ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក រ៉ុង ឈុន និងមនុស្ស៤នាក់ទៀត បានចេញពីពន្ធនាគារវិញ
12, Nov 2021 , 11:02 am        
រូបភាព
លោក រ៉ុង ឈុន (ពាក់វែនតាខ្មៅ) ត្រូវបានសមត្ថកិច្ចពន្ធនាគារ ដឹកយកទៅសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីអង្គការលីកាដូ
លោក រ៉ុង ឈុន (ពាក់វែនតាខ្មៅ) ត្រូវបានសមត្ថកិច្ចពន្ធនាគារ ដឹកយកទៅសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីអង្គការលីកាដូ
លោក រ៉ុង ឈុន ទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាមេសហជីពល្បីឈ្មោះម្នាក់ នឹងបានចេញពីពន្ធនាគារនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះបើតាមលោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន។



នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា សាលាឧទ្ធរណ៍ បានសម្រេចបន្ថយទោសលោក រ៉ុង ឈុន ដែលត្រូវជាប់ពន្ធនាគារ២៤ខែ (២ឆ្នាំ) មកនៅត្រឹម១៥ខែ១១ថ្ងៃវិញ។ ទោស៨ខែ១៩ថ្ងៃទៀតរបស់លោក ត្រូវព្យួរ (មិនជាប់ពន្ធនាគារ)។ លោក ត្រូវតុលាការ ចេញដីកាឃុំខ្លួននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ គិតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺគ្រប់រយៈពេល១៥ខែ១១ថ្ងៃល្មម ដែលលោក នឹងត្រូវដោះលែង។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវី សំ សុគង់ សាទរចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។ តែលោក ក៏នៅតែសោកស្តាយខ្លះដែរ ព្រោះលោក រ៉ុង ឈុន ជាកូនក្តីរបស់លោក មិនត្រូវបានសាលាឧទ្ធរណ៍ ទម្លាក់បទចោទចេញនោះទេ និងនៅដាក់លក្ខខណ្ឌមួយចំនួនទៀត។ លោក បន្តថា ការរក្សាទុកបទចោទ និងការដាក់លក្ខខណ្ឌនេះ ធ្វើឲ្យតុលាការ អាចហៅលោក រ៉ុង ឈុន ទៅបង្ហាញខ្លួនបានគ្រប់ពេល។ ម្យ៉ាងទៀត លោក រ៉ុង ឈុន នៅតែត្រូវបង់ប្រាក់ប្រមាណ៤០០លានរៀល ទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែន ជាម្ចាស់បណ្តឹងរដ្ឋប្បវេណី និងបង់២លានរៀល ចូលទៅរដ្ឋ។

បើតាមលោក សំ សុគង់ មនុស្ស៤នាក់ទៀត គឺលោក ប៉ែន ច័ន្ទសង្គ្រាម យុវជន ហ៊ុន វណ្ណៈ យុវតី ស កណិកា និង យុវតី ឈឿន ដារ៉ាវី ក៏នឹងត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកានេះជាមួយលោក រ៉ុង ឈុន ដែរ។ 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com