះ មិនត្រូវចំណាយប្រាក់ឡើយ។

នៅក្នុងអត្ថបទថ្មីនេះ លោកមេធាវី និយាយពីអត្ថប្រយោជន៍នៃបណ្តឹងព្រហ្មទណ្ឌ នៅក្នុងករណីផ្ទេរប្រាក់ដោយច្រឡំ ហើយអ្នកទទួលមិនព្រមផ្ទេរជូនម្ចាស់ដើមវិញ។ ពេលអ្នក បានអានអត្ថបទថ្មីនេះ អ្នក នឹងមើលឃើញប្រយោជន៍ដ៏សំខាន់មួយផ្សេងទៀត ក្រៅពីការទាមទារប្រាក់ដែលផ្ទេរច្រឡំមកវិញ នោះគឺការទាមទារឲ្យមានសុចរិតធម៌សង្គម។

សេចក្តីអត្ថាធិប្បាយរបស់លោកមេធាវី កុយ គន្ធី៖

បើបានអានអត្ថបទមុនៗ លោកអ្នក ច្បាស់ជាដឹងហើយថា ការមានចេតនាចង់បានប្រាក់ ដែលគេផ្ទេរច្រឡំ ហើយមិនព្រមផ្ទេរឲ្យម្ចាស់ដើមវិញ គឺអាចចាត់ចូលជាបទល្មើសលួច។ ឧបមាថា ម្ចាស់ប្រាក់ ប្រមូលបានធាតុនៃបទល្មើសលួចបានគ្រប់គ្រាន់ តើគាត់ ត្រូវធ្វើដូចម្តេចតទៅទៀត?

ដំបូង គាត់ ត្រូវដាក់ពាក្យបណ្តឹងជាមួយព្រះរាជអាជ្ញា។ ក្នុងការប្តឹងបទព្រហ្មទណ្ឌនេះ ម្ចាស់ប្រាក់មិនបាច់បង់ប្រាក់អ្វីទាំងអស់។ រដ្ឋ ជាអ្នកទទួលខុសត្រូវរាល់ការចំណាយទាំងអស់ ព្រោះក្រោយពីដាក់បណ្តឹងហើយ ព្រះរាជអាជ្ញាក្លាយជាម្ចាស់បណ្តឹងព្រហ្មទណ្ឌ។ ព្រះរាជអាជ្ញា បំពេញនាទីនេះក្នុងនាមជារដ្ឋ។ ដូច្នេះ រដ្ឋ ជាអ្នកទទួលខុសត្រូវលើការចំណាយដើម្បីដំណើរការបណ្តឹងព្រហ្មទណ្ឌ។

មានសំណួរថា ចុះបើការផ្ទេរច្រឡំនេះ មានចំនួនទឹកប្រាក់តិចតួច ដូចជា ២០ដុល្លារ ឬ ៥០ដុល្លារ តើគេ ត្រូវចំណាយពេលជាមួយបណ្តឹងនេះដែរឬទេ?

តាមពិត នៅក្នុងច្បាប់ខ្មែរ បទល្មើសលួចមិនទាក់ទងនឹងចំនួនទឹកប្រាក់ដែលត្រូវបានលួចទេ។ លួច១ដុល្លារ ក៏ជាបទលួចដែរ។ ការសម្រេចចាត់ការ ឬមិនចាត់ការលើបទលួចនេះ គឺជាសេចក្តីសម្រេចរបស់ព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញា អាចថ្លឹងថ្លែងពីផលប្រយោជន៍ ដែលបានមកពីការចោទប្រកាន់បទល្មើសលួច។ បើផលប្រយោជន៍ ដែលបានពីការចោទប្រកាន់មានតិចតួច ឬ ស្ទើរតែគ្មាន ដោយប្រៀបធៀបនឹងការចំណាយធនធានជាប្រាក់ ឬ ជាកម្លាំងមនុស្សរបស់រដ្ឋ ព្រះរាជអាជ្ញា អាចនឹងមិនចាត់ការ។

ឧទាហរណ៍៖ ដើម្បីចោទប្រកាន់បទលួចលើមនុស្សម្នាក់ ដែលលួចប្រាក់៥ដុល្លារ ព្រះរាជអាជ្ញា ត្រូវចំណាយពេលស៊ើបអង្កេត ប្រើប្រាស់ក្រឡាបញ្ជី ដើម្បីចាត់ចែងរឿងរដ្ឋបាល សុំអន្តរាគមន៍ពីនគរបាល ពេលវេលា ដើម្បីធ្វើសវនាការ រួចទីបញ្ចប់ បើមនុស្សនោះ ត្រូវមានទោស គឺត្រូវចំណាយប្រាក់ ដើម្បីចិញ្ចឹមមនុស្សនោះនៅក្នុងគុកទៀត នោះព្រះរាជអាជ្ញា ប្រហែលជាមិនចាត់ការទេ។

ប៉ុន្តែនៅក្នុងរឿងផ្ទេរប្រាក់ដោយច្រឡំនេះ ទឹកប្រាក់ ដែលម្ចាស់ប្រាក់បាត់បង់មិនសំខាន់ទេ។ «អ្វីដែលសំខាន់នោះ គឺសុចរិតធម៌សង្គម។ សុចរិតធម៌សង្គមជារបស់អរូបី ដែលមិនអាចកាត់ថ្លៃបាន។ សុចរិតធម៌សង្គម គឺជាតម្លៃ ជាស៊ីម៉ង់ត៍ ដែលផ្សារសង្គមទាំងមូលឲ្យនៅជាប់គ្នា។ កាលណាសង្គម បាត់សុចរិតធម៌ហើយ មនុស្សឈប់ទុកចិត្តគ្នា លែងស្រឡាញ់គ្នា។ ហើយប្រព័ន្ធធនាគារក៏លែងទទួលបានការទុកចិត្តដែរ។ សង្គមទាំងមូល និងប្រព័ន្ធហិរញ្ញវត្ថុក៏ត្រូវបាត់បង់ទំនុកចិត្ត។»

ដូច្នេះ ក្នុងករណីនេះ ព្រះរាជអាជ្ញា មិនមែនថ្លឹងចំនួនទឹកប្រាក់ជាមួយនឹងធនធានដែលត្រូវចំណាយទៀតទេ។ ព្រះរាជអាជ្ញា ថ្លឹងថ្លែងតម្លៃនៃសុចរិតធម៌ ជាមួយធនធានដែលត្រូវប្រើប្រាស់ ដើម្បីទាមទារយកតម្លៃនៃសុចរិតធម៌។ ប្រាក់ខាតបង់តែ១ដុល្លារក៏ដោយ ដែលធ្វើឲ្យសុចរិតធម៌សង្គមរលំរលាយ ព្រះរាជអាជ្ញា ឬ រដ្ឋ ត្រូវតែទាមទារយកមកវិញ ដោយដាក់ទោសមនុស្សដែលបានប្រាក់របស់គេហើយ មិនឲ្យគេវិញ។

សរុបមក អ្នកដែលផ្ទេរប្រាក់ច្រឡំ សូម្បីតែចំនួនប្រាក់បាត់បង់តិចតួចក៏ដោយ ត្រូវតែទាមទារសុចរិតធម៌សង្គមមកវិញ ហើយព្រះរាជអាជ្ញា ត្រូវតែថ្លឹងថ្លែងឲ្យហ្មត់ចត់ដើម្បីការពារសុចរិតធម៌សង្គម នៅពេលមានរឿងបែបនេះកើតឡើងជាញឹកញាប់។ នេះ ជាតួនាទីរបស់ព្រះរាជអាជ្ញា ដែលជាអ្នកការពារផលប្រយោជន៍រដ្ឋ៕

អត្ថបទទាក់ទង

Tag:
 តុលាការ
  ផ្ទេរប្រាក់ច្រឡំ
© រក្សាសិទ្ធិដោយ thmeythmey.com