ជាតិ
សង្គមជាតិ
ស្លាប់៧នាក់ ក្នុងគ្រោះថ្នាក់ក្រឡាប់ឡាន ក្នុងស្រុកដងទង់
03, Nov 2021 , 11:05 am        
រូបភាព
មនុស្ស៧នាក់ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តម៉ាក Camry ចូលក្នុងប្រឡាយ នៅស្រុងដងទង់ ខេត្តកំពត។ បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត អះអាងថា បច្ចុប្បន្នសាកសព ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យ ក្នុងស្រុកជុំគិរី ខេត្តកំពត។



នាវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មានរថយន្ត១គ្រឿង បែកកង់ បណ្ដាលឱ្យធ្លាក់ចូលប្រឡាយទឹក នៅចំណុចផ្លូវលេខ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ លោក ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យស្លាប់មនុស្ស៧នាក់ (ក្មេង២នាក់)។

លោកស្នងការ បញ្ជាក់ថា៖«ក្នុងហេតុការក្រឡាប់ឡានហ្នឹង បណ្ដាលមកពីបែកកង់ឡាន រួចចូលទៅក្នុងប្រឡាយទឹក។ ក្នុងហេតុការណ៍នេះ មិនអ្នករងរបួសទេ គឺស្លាប់៧នាក់ ហើយជាសមាជិកក្រុមគ្រួសារ។ ៧នាក់ហ្នឹង ជាបងប្អូនគ្នា ៤នាក់ ពួកគាត់នៅស្រុកជុំគិរីខេត្តកំពត ហើយនាក់ទៀត ពួកមកពីខេត្តកំពង់ចាម»។ 

លោកបន្ថែមទៀតថា ក្រោយគ្រោះថ្នាក់ខាងលើនេះ បច្ចុប្បន្នសាកសពទាំង៧ នាក់ត្រូវបានសាច់ញាតិ នាំយកទៅបូជា នៅស្រុកជុំគិរី ខណៈរថយន្តត្រូវបានអាជ្ញាស្ទូច ដើម្បីដោះស្រាយតាមនីតិវិធីបន្ទាប់៕

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  ក្រឡាប់ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com