ជាតិ
បាក់ឌុប
លោក រស់ សុវាចា៖ ក្រសួងអប់រំ​កំពុង​ពិចារណា​ លើក​ពេល​ប្រលង​«បាក់ឌុប​» ទៅ​ដើម​ឆ្នាំ​២០២២​
04, Nov 2021 , 7:59 pm        
រូបភាព
រូបតំណាង៖ សិស្សថ្នាក់ទី១២កំពុងធ្វើដំណើរចេញពីមណ្ឌលប្រឡងបាក់ឌុបនៅវិទ្យាល័យបឹងត្របែក កាលពីឆ្នាំ២០១៨
រូបតំណាង៖ សិស្សថ្នាក់ទី១២កំពុងធ្វើដំណើរចេញពីមណ្ឌលប្រឡងបាក់ឌុបនៅវិទ្យាល័យបឹងត្របែក កាលពីឆ្នាំ២០១៨
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិចារណាលើកពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២០-២០២១ ទៅដើមឆ្នាំ២០២២វិញ។ នេះបើតាមការលើកឡើងរបស់លោក​រស់ សុវាចា អ្នកនាំពាក្យក្រសួអប់រំ។

 
«ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា នឹងប្រជុំវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២(បាក់ឌុប)»។ លោក រស់ សុវាចា​ និយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ នារសៀលថ្ងៃទី៤វិច្ឆិកា ដោយបានបញ្ជាក់ថា ​ ក្រសួងអប់រំ នឹងពិនិត្យពន្យារពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលរៀនបន្ថែមសម្រាប់ត្រៀមប្រលង។
 
បើតាមលោក រស់ សុវាចា  ថ្នាក់ដឹកនាំនៃក្រសួងអប់រំ កំពុងពិចារណាក្នុងការលើកពេលប្រលងបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ ទៅដើមឆ្នាំ២០២២វិញ ខណៈកន្លងមក ក្រសួងអប់រំបានកំណត់យកថ្ងៃទី១៥វិច្ឆិកា សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩(ឌីប្លូម)  និងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(បាក់ឌុប) នៅថ្ងៃទី៦ធ្នូ នៅតាមសាលារដ្ឋនានា។
 
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានអះអាងយ៉ាងខ្លីថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
 
កាលពីថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន មិនអនុញ្ញាតឱ្យសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្តេច បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើក្រុមកុមារអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកចាក់វ៉ាក់សាំងលើកុមារអាយុ ៥ឆ្នាំ នៅវិមានសន្តិភាព៕
អត្ថបទទាក់ទង

 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com