ជាតិ
សេដ្ឋកិច្ច
បារាំងនឹងផ្ដល់កម្ចីជាង២០លានដុល្លារដល់កម្ពុជា ដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត នៅបាត់ដំបងនិងបន្ទាយមានជ័យ
03, Nov 2021 , 6:59 pm        
រូបភាព
លោក  អូន ព័ន្ធមុនីរ័ត្ន  ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសម្បទាន ជាមួយ លោកស្រី Oph–lie BOURHIS ជានាយកទីភ្នាក់ងារបារាំង(AFD) លោក FABRICE Έtienne ជាលេខាទី១នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៣វិច្ឆិកា។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសម្បទាន ជាមួយ លោកស្រី Oph–lie BOURHIS ជានាយកទីភ្នាក់ងារបារាំង(AFD) លោក FABRICE Έtienne ជាលេខាទី១នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៣វិច្ឆិកា។ រូបថត៖ MEF
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) នឹងផ្តល់កម្ចីចំនួន២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ)ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវទំនប់អាងស្តុកទឹក ចំនួន១៦កន្លែង នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។

 
លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា  និងលោកស្រី Oph–lie BOURHIS ជានាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)​ បានចុះហត្ថលេខា ជាមួយលោក  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់ថវិកាចំនួន ២៣ ៤៧៦ ៨០០ដុល្លារដល់កម្ពុជា ដើម្បីស្តារប្រព័ន្ធធារាស្ត្រនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៣វិច្ឆិកា។
 
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងចំណោមថវិកាសរុបខាងលើ គឺមាន២៣,១៣លានដុល្លារ  ជាកម្ចីសម្បទានដែលAFDនឹងផ្តល់ឱ្យកម្ពុជាសម្រាប់ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន១៦កន្លែង ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ ដោយនៅក្នុងនោះ មាន៨កន្លែងនៅខេត្តបាត់ដំបង និង៧កន្លែងនៅបន្ទាយមានជ័យ។ បើតាមក្រសួងសេដ្ឋកិច្ចទំនប់អាងស្តុកទឹកនៅក្នុងខេត្តបាត់ដំបងដែលស្តារឡើងវិញ មាន ប្រឡាយលេខលេខ១, លេខ២ លេខ៣ លេខ៤ និងប្រឡាយលេខ៥នៅក្នុងស្រុកថ្មគោល, ប្រព័ន្ធស្រោចស្រពមង្គលបុរី, ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល, ប្រព័ន្ធស្រាចស្រពបង្ហត ក្នុងស្រុកបាណន់។
 
រីឯ ទំនប់អាងស្តុកទឹកនៅក្នុងខេត្តបន្ទាយមានជ័យ ដែលស្តារឡើងវិញ មានទំនប់តាដុត ទំនប់អាងគ្រុឌ ទំនប់អាងស្គឺង  ទំនប់អន្លង់ត្រាច នៅក្នុងស្រុកថ្មពួក, ទំនប់អាងបន្ទាត់បោះ និងទំបន់ប្រាសាទប្រាំ ក្នុងស្រុកស្វាយចេក។  ដោយឡែក ថវិកាចំនួន៣៤៦ ៨០០ ដុល្លារទៀត គឺជាជំនួយឥតសំណងដែលមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS)នឹងផ្តល់ឱ្យកម្ពុជា សម្រាប់ការសិក្សាសមិទ្ធិផលលទ្ធភាពគម្រោងស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។​
 
លោក  អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានរបស់AFD និង FAPS មកឱ្យកម្ពុជាក្នុងការអនុវត្តគម្រោងឬកម្មវិធីខាងលើ គឺបានឆ្លើយតបយ៉ាងច្បាស់ទៅនឹងសេចក្តីត្រូវការអទិភាព ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់វិបត្តិកូវីដ-១៩ ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្ត្រ៕  

Tag:
 អាងស្តុកទឹក
  បាត់ដំបង
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com