ជាតិ
កូរ៉េ នឹងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ-បសុសត្វ ដើម្បីជំរុញការនាំចេញរបស់កម្ពុជា
12, Nov 2021 , 6:59 pm        
រូបភាព
រូបតំណាង៖ កសិកដ្ឋានចិញ្ចឹមជ្រូក នៅខេត្តកំពង់ធំ
រូបតំណាង៖ កសិកដ្ឋានចិញ្ចឹមជ្រូក នៅខេត្តកំពង់ធំ
ភ្នំពេញ៖  សាធារណរដ្ឋកូរ៉េ គ្រោងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញផលិតផលសត្វ របស់កម្ពុជានាអនាគត។ បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វនេះ ស្ថិតនៅក្នុងទំហំថវិកា ៨លានដុល្លារ។

 
ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយឱ្យកម្ពុជា តាមរយៈគម្រោងសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ និងសត្វ។ នេះជាការលើកឡើងរបស់លោក វេង សាខុន ដោយបញ្ជាក់ថា គម្រោងនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វ ដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញផលិតផលសត្វ នាពេលអនាគត។ 


 
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Hyunjun Rho នាយកប្រតិបត្តិនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services កាលពីថ្ងៃទី១១វិច្ឆិកា លោក វេង សាខុន បានបញ្ជាក់ថា គម្រោងនេះដែលកូរ៉េឱ្យកម្ពុជានេះ នឹងអនុវត្តពីឆ្នាំ២០២៣-២០២៧ ជាមួយនឹងកញ្ចប់ថវិកាប្រមាណ៨លានដុល្លារ។
 
បើតាមលោក វេង សាខុន តាមរយៈគម្រោងនេះ នឹងពង្រឹងសមត្ថភាពធនធានមនុស្ស លើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ ពង្រឹងសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ និងបទដ្ឋានគិតិយុត្តក្រោមច្បាប់ រួមទាំងមានការកសាងវិទ្យាស្ថានជាតិបសុសត្វ នៅកម្ពុជា។
 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

ជាមួយគ្នានេះ លោក វេង សាខុន ក៏ស្នើដល់ក្រុមការងារបេសកកម្មកូរ៉េ ឱ្យជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វក្នុងស្រុក ដែលអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វនៅកម្ពុជា នាពេលខាងមុខ។ ជុំវិញសំណើរនេះ តំណាងបេសកកម្មកូរ៉េ បានឆ្លើយតបដោយការសន្យាថា កូរ៉េ នឹងសិក្សារួមបញ្ចូលទៅក្នុងគម្រោង ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វរបស់កម្ពុជា នាពេលអនាគត។ នេះបើតាមលើកឡើង របស់រដ្ឋមន្ត្រីកសិកម្ម៕ 

Tag:
 មន្ទីរពិសោធន៍
 ផលិតផលសត្វ
  បសុសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com