ពីនេះ ពីនោះ
ប្រទេសទាំង៥ ដែលផលិតកាហ្វេបានច្រើន និងពិសេសជាងគេក្នុងឆ្នាំ​២០២០
07, Nov 2021 , 10:29 pm        
រូបភាព
រូបភាព៖  Mae Mu-Unsplash
រូបភាព៖ Mae Mu-Unsplash
កាហ្វេ គឺជាភេសជ្ជៈដែលមានប្រជាប្រិយភាពលំដាប់ទី៣ បន្ទាប់ពីទឹក និងតែ ដែលធ្វើឱ្យកាហ្វេ​ក្លាយជាទំនិញមួយក្នុងចំណោមទំនិញលក់ដាច់លំដាប់កំពូលរបស់ពិភពលោក។ កាហ្វេត្រូវ​បានដាំ និងកែច្នៃក្នុងប្រទេសជាង ៧០ តែផលិតផលកាហ្វេមួយ​ចំនួនធំមានប្រភពមកពីទ្វីបអាម៉េរិកខាងត្បូង។ ប្រទេសដែលដាំកាហ្វេបានច្រើនដាច់គេ​ប្រចាំឆ្នាំ​២០២០នោះគឺប្រេស៊ីល។

 
បច្ចុប្បន្ន គេឃើញមានហាងកាហ្វេបើកសឹងគ្រប់ទីកន្លែង ដែលធ្វើឱ្យកាហ្វេក្លាយជាទំនិញមួយ​ក្នុងចំណោមទំនិញលក់ដាច់លំដាប់កំពូលរបស់ពិភពលោក។ កាហ្វេ​ គឺជាភេសជ្ជៈដែលមាន​តម្រូវការខ្ពស់បន្ទាប់ពីទឹក និងតែ។ ក្នុងមួយឆ្នាំៗ កាហ្វេរាប់ពាន់​លានគីឡូក្រាមត្រូវផលិត ដើម្បី​បំពេញតម្រូវកាអ្នកប្រើប្រាស់ទូទាំងពិភពលោក។ 
 
របាយ​ការណ៍របស់អង្គការកាហ្វេអន្តរជាតិ (ICO) បានបង្ហាញថា នៅឆ្នាំ២០២០ ពិភពលោកផលិត​កាហ្វេបានចំនួន ១៦៩,៦ លានបាវ ដែលគិតទម្ងន់សរុបគឺជាង ១០លានតោន។ តាមការចុះផ្សាយលើទំព័រ World Economic Forum កាហ្វេ​ត្រូវបានផលិតនៅជាង៧០ប្រទេស តែប្រទេសកំពូលចំនួន៥ មានកាហ្វេពិសេស និងផលិតបានច្រើន​ជាងគេ​ នោះគឺ៖
 
១. ប្រេស៊ីល 
 
ប្រេស៊ីសជាប្រទេសតែមួយគត់ដែលផលិតកាហ្វេបានច្រើនដាច់គេ គឺ៦៣,៤លានបាវ និង​ក្នុងមួយបាវមានទម្ងន់៦០គីឡូក្រាមជាខ្នាតអន្តជាតិ។ ប្រេស៊ីលអាចផ្គត់ផ្គង់បានជិត៤០​ភាគរយនៃតម្រូវការ​កាហ្វេក្នុងពិភពលោក។ ប្រទេសមួយនេះមានអាកាសធាតុអំណោយ​ផលខ្លាំងចំពោះដំណាំ​កាហ្វេ។ គ្រាប់កាហ្វេរបស់ប្រេស៊ីលមានលក្ខណៈពិសេសមួយខុសប្លែកពី​កាហ្វេប្រទេស​ដទៃពីព្រោះវា​មិនលាងទឹក និងត្រូវបានសម្ងួតដោយប្រើកម្តៅថ្ងៃ។
 
២. វៀតណាម 
 
វៀតណាមជាប្រទេសលំដាប់ពី២ ផលិតកាហ្វេបានច្រើនបន្ទាប់ពីប្រេស៊ីល គឺបាន ២៩លានបាវ។ វៀតណាម​មានទីផ្សារកាហ្វេពិសេសមួយដែលផ្តោតជាចម្បងលើកាហ្វេ Robusta។ គ្រាប់កាហ្វេ Robusta មានតម្លៃថោក និងមានជាតិកាហ្វេអ៊ីនច្រើនជាងគ្រាប់​កាហ្វេ Arabica ទ្វេដង ដែលធ្វើឱ្យវាមានរសជាតិល្វីងជាង។ 
 
៣. កូឡុំប៊ី
 
កូឡុំប៊ីជាប្រទេសដែលផលិតកាហ្វេបានច្រើនលំដាប់ពី៣ គឺបាន១៤,៣លានបាវ។ កាហ្វេ​របស់​កូឡុំប៊ីគឺជាទីពេញចិត្តរបស់មនុស្សជាច្រើនព្រោះវាមានក្លិនឈ្ងុយ រសជាតិស្រាល និងមានជាតិ​ផ្អែមស្រាលពីធម្មជាតិ។ 
 
៤. ឥណ្ឌូណេស៊ី
 
ឥណ្ឌូណេស៊ីជាប្រទេសដែលផលិតកាហ្វេបាន១២លានបាវក្នុងឆ្នាំ២០២០ ធ្វើឱ្យប្រទេសនេះ​ក្លាយជាប្រទេសផលិតកាហ្វេបានច្រើនលំដាប់ពី៤។ ឥណ្ឌូណេស៊ីផ្តោតលើការផលិតកាហ្វេ Kopi Luwak ដែលជាប្រភេទកាហ្វេយកចេញពីលាមកសត្វសំពោច។ វាជាកាហ្វេថ្លៃជាងគេ​ក្នុងពិភពលោក អាចមានតម្លៃចាប់ពី ៣៥ដុល្លារ ដល់១០០ដុល្លារក្នុងមួយពែង។
 
៥. អេត្យូពី
 
អេត្យូពីជាប្រទេសដែលផលិតកាហ្វេបានច្រើនលំដាប់ទី៥ បានចំនួន ៧,៣លានបាវ។ ប្រទេស​នេះផ្គត់ផ្គង់ប្រភេទគ្រាប់កាហ្វេ Arabica មានរសជាតិឈ្ងុយឆ្ងាញ់បំផុត។ បច្ចុប្បន្នវាក្លាយជា​កាហ្វេដែលលក់ដាច់ជាងគេទូទាំងពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com