ជាតិ
សង្គមជាតិ
លោក វ៉ាត់ ចំរើន៖ ការរត់ពាក់កណ្តាលម៉ារ៉ាតុងឡើងវិញ ជាការបើកផ្លូវទេសចរវ៉ាក់សាំង នៅខេត្តសៀមរាប
05, Nov 2021 , 9:59 pm        
រូបភាព
រួបតំណាង៖ អត្ត​ព​លិ​ក​ដែលរួមទិវារត់ពាក់កណ្តាលម៉ារ៉ាតុន កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១៩
រួបតំណាង៖ អត្ត​ព​លិ​ក​ដែលរួមទិវារត់ពាក់កណ្តាលម៉ារ៉ាតុន កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១៩
ភ្នំពេញ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅតំបន់អង្គរនៃខេត្តសៀមរាប នឹងធ្វើឡើង នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១ ក្រោយខកខានអស់មួយឆ្នាំ ព្រោះតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក វ៉ាត់ ចំរើន  ដែលជាអគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការប្រារព្ធទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះវិញ គឺជាការនាំផ្លូវមួយសម្រាប់កម្ពុជា ក្នុងការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប។

 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅតំបន់អង្គរ ក្នុងទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១។ បើតាមសេចក្តីជូនដំណឹងរបស់NOCC  ការសម្រេចប្រារព្ធពិធីរត់ប្រណាំងឡើងវិញ  ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា មានភាពធូរស្រាល ខណៈរដ្ឋាភិបាល កំពុងបើកសង្គម-សេដ្ឋកិច្ចជាបណ្តើរៗ តាមរយៈការប្រកាសទទួលទេសចរវ៉ាក់សាំងផងដែរ។  
 
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ NOCC បានកំណត់យកពលរដ្ឋជាតិ និងអន្តរជាតិ (អត្តពលិករត់ប្រណាំង)ត្រឹម ២ ៥០០នាក់ប៉ុណ្ណោះ ហើយអ្នកដែលចូលរួមត្រូវគោរពតាមវិធានការសុខាភិបាល ក្នុងការទប់ស្កាត់នឹងឆ្លងរាលជំងឺកូវីដ-១៩។ NOCC បានបញ្ជាក់ថា អត្តពលិកដែលចង់ចូលរួមទិវារត់ប្រណាំងនេះ ជាអ្នកចាក់វ៉ាក់សាំងនូវដូសមូលដ្ឋាន(ដូសទី១) រួចរាល់។
 
អគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានលើកឡើងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ  គឺអនុញ្ញាតឱ្យតែពលរដ្ឋនៅក្នុងស្រុកចូលរួមប៉ុណ្ណោះ។ លោកបានប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ « អ្នក[ចូលរត់]ហ្នឹង គឺយើងបើឱ្យចូលរួមតែអ្នកនៅក្នុងប្រទេសទេ ដោយមានទាំងពលរដ្ឋខ្មែរ និងជនបរទេស​ដែលរស់នៅ[កម្ពុជា]អចិន្ត្រៃយ៍»។ 
 
បើតាមលោក វ៉ាត់ ចំរើន ការប្រារព្ធទិវានេះ​ឡើង គឺជាការនាំផ្លូវមួយសម្រាប់កម្ពុជា ឈានទៅដល់ការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២។ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ​និងជាអគ្គលេខាធិការនៃNOCCរូបនេះ បានបញ្ជាក់ថា៖ «យើងធ្វើព្រឹត្តិការណ៍ហ្នឹងមួយឱ្យវាស៊ីចង្វាក់គ្នាទៅនឹងការត្រៀមបើកទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាបហ្នឹងតែម្តង ហើយយើងនឹងថ្លឹងថ្លែងវាទៅតាមហ្នឹងក្រោយបញ្ចប់ព្រឹត្តិការណ៍»។ 
 
ក្រៅពីនេះ គណៈកម្មការរៀបចំព្រឹត្តិការនេះ នឹងរៀបចំកន្លែងធ្វើតេស្តរហ័ស មុនចូលទីលានរត់ប្រណាំង(ធ្វើតេស្តលើបុគ្គលដែលសង្ស័យមានអាការៈ​កូវីដ-១៩ប៉ុណ្ណោះ។ រក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា ដោយតម្រៀបជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវ ដែលបានកំណត់។ មុនចេញដំណើរត្រូវពាក់ម៉ាសរហូតដល់រយៈចម្ងាយ ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាសចេញ។ ការថែទាំងសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងបំផុត ផងដែរ។
 
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ ត្រូវបានNOCC ផ្តល់អាទិភាពដល់ពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០២០ សូមមកចុះឈ្មោះម្តងទៀត ចាប់ពីថ្ងៃទី៤-២២វិច្ឆិកា។ សម្រាប់អ្នកចុះឈ្មោះថ្មី គឺអាចចុះឈ្មោះបានចាប់ពីថ្ងៃទី២៣វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ ៧៩CEo ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ ឬតាមគេហទំព័រ www.cambododia-event.org ។ 
 
សូមរម្លឹកថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង កាលពីថ្ងៃទី៤សីហា ឆ្នាំ២១៩  គឺមានអ្នកចូលរួម សរុប៣ ៥០០នាក់។  ក្នុងនោះជនបរទេសមាន ១ ៧៥៨នាក់ មកពី៥០​ប្រទេស ហើយជនបរទេសដែលចូលរួមរត់ច្រើន ជាងគេ មានជនជាតិចិន, វៀតណាម និងម៉ាឡេស៊ី៕ 

Tag:
 កីឡា
  NOCC
  មរណីដ្ឋានអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com