ជាតិ
សេដ្ឋកិច្ច
ថ្លៃសំបុត្រយន្តហោះកម្ពុជា-ចិន ពី៤-៥រយដុល្លារ ហក់ឡើងដល់ «៧-៨ពាន់ដុល្លារ»
03, Nov 2021 , 7:59 pm        
រូបភាព
ទិដ្ឋភាពពេលយន្តហោះ រៀបចំហោះចេញពីព្រលានយន្តហោះទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ រូបពីវីដេអូ ដែលបង្ហោះលើទំព័រហ្វេសប៊ុក Capt. Khan Vanna, Director General For Technical and Operations of SSCA កាលពីខែសីហា ឆ្នាំ២០២០។
ទិដ្ឋភាពពេលយន្តហោះ រៀបចំហោះចេញពីព្រលានយន្តហោះទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ រូបពីវីដេអូ ដែលបង្ហោះលើទំព័រហ្វេសប៊ុក Capt. Khan Vanna, Director General For Technical and Operations of SSCA កាលពីខែសីហា ឆ្នាំ២០២០។
សឹងមិនគួរឲ្យជឿ! បច្ចុប្បន្ន ការធ្វើដំណើរតែ១ជើង (One-Way) ពីកម្ពុជាទៅចិន ឬពីចិនមកកម្ពុជា ភ្ញៀវម្នាក់ ត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះដល់៥ពាន់ដុល្លារ ឬអាចដល់៧-៨ពាន់ដុល្លារ ហើយបើធ្វើដំណើរទៅមក (Round-Way) រវាងប្រទេសទាំង២នេះ គេ ត្រូវចំណាយប្រាក់ដល់ទៅជាង១ម៉ឺនដុល្លារ។ ពីមុន ការធ្វើដំណើរ១ជើងរវាងកម្ពុជា-ចិន ត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះ មិនដល់១ពាន់ដុល្លារនោះទេ គឺត្រឹមតែ៤-៥រយដុល្លារប៉ុណ្ណោះ ឬអាចក្រោម៤-៥រយដុល្លារក៏មាន។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការឡើងថ្លៃសំបុត្រយន្តហោះកម្ពុជា-ចិន រហូតដល់៧-៨ពាន់ដុល្លារនេះ មិនមែនទើបនឹងកើតឡើងក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១នេះទេ គឺតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ លោក លើកឡើងថា ធ្វើដំណើរ១ជើងទៅចិន ត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះអស់ច្រើនជាងធ្វើដំណើរទៅអាម៉េរិកដល់ទៅ១០ដង។

មូលហេតុធំ ដែលធ្វើឲ្យតម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន ពីចិនមកកម្ពុជា ឡើងថ្លៃមិនធ្លាប់មានបែបនេះ គឺដោយសារមិនសូវមានជើងហោះហើរ និងមិនសូវមានភ្ញៀវជិះ។ លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់ថា ពីមុន មានក្រុមហ៊ុនហោះហើរ៣-៤ ដែលហោះហើរពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជា ប៉ុន្តែ បច្ចុប្បន្ន នៅសល់ក្រុមហ៊ុនហោះហើរតែ១ប៉ុណ្ណោះ។ លោក បន្តថា ក្រុមហ៊ុនហោះហើរផ្សេងទៀត ត្រូវចិន បិទឈប់ឲ្យមានការហោះហើរចេញចូល ដោយសាររកឃើញអ្នកដំណើរផ្ទុកជំងឺកូវីដ-១៩។ លោក បញ្ជាក់ថា ចិន រឹតបន្តឹងខ្លាំងណាស់ ក្នុងការធ្វើដំណើរចេញចូលប្រទេសខ្លួន។  
 
លោក បន្ថែមថា ដោយសារមានក្រុមហ៊ុនហោះហើរតែ១ ហើយថែមទាំងមិនសូវមានភ្ញៀវជិះទៀតនោះ ទើបធ្វើឲ្យតម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន ពីចិនមកកម្ពុជា ត្រូវដំឡើងថ្លៃ ដើម្បីកុំឲ្យខាត។ លោក អះអាងថា ពីមុន ការហោះហើរ១ជើង អាចមានភ្ញៀវដល់១រយនាក់ ខណៈបច្ចុប្បន្ន ជួនកាល មានត្រឹមតែ១០នាក់ក្នុង១ជើង។ 
 
ក្រៅពីកម្ពុជា-ចិន សំបុត្រយន្តហោះពីកម្ពុជាទៅថៃ ពីថៃមកកម្ពុជា ក៏ឡើងថ្លៃដែរ។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការធ្វើដំណើរតែ១ជើងពីរាជធានីភ្នំពេញ ទៅទីក្រុងបាងកក ឬពីទីក្រុងបាងកក មករាជធានីភ្នំពេញ ត្រូវចំណាយប្រាក់ពី៣-៤រយដុល្លារ ខណៈពីមុន ត្រូវចំណាយតែជាង១រយដុល្លារ។ ប៉ុន្តែ លោក ប្រាប់ថា សំបុត្រយន្តហោះទៅមករវាងកម្ពុជា-ថៃ បានថយចុះបន្តិចវិញហើយ គឺនៅត្រឹម២-៣រយដុល្លារសម្រាប់ការធ្វើដំណើរ១ជើង។ 
 
សម្រាប់ការធ្វើដំណើរទៅមករវាងកម្ពុជា-ចិន និងការធ្វើដំណើរទៅមករវាងកម្ពុជា-ថៃ ដែលត្រូវចំណាយប្រាក់ដ៏ច្រើនបែបនេះទៅលើសំបុត្រយន្តហោះ ត្រូវលោក ស៊ីន ចាន់សិរីវុត្ថា ចាត់ទុក ថាជាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មាន។ លោក ថ្លែងថា៖«យើង មើលផ្លូវ២ ដែលកំពុងដាក់លក់រាល់ថ្ងៃហ្នឹង ដល់កហើយ ក្នុងប្រវត្តិសាស្រ្តដឹកជញ្ជូន [តាមអាកាស] អត់ដែលមានតម្លៃថ្លៃដល់ហ្នឹងទេ»។
 
ចំពោះសំបុត្រយន្តហោះពីកម្ពុជាទៅសិង្ហបុរី ឬពីសិង្ហបុរីមកកម្ពុជា គឺមិនសូវឡើងថ្លៃឡើយ ដោយឡើងតែប្រមាណ១០ដុល្លារ ទៅ២០ដុល្លារ។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា ដដែល។ ដោយឡែក ជើងហោះហើររវាងកម្ពុជាជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន នៅមិនទាន់មានឡើងវិញនោះទេ។
  
ផ្នែកតាមព័ត៌មានពីលោក ស៊ីន ចាន់សិរីវុត្ថា សំបុត្រយន្តហោះទៅមកប្រទេសផ្សេងទៀត ក្រៅពីចិន និងក្រៅពីប្រទេសក្នុងតំបន់អាស៊ាន មានការឡើងថ្លៃតិចតួច។ 
 
មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរូបនេះ មើលឃើញថា សំបុត្រយន្តហោះឡើងថ្លៃខ្លាំង គឺជារបាំងមួយ សម្រាប់អ្នកទេសចរ ដែលចង់ធ្វើដំណើរមកកម្ពុជា។ យ៉ាងណា លោក យល់ថា នៅពេលមានជើងហោះហើរច្រើន និងមានការប្រកួតប្រជែងឡើងវិញនោះ តម្លៃសំបុត្រយន្តហោះ នឹងធ្លាក់ចុះដោយខ្លួនឯង៕ 

Tag:
 ជើងហោះហើរកម្ពុជា-ចិន
  សំបុត្រយន្តហោះឡើងថ្លៃ
© រក្សាសិទ្ធិដោយ thmeythmey.com