អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរនៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (CAMBODIA) Co., LTD.
11, Nov 2021 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
នាវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., មានការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរ ការឧបករណ៍វាស់ចំណុះស្រាបៀរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក WONG Chung Wah Samson នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន។
 
ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ជាពិសេស ចំណូលអាករពិសេសលើផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពគ្នា អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំលេខ ១៥០២៤ អពដ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរារបស់សហគ្រាសផលិតក្នុងស្រុកស្របតាមខ្លឹមសារប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 



សហគ្រាសផលិតក្នុងស្រុកមានកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះតាមចំណុច ទីតាំង និងស្តង់ដារបច្ចេកទេសត្រឹមត្រូវដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានកំណត់ពេលវេលានៃការចាប់ផ្តើមអនុវត្តប្រើប្រាស់ឧបករណ៍វាស់ចំណុះនេះចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ឧបករណ៍វាស់ចំណុះនឹងតភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិច ដោយផ្ទាល់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ (Network) របស់អគ្គនាយកដ្ឋានពន្ធដារ និងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ដែលឧបករណ៍នេះមាន ១.នាឡិកាវាស់ចំណុះ (Flowmeter) ២.នាឡិកាវិភាគសារធាតុរាវនៅខ្សែចង្វាក់ផលិតកម្មវេចខ្ចប់ (Conductivity meter) និង ៣.ប្រអប់ត្រួតពិនិត្យទិន្នន័យ (Field Control Box)។ ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ មានមូលដ្ឋានជាក់លាក់ក្នុងការផ្ទៀងផ្ទាត់ និងតាមដានការប្រកាស និងបង់ប្រាក់ពន្ធរបស់សហគ្រាស និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព (Level playing field)។
 


ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., ដែលជាសហគ្រាសមួយមានអនុលោមភាពសារពើពន្ធខ្ពស់ និងជាក្រុមហ៊ុនដែលបានស្ម័គ្រចិត្តចូលរួមសហការ និងបានបំពាក់ឧបករណ៍វាស់ចំណុះនេះមុនគេ ហើយព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរដ្ឋាភិបាល ដែលតាមរយៈលិខិតចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចពន្ធដារផ្ទៃក្នុង ជាពិសេស៖
១.បានបង់ពន្ធជូនរដ្ឋច្រើនជាងគេលំដាប់ទី១ ក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា 
២.មានអនុលោមភាពសារពើពន្ធខ្ពស់ប្រភេទ “មាស” និង 



៣.ជាក្រុមហ៊ុនដំបូង និងឈានមុខគេក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមសហការដំឡើង និងប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា បើទោះជាស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នេះក៏ដោយ ក៏លទ្ធផលនៃការប្រមូលចំណូលពន្ធដារអាចនៅមានស្ថានភាពល្អប្រសើរ ដែលនេះគឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការចាត់វិធានការជាយុទ្ធសាស្រ្តក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចធ្វើឱ្យប្រទេសកម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកានេះ។
 


ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «មានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានសុរាមួយចំនួនទៀត បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយបានត្រៀមរៀបចំដំឡើងឧបករណ៍វាស់ចំណុះនេះ ដែលអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ ហើយសង្ឃឹមយ៉ាងមុតមាំថា នឹងមានសហគ្រាសផលិតស្រាបៀរនិងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះ។ ការចាប់ផ្តើមថ្ងៃនេះ គឺជាគំរូល្អក្នុងការអនុវត្តសម្រាប់សហគ្រាសក្នុងវិស័យដូចគ្នានេះ ហើយវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានដ៏សំខាន់របស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តម គង់ វិបុល បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ ពិនិត្យខ្សែចង្វាក់ផលិតកម្មក្នុងរោងចក្រ ព្រមទាំងបានធ្វើការបិទសៀលសុវត្ថិភាព (Security Seal) លើឧបករណ៍វាស់ចំណុះ និងប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវឧបករណ៍នេះ។»


 
ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រគល់លិខិតសរសើររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោក WONG Chung Wah Samson នាយកគ្រប់គ្រងក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd., ផងដែរ។
 



ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានធ្វើសន្និសីទកាសែត ដោយផ្តល់ឱកាសជូនអ្នកសារព័ត៌មានក្នុងការសួរសំណួរពាក់ព័ន្ធនឹងយន្តការនេះ និងអំពីការគ្រប់គ្រងប្រមូលចំណូលពន្ធដារជារួមផងដែរ។
ខ្លឹមសារសំខាន់នៃសនិ្នសីទកាសែត៖
  • ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានដាក់ដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាដំបូងគេសម្រាប់ក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd.,
  • ជំរុញលើកទឹកចិត្តដល់សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផ្សេងៗទៀតចូលរួមអនុវត្តកាតព្វកិច្ចនេះ ពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជាការចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ និងប្រកួតប្រជែងដោយស្មើរភាពគ្នា និងដើរតួនាទីជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល
  • លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២១ នេះ គឹមត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នាឆ្នាំ២០២០ ក៏ប៉ុន្តែសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១
  • អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញវិធានការបុរេសកម្ម ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការលំបាកនានាក្នុងបរិបទនៃការរីករាតត្បាតជំងឺកូវីដ-១៩ ក្នុងនោះបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ Tol E-Filing និងការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing, ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ E-Payment, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំលិខិតរដ្ឋបាល និង/ឬឯកសារនានាតាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិច (E-Document Submission System) តាមរយៈអាសយដ្ឋាន https://file-revenue.tax.gov.kh/eUploader/ ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវការទូទាត់ប្រាក់ពន្ធដោយស្វ័យប្រវត្តិតាមទូរស័ព្ទដៃ
  • កំណែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ ដោយសម្រេចឱ្យបានរដ្ឋបាលកិច្ចល្អ និងឈានទៅសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ ដែលស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល៕
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com