ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្មានមិនដល់សោះ! ជំងឺគេងមិនលក់ អាចមកពីបញ្ហាទឹកនោមផ្អែម និងបញ្ហាសុខភាព ៤នេះ
13, Nov 2021 , 6:59 am        
រូបភាព
ឧស្សាហ៍គេងមិនលក់មែនទេ? បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖

 
១. ជំងឺទឹកនោមផ្អែមប្រភេទទី ២
 
មួយក្នុងចំណោមរោគសញ្ញាដែលផ្សារភ្ជាប់នឹងជំងឺនេះ គឺការបែកញើសពេលយប់ដោយសារជាតិស្ករធ្លាក់ចុះទាបកំឡុងពេលនេះ និងនោមញឹកដែលនាំឱ្យអ្នកពិបាកនឹងគេងលក់ណាស់។
 
២. ជំងឺធ្លាក់ទឹកចិត្ត
 
ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។
 
៣. អស់រដូវ
 
ស្ត្រីសឹងតែគ្រប់រូបមានការព្រួយបារម្ភពីថ្ងៃដែលការអស់រដូវឈានមកដល់។ នោះក៏ព្រោះតែបញ្ហានេះអាចបង្កអាការៈគួរអោយរំខានជាច្រើន រួមទាំងការគេងមិនលក់។ ហេតុអ្វីទើបស្ត្រីអស់រដូវពិបាកក្នុងការគេងលក់? នោះក៏ព្រោះតែពួកគេត្រូវជួបប្រទះបញ្ហាបែកញើសច្រើន ឬអារម្មណ៍ក្ដៅភាយដែលជារោគសញ្ញាទូទៅបំផុតនៃការអស់រដូវ។ 
 
៤. ច្រាលទឹកអាស៊ីតក្រពះ
 
ប្រសិនបើអ្នកចង់គេងបានស្កប់គ្រប់គ្រាន់ក្នុងមួយយប់ៗ ចូរធ្វើយ៉ាងណាចៀសឱ្យផុតពីបញ្ហាច្រាលអាស៊ីតក្រពះ។ នេះក៏ព្រោះតែវាអាចបង្កអាការៈក្រហាយទ្រូងដែលងាយនឹងប្រែជាធ្ងន់ធ្ងរឡើងនៅពេលគេង។ ជាពិសេសប្រសិនបើអ្នកបានទទួលទានអាហារសម្បូរខ្លាញ់មិនល្អ, សម្បូរជាតិអាស៊ីត ឬអាហារហឹរៗផង។ ទោះជាយ៉ាងណាការផ្លាស់ប្ដូររបបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃខ្លះអាចជួយដោះស្រាយបញ្ហាច្រាលអាស៊ីតក្រពះ រួមបញ្ចូលទាំងបញ្ហាគេងមិនលក់បានយ៉ាងប្រសើរ។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំគ្រប់គ្រងបញ្ហាសុខភាពនេះបានផងដែរ។
 
៥. បញ្ហាក្រពេញទីរ៉ូអ៊ីត
 
ជំងឺក្រពេញទីរ៉ូតអ៊ីត Hyperthyroidism អាចជះផលប៉ះពាល់ដល់ការគេងលក់បានស្កប់ ខណៈដែលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់ៗ និងអាចបែកញើសខ្លាំងពេលយប់ផងដែរ។ ចំពោះជំងឺក្រពេញទីរ៉ូអ៊ីត Hypothyroidism អាចធ្វើឱ្យអ្នកងងុយគេងខ្លាំងនៅពេលថ្ងៃ ជាលទ្ធផលលែងសូវងងុយគេងពេលយប់។
 
ទោះជាយ៉ាងណាប្រសិនបើអ្នកពិបាកនឹងគេងលក់នៅពេលយប់ អ្នកអាចនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com