COVID-19
ជាតិ
លោក​ ហ៊ុន ម៉ានី យល់ថា វិស័យឡូជីស្ទីក មិនទាន់លូតលាស់អស់សក្ដានុពលនៅឡើយ
05, Nov 2021 , 10:22 am        
រូបភាព
បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកសង្គមសេដ្ឋកិច្ចជាទូទៅឡើងវិញនៅក្នុងក្របខណ្ឌនៃការអនុវត្តវិធានការសុខាភិបាលដដែលនោះ លោក ហ៊ុន ម៉ានី បានធ្វើទស្សនកិច្ចនៅក្នុងក្រុមហ៊ុន Kerry WorldBridge Logistics របស់ឧកញ៉ា សៀ ឬទ្ធី ព្រឹកថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១នេះ ។ លោកតំណាងរាស្ត្របានចាប់អារម្មណ៍ខ្លាំងចំពោះខ្សែច្រវាក់ ការងារក្នុងវិស័យនេះដែលទាក់ទងនឹងហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងភស្តុភា ទាំងក្នុងក្របខណ្ឌក្នុងប្រទេស និងក្របខណ្ឌពិភពលោក។





លោកតំណាងរាស្ត្រ ហ៊ុន ម៉ានី ចង់ឱ្យតែមានការបង្កើតការងារឱ្យបានច្រើនសម្រាប់ពលរដ្ឋខ្មែរ។ នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីច្រវាក់ការងារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅក្រុមហ៊ុន Kerry WorldBridge Logistics របស់លោកឧកញ៉ា សៀ ឬទ្ធី នៅក្បែរក្រុងតាខ្មៅ លោក ហ៊ុន ម៉ានី សង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើក្រុមបុគ្គលិកជាច្រើនរយនាក់ ដែលកំពុងប្រតិបត្តិការងារយ៉ាងស្វាហាប់នៅក្នុងក្រុមហ៊ុនដ៏ធំនោះ។ មានស្ដ្រីមួយក្រុមកំពុងបិទស្ទិកឃ័រអក្សរខ្មែរនៅលើផលិតផលថៃដែលនឹងត្រូវបញ្ជូនចេញមកក្នុងទីផ្សារកម្ពុជា។

មនុស្សប្រុសជាច្រើនកំពុងអូសកេសទំនិញធំបញ្ចូលក្នុងរថយន្តដឹកជញ្ជូន។ រថយន្តដឹកជញ្ជូនមានច្រើនទំហំ ធំតូច ដែលអាចធ្វើឱ្យគេយល់បានអំពីចំងាយផ្លូវនៃការចែកចាយទំនិញ។ ទំនិញ សម្ភារៈ រាប់ពាន់មុខត្រូវបានរក្សាយ៉ាងមានរបៀបរបៀបរយនៅក្នុងឃ្លាំងធំៗជាច្រើន មុននឹងត្រូវដឹកជញ្ជូនចេញទៅក្នុងទីផ្សារ និងទៅម្ចាស់ទំនិញ។



សម្រាប់លោក ម៉ានី វិស័យឡូជីស្ទិក (ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនទំនិញ) បានកើតមាននៅក្នុងប្រទេសកម្ពុជាមកយូរហើយ ប៉ុន្តែសាធារណជនហាក់មិនបានចាប់អារម្មណ៍ពី សារសំខាន់នៅ វិស័យនេះ។ ប៉ុន្តែថា អំឡុងពេលនៃការផ្ទុះជំងឺកូវីដ វិស័យដឹកជញ្ជូននេះត្រូវបានមហាជនផ្តល់តម្លៃ ហើយវាបានបង្កើតការងារយ៉ាងច្រើនទៀតផង។

នៅក្រោយដំណើរទស្សនកិច្ចនេះ លោកតំណាងរាស្ត្របានអធិប្បាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«កូវីដ បានផ្តល់មេរៀនដល់យើងថា តើវិស័យឡូជីស្ទីកនេះមានសារសំខាន់យ៉ាងណា? ខ្ញុំជឿថានៅកម្ពុជា វិស័យនេះនៅមិនទាន់លូតលាស់អស់ក្តានុពលទេ។ ក្នុងដំណើរទស្សនកិច្ចនេះ យើងបានឃើញវិស័យដឹកជញ្ជូន logistic ក្នុងក្របខណ្ឌសាកល (global chain) ។ នៅនៅមានឱកាសពង្រីកវិស័យនេះទៀតដើម្បីចូលរួមសេដ្ឋកិច្ចរបស់កម្ពុជាយើងយូរអង្វែង»។



ក្រុមហ៊ុន Kerry WorldBridge Logistics គឺជាក្រុមហ៊ុនដែលមានកិច្ចសហការគ្នារវាងវិនិយោគិនខ្មែរ និងបរទេស។ សម្រាប់លោក ហ៊ុន ម៉ានី ការណ៍នេះបង្ហាញអំពីសមត្ថភាពនៃវិនិយោគិនខ្មែរ ដែលអាចទាក់ទាញវិនិយោគពីបរទេស ដើម្បីបង្កើតធុរកិច្ច និងការងារឱ្យពលរដ្ឋខ្មែរ។

«កុំថាឡើយក្នុងនាមខ្ញុំជាតំណាងរាស្ត្រ សូម្បីក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ខ្ញុំក៏មានមោទកភាព ដែលបានឃើញពលរដ្ឋខ្មែរការងារធ្វើ អាចបង្កើនចំណេះ ជំនាញ និងចំណូលគ្រួសារ។ វាក៏បានបង្ហាញ ឱ្យឃើញផងដែរអំពីតួនាទីនៃវិស័យឯកជននៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេស។»។ នេះជាយល់ឃើញរបស់អ្នកតំណាងរាស្ត្រ ដោយបានកត់សម្គាល់ថាឱកាសនៃដំណើរការអាជីវកម្ម និងការបើក សង្គមសេដ្ឋកិច្ចឡើងវិញបាននៅពេលនេះ បានកើតចេញពីនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងបេសកកម្មគ្រប់គ្រងជំងឺកូវីដ។

ចំពោះលោក ហ៊ុន ម៉ានី នៅពេលដែលរដ្ឋាភិបាលសម្រេចបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅពេលនេះ គេត្រូវក្រឡេកមើលការចាត់វិធានការជាដំណាក់កាលរបស់រដ្ឋាភិបាលក្នុងពេលកន្លងមក។



លោក ហ៊ុន ម៉ានី ពន្យល់យ៉ាងដូច្នេះ៖«ពីខែកុម្ភៈ ដល់ខែវិច្ឆិកានេះ មិនមែនរដ្ឋាភិបាលមិនបានធ្វើអ្វីនោះទេ ហើយគ្រាន់តែដល់ថ្ងៃនឹកឃើញប្រកាសបើកប្រទេសនោះទេ។ មានការតាមដានជា ថ្ងៃ និងម៉ោងតែម្តង ទៅលើអត្រាឆ្លង អត្រាចាក់វ៉ាក់សាំង និងទីតាំងនៃករណីផ្ទុះជំងឺកូវីដ។ ទឡ្ហីករណ៍មួយរបស់សម្តេចតេជោ គឺភ្នុំបិណ្ឌ។ ប្រជាជនចេញដើរលេង តែយើងអាចគ្រប់គ្រងអត្រាឆ្លងបាន»។

លោក បន្តទៀតថា៖«មានការគណនាគ្រប់ជ្រុងជ្រោយ ហើយការវាយតម្លៃជាច្រើន គួបផ្សំនិងកត្តាចាក់វ៉ាក់សាំង ការយល់ដឹងរបស់ប្រជាពលរដ្ឋ ទើបយើងអាចបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។ នេះបានន័យថា យើងគិតពីសុខភាពប្រជាជនជាចម្បងហើយ តែមិនភ្លេចជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទេ។ ដូចសម្ដេចមានប្រសាសនថា បើកសង្គមក្នុងជីវិតថ្មី»។



កម្ពុជាបានបើកសង្គមសេដ្ឋកិច្ចឡើងវិញហើយ ដល់ពេលដែលត្រូវបន្តគិតគូរអំពីការពង្រឹងសមត្ថភាពយុវជនតាមរយៈការរៀនសូត្រ និងការបណ្ដុះបណ្តាល។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន WorldBridge នោះ គឺជាផ្នែកមួយនៃសកម្មភាពដែលមានចែងនៅ ក្នុងអនុស្សារណៈ យោគយល់រវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group)។



ស្ថាប័នទាំងពីរ បាន និងកំពុងសិក្សាគម្រោងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញនានាដល់យុវជនកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះទៀតសោត នឹងផ្តល់ជាវេទិកាចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗ ដើម្បីជាការបំផុសគំនិតដល់យុវជនក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតី សម្រាប់ការត្រៀមខ្លួនប្រឡូកក្នុងទីផ្សារការងារ តាមរយៈកម្មវិធីហ្វឹកហាត់ការងារ៕





© រក្សាសិទ្ធិដោយ thmeythmey.com