ជាតិ
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល នឹងជួយស្តារវិស័យទេសចរណ៍ពីវិបត្តិកូវីដ-១៩
10, Nov 2021 , 9:59 pm        
រូបភាព
លោក ថោង ខុន  (ឆ្វេង) និងលោក ហ៊ុន ម៉ានី
លោក ថោង ខុន (ឆ្វេង) និងលោក ហ៊ុន ម៉ានី
ភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមជាមួយក្រសួងទេសចរណ៍ សម្រេចប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីចូលរួមស្តារវិស័យទេសចរណ៍​ដែលរងគ្រោះពីវិបត្តិកូវីដ-១៩។​ វគ្គបណ្តុះបណ្តាលនេះ នឹងអភិវឌ្ឍចំណេះនិងជំនាញឌីជីថល ដល់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាមន្ត្រីនៅក្នុងវិស័យវិស័យទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

 
ការធ្វើឌីជីថលរូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ ដើម្បីធានានូវឧត្តមភាពនៃការប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទឧស្សាហកម្ម៤.០ និងស្តារវិស័យមួយនេះឡើងវិញ ក្រោយរងគ្រោះយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំមកនេះ។ ការវិវត្តន៍យ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យា គឺស្របតាមតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់បានផលិតផលនិងសេវាកម្មល្អ។
 

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃសភា

បើតាមលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ការសម្រេចដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជានេះ  ដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានាបច្ចុប្បន្ន  សម្រាប់ចូលរួមស្ដារឡើងវិញ នូវកំណើនទេសចរណ៍ជាតិ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ 
 
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា នៅថ្ងៃទី១០វិច្ឆិកា លោក ហ៊ុន ម៉ានី និយាយដូច្នេះ៖ «បច្ចុប្បន្នបច្ចេកវិទ្យា លែងជាជម្រើសទៀតហើយ តែវាបានក្លាយតម្រូវការចាំបាច់ដែលត្រូវឆ្លើយតបដោយត្រូវស្របយក និងការសម្របខ្លួនតាមនិន្នាការថ្មី ដើម្បីរក្សាភាពក្រកួតប្រជែងនៅក្នុងអាជីវកម្ម​។ ជាពិសេសនៅក្នុងវិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ផ្ទាល់តែម្តង»។  
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០រូបនេះ បន្តលើកឡើងថា បច្ចុប្បន្ន វិស័យទេសចរណ៍ទាំងក្នុងកម្រិតសាកលលោក កម្រិតតំបន់ ក៏ដូចជានៅកម្ពុជា ចាប់ផ្តើមទាក់ទាញយកសក្កានុពល​ពីបច្ចេកវិទ្យាថ្មីៗជាច្រើន​​ ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ ដែលកើនឡើង​ឥតឈប់ឈរនិងការប្រែប្រួលយ៉ាងរហ័ស ជាពិសេសការប្រើប្រាស់ឌីជីថល ឆ្លើយតបនិងវិបត្តិកូវីដ-១៩ ផងដែរ។ 
 
«អក្ខរកម្មឌីជីថល គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏ចំបាច់បំផុតមួយដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ព្រោះថាមូលដ្ឋានគ្រឹះចម្បងបំផុតដែលមិនអាចខ្វះបានគឺធនធានមនុស្ស»។ នេះជាអះអាងរបស់លោក ហ៊ុន ម៉ានី ដោយបញ្ជាក់ថា៖ «មនុស្ស និងបច្ចេកវិទ្យា ត្រូវដើរទន្ទឹមគ្នា ដើម្បីឆ្ពោះទៅសម្រេចការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយតម្រូវឱ្យកម្លាំងពលកម្មមានចំណេះនិងជំនាញ អាចចេះប្រើប្រាស់នូវបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ដើម្បីទាញយកសក្កានុពលនិងផលប្រយោជន៍ពីបច្ចេកវិទ្យា»។ 
 
បើតាមលោកហ៊ុន ម៉ានី ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា គឺជាកិច្ចអទិភាពដែលត្រូវធ្វើជាចាំបាច់និងជាប្រចាំតាមគ្រប់ទម្រងនិងគ្រប់កម្រិត ដែលត្រូវផ្តោត​ទាំងបរិមាណនិងគុណភាព ​ដោយមានសហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០  ជាតួអង្គក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះ។ 
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ការគិតលើអក្ខរកម្មឌីជីថល​ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញនិងការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា តាមរយៈការទាញយកសក្កានុពលពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់បម្រើដល់ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ។  លោក ថោង ខុន បាននិយាយដូច្នេះ៖ « ការប្រើប្រាស់បច្ចេកវិទ្យា គឺជាការដោះស្រាយយ៉ាងល្អនិងចាំបាច់មួយទាំងក្នុងនិងក្រោយវិបត្តិកូវីដ-១៩ នៃការស្តារឡើងវិញនូវវិស័យទេសចរណ៍ ប្រកបដោយឧត្តមភាពប្រកួតប្រជែង»​។
 

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​

បើតាមលោក ថោង ខុន ដើម្បីជំរុញយុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាពនោះ គឺត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ឱ្យស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម៤.០។ លើសពីនេះ ការបណ្តុះបណ្តាលនោះ ត្រូវជំរុញឱ្យមានការទទួលយក និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានទូលំទូលាយ នៅក្នុងគ្រប់ខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍កម្ពុជាទាំងក្នុង ផ្នែកតម្រូវការនិងផ្នែកផ្គត់ផ្គង់ និងត្រូវជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយផ្ដល់ព័ត៌មានទេសចរណ៍ ទាំងសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយប្រើប្រាស់ថ្នាលឌីជីថល។
 


លោក អាំង សុវណ្ណរ័ត្ន ដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា នឹងផ្តោតសំខាន់ទៅលើជំនាញចំនួន២កម្រិត គឺអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ។ បើតាមលោក  សុវណ្ណរ័ត្ន សម្រាប់អក្ខរកម្មមូលដ្ឋាន មជ្ឈមណ្ឌលកម្ពុជា៤.០ នឹងបណ្តុះបណ្តាលឬពង្រឹងសមត្ថភាពពលរដ្ឋដែលជាតួអង្គទេសចរណ៍ឱ្យចេះស្វែងរក និងចេះប្រើប្រាស់បច្ចេកវិទ្យា ហើយឈានដល់ការចេះបង្កើត​រាល់មតិកាខ្លឹមសារជាឌីជីថល ដោយសុវត្ថិភាព និងមានភាពត្រឹមត្រូវ​។ 
 
ដើម្បីឱ្យពលរដ្ឋចេះស្វែងរកនិងប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា​ ក៏ដូចជាឧបករណ៍ឌីជីថលនានាដែលកំពុងមាននាពេលសព្វថ្ងៃនេះ គឺចាំបាច់ឱ្យអ្នកប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ត្រូវមានចំណេះ និងជំនាញមួយចំនួន។ លោក អាំង សុវណ្ណរ័ត្ន  បាននិយាយដូច្នេះ៖ «នៅក្នុងនោះ យើងបានរៀបចំកម្មវិធីសិក្សាដោយផ្តោតលើការងារដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជារួម ហើយក៏យើងយកទៅអនុវត្តនៅក្នុងវិស័យដទៃទៀតបានផងដែរ នាពេលខាងមុខ»។  
 
ដោយឡែក ចំពោះអក្ខរកម្មជំនាញ ការបណ្តុះបណ្តាល នឹងផ្តោតទៅម៉ូដែលមួយចំនួនដែលចំាំបាច់ក្នុងការបំពេញការងារ និងការប្រកបអាជីវកម្មរបស់វិស័យឯកជន និងមន្ត្រីរាជការនៅក្នុងវិស័យទេសចរណ៍។   លោក អាំង សុវណ្ណរ័ត្ន បានបញ្ជាក់ថា សម្រាប់ការបណ្តុះបណ្តាលអក្ខរកម្មជំនាញនៅក្នុងវិស័យទេសចរណ៍ មជ្ឈមណ្ឌលកម្ពុជា៤.០ នឹងផ្តោតទៅលើការធ្វើទីផ្សារបែបបច្ចេកវិទ្យា(Digital Marketing ) ការគ្រប់គ្រងទិន្នន័យ ការវិភាគនិងបកស្រាយទិន្នន័យ ការរចនាក្រាភិច និងសហគ្រិនភាពឌីជីថល។ 
 


សិក្ខាកាមដែលអាចចូលរួមកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា គឺជាមន្ត្រីទេសចរណ៍ បុគ្គលិក-ម្ចាស់អាជីវកម្មទេសចរណ៍ និងអ្នកប្រតិបត្តិការផ្សេងៗនៅក្នុងវិស័យនេះ។ បើតាមលោក អាំង សុវណ្ណរ័ត្ន សម្រាប់វគ្គសិក្សាអក្ខរកម្មឌីជីថលនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២១  មជ្ឈមណ្ឌលកម្ពុជា៤.០ ទទួលបានអ្នកចុះឈ្មោះរៀនចំនួន២០០នាក់ ដោយបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសិក្សា ពីលោក ហ៊ុន ម៉ានី ជាមួយនឹងលោក ថោង ខុន  ផងដែរ៕ 

Tag:
 Digital
  អក្ខរកម្ម
  លោក ហ៊ុន​ ម៉ានី
  លោក ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com