ជាតិ
លោក ងួន ញុិល អនុប្រធានទី១រដ្ឋសភា ទទួលមរណភាពក្នុងអាយុ​៧៩​ឆ្នាំ
05, Nov 2021 , 11:06 am        
រូបភាព
លោក ងួន ញុិល អនុប្រធានទី១រដ្ឋសភា​ បាន​ទទួលមរណភាព​ក្នុងអាយុ​៧៩​ឆ្នាំ នា​វេលាម៉ោង​១០ និង​៣០នាទី ថ្ងៃទី​៥​ ខែវិច្ឆិកា នេះ។ លោក មិត្ត ការ៉េន អគ្គ​លេខាធិការ​រងរដ្ឋសភា បាន​បញ្ជាក់​ប្រាប់សារព័ត៌មានថ្មីៗ ថា រដ្ឋសភាកំពុង​រៀបចំបង្កើតគណៈកម្មការរៀបចំពិធីបុណ្យ​សពឥស្សរជន​កំពូល​រូបនេះ។



បើតាមលោក មិត្ត ការ៉េន ប្រហែលជា២០ទៅ៣០នាទីទៀត រដ្ឋសភា នឹងជូនដំណឹងជាផ្លូវការអំពីមរណភាពរបស់លោក ងួន ញ៉ិល។ 

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌  និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) សរសេរលើទំព័រហ្វេសប៊ុកថា លោក ងួន ញ៉ិល ទទួលមរណភាពដោយសាររោគាពាធ។ តាមរយៈទំព័រហ្វេសប៊ុក គណៈកម្មការទី៧នៃរដ្ឋសភា បង្ហាញការសោកស្តាយចំពោះមរណភាពរបស់លោក ងួន ញ៉ិល។

«មរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ដ៏ធំធេងនូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌មួយរូប ព្រមទាំងជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបដែលបានចំណាយពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិតចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ ទាំងក្នុងក្របខណ្ឌនីតីប្រតិបត្តិ និងនីតីបញ្ញាត្តិ។» នេះជាសំណេររបស់គណៈកម្មការទី៧នៃរដ្ឋសភា។ 

លោក ងួន ញ៉ិល កើតនៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកបានបញ្ចប់ថ្នាក់ឧត្តមសិក្សា ផ្នែកវិទ្យាសាស្ត្រសង្គម និង បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ  និងមានសញ្ញាបត្រនៃមហាវិទ្យាល័យគរុកោសល្យ (គ្រូបង្រៀន)។

ពីឆ្នាំ១៩៦៥-១៩៧០ លោកធ្វើគ្រូបង្រៀននៅតាំងក្រសាំង ស្រុកសន្ទុក។ ពីឆ្នាំ១៩៧០-១៩៧៥ ជាមន្ត្រីធ្វើការនៅអធិការដ្ឋានបឋមសិក្សាខេត្តកំពង់ធំ និងនាយកការិយាល័យចិត្តសាស្រ្តគរុកោសល្យ និង ការិយាល័យបុគ្គលិកទទួលបន្ទុកបន្ថែមជានាយតំបន់អធិការកិច្ចស្រុកកំពង់ស្វាយ។

លោកធ្លាប់ធ្វើជាប្រធានភូមិត្រពាំងជ្រៃ ប្រធានឃុំបល្ល័ង្ក ប្រធានស្រុកបារាយណ៍ ដោយប្រជាជនបោះឆ្នោតជ្រើសតាំងទាំង៣លើក ចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ហើយបន្តធ្វើជាប្រធានខេត្ត និងប្រធាននគបាលខេត្ត និងជាលេខាបក្សយោធាខេត្តកំពង់ធំ ដល់ឆ្នាំ១៩៨៤។

ពីឆ្នាំ ១៩៨៤-១៩៨៨ លោកជាលេខាបក្សទីក្រុងភ្នំពេញ លេខាបក្សយោធាក្រុងភ្នំពេញ មុននឹងក្លាយជាជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអគ្គនាយកចម្ការកៅស៊ូ រហូតដល់ឆ្នាំ១៩៩៣។

ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន លោកជាសមាជិករដ្ឋសភាមណ្ឌលកំពង់ធំ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក្នុងអាណត្តិទី១ ហើយឡើងជាអនុប្រធានទី២រដ្ឋសភា។

នៅអាណត្តិទី៣-៤  លោកជាអនុប្រធានទី១រដ្ឋសភា ហើយបន្តតំណែងនេះក្នុងអាណត្តិទី៥ ក៏ប៉ុន្តែនៅ ខែសីហា ឆ្នាំ២០១៤ ដោយមានការឯកភាពនយោបាយ ត្រូវបានជ្រើសតាំងមកជាអនុប្រធានទី២ ហើយក្រោយការដកលោក កឹម សុខា លោកក៏បានកាន់តំណែងជាអនុប្រធានទី១វិញ រហូតមក។

សម្រាប់មុខតំណែងក្នុងគណបក្ស លោកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ៕




© រក្សាសិទ្ធិដោយ thmeythmey.com