ជាតិ
សេដ្ឋកិច្ច
ទីស្តីការក្រសួងដែនដី តម្លៃជាង២៨លានដុល្លារ រចនាឡើងបែបស្ថាបត្យកម្មបុរាណ និងសម័យរួមគ្នា
08, Nov 2021 , 9:29 pm        
រូបភាព
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន​
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន​
ភ្នំពេញ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង២៨លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី៨វិច្ឆិកានេះ។ បើតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ ដែលមានសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ដោយលម្អគ្រឿងស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។

 
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៤ហិកតាកន្លះ។ ក្នុងនោះទំហំតួអគារមានបណ្ដោយ១៣២,៧ម៉ែត្រ និងទទឹង មាន៩៤,៧ម៉ែត្រ ជាមួយនឹងកម្ពស់៨ជាន់ដែលមានប្រវែងសរុប ៨៨,៥ម៉ែត្រ។ ក្រោយចំណាយពេលអស់ជាងមួយឆ្នាំក្នុងការសាងសង់ ក្រសួងដែលតម្លៃជាង២៨លានដុល្លារនេះ ក៏ត្រូវបានសម្រេចសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីរបស់សម្តេច ហ៊ុន សែន។ 
 

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន​ 

ក្នុងពិធីសម្ពោធក្រសួងរៀបចំដែនដីថ្មីដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ជា សុផារ៉ា បានបញ្ជាក់ថា អគារនេះរចនាឡើងដោយស្នាដៃផ្ទាល់របស់កូនខ្មែរ ដែលបានប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទកភាពសម្រាប់ជាតិ។ បើតាមរដ្ឋមន្ត្រីក្រសួងដែនដីរូបនេះ អគារទីស្តីការក្រសួង ជាអគារដែលនាំមកនូវមោទកភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូរក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹម ទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ 
 
«អគារនេះ រចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ ដែលមានសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ»។ នេះជាការលើកឡើងរបស់លោក ជា សុផារ៉ា ដោយបន្តរៀបរាប់ថា គ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុក មានកម្ពស់ជាង៣០ម៉ែត្រ ដែលតំណាងឲ្យភ្នំព្រះសុមេរុ មានរួត៧ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺមានភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។
 


សម្រាប់តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង១ភាគ២ នៃតួបាកាណប្រាសាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាងក្រោយចែកចេញជា៣សង្កាត់ ចំណែកផ្នែកខាងឆ្វេងនិងខាងស្តាំចែកជា២សង្កាត់ និងមាន ទម្រង់ ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង៣ទិស។
 
លោក ជា សុផារ៉ា បានបញ្ជាក់ អគារនេះត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ទើបបានបញ្ចប់ការសាងសង់ទាំងស្រុង ហើយបានសម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៨វិច្ឆិកានេះ។ បច្ចុប្បន្ន ទីកន្លែងអគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ហើយក៏បានក្លាយជាទីលំហែកាយដ៏ស្រស់ស្អាតសម្រាប់ពលរដ្ឋ ក្នុងការដើរហាត់ប្រាណ ដើរលេងកម្សាន្ត ជារៀងរាល់ថ្ងៃផងដែរ៕  

Tag:
 ក្រសួងរៀបចំដែនដី
  លោក ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com