ជាតិ
ព្រះអង្គ ព្រហ្ម សុជាតិ អាចធ្វើសំឡេងសត្វព្រៃច្រើនប្រភេទ និងអាចហៅសត្វឱ្យមកជិតព្រះអង្គបាន
13, Nov 2021 , 12:59 pm        
រូបភាព
សាមណេរ ព្រហ្ម សុជាតិ កំពុង​កាន់​ចំណីសត្វ​ទោច​ម្កុត
សាមណេរ ព្រហ្ម សុជាតិ កំពុង​កាន់​ចំណីសត្វ​ទោច​ម្កុត
កំពង់ស្ពឺ៖ សាមណេរ ព្រហ្ម សុជាតិ ហៅលោកតាធម្មជាតិ ចេះធ្វើសំឡេងសត្វបានច្រើនប្រភេទ ដូចជាសត្វទោចម្កុត ស្វា ក្ងោក ខ្លាឃ្មុំ មាន់ព្រៃ មាន់ទោរ និងសត្វសេកជាដើម។ ពិសេសជាងនេះទៅទៀតនោះ ព្រះអង្គអាចហៅសត្វព្រៃទាងនោះ ឱ្យមកជិតព្រះអង្គបានថែមទៀតផង។




ជារឿងក៏កម្រនៅក្នុងប្រទេសកម្ពុជា ហើយក៏សម្រាប់ពិភពលោកផងដែរ ដែលមានព្រះសង្ឃអាចធ្វើសំឡេងសត្វព្រៃបាន ហើយមិនមែនសត្វតែមួយប្រភេទឡើយ គឺសត្វច្រើនប្រភេទ ដែលមានវត្តមានក្នុងព្រៃមេត្តាធម្មជាតិ។ 
 
ក្នុងសត្វមួយប្រភេទ ព្រះអង្គ ព្រហ្ម សុជាតិ អាចធ្វើសំឡេងបានច្រើនបែប ដូចជាធ្វើសំឡេងពេលដែលសត្វទាំងនោះ ស្រែកបង្កូកប្រាប់គ្នា ពីកន្លែងដែលពួកវាស្នាក់នៅ(ស្រែកប្រាប់គ្នាវាថា ពេលនេះវាទំលើដើមឈើណាមួយដើម្បីដេកពេលយប់)។ ធ្វើសំឡេងសត្វពេលប្រកាសអាសន្ន(ពេលមានសត្រូវចង់បៀតបៀន)។ ធ្វើសំឡេងពេលពួកវាព្រាត់គូ(ពេលដៃគូរបស់ពួកវាស្លាប់ ឬត្រូវមនុស្សចាប់ ឬបែកពីដៃគូដោយប្រកាណាមួយ)។ ព្រះអង្គ អាចធ្វើសំឡេងពេលសត្វព្រាត់កូន ឬធ្វើសំឡេងសត្វ ពេលដែលសត្វទាំងនោះសប្បាយរីករាយជាដើម។
 
សាមណេរ ព្រហ្ម សុជាតិ មានថេរដីកាបញ្ជាក់ ស្របពេលដែលព្រះហស្ដរបស់ព្រះអង្គ កាន់ចានដែកតូចល្មម មានចេក និងនំមួយចំនួនជាចំណី សម្រាប់សត្វទោចម្កុតក្នុងព្រៃ ថា ការចេះស្ដាប់ ចេះធ្វើសំឡេងសត្វ ក៏ដូចជាអាចហៅសត្វឱ្យមកជិតព្រះកាយព្រះអង្គបាន ក៏ព្រោះតែព្រះអង្គស្ដាប់សំឡេងសត្វទាំងនោះរាល់ថ្ងៃ។ ចំណុចសំខាន់ជាងនេះ គឺព្រះអង្គបានបង្ហាញពីក្ដីមេត្តា ករុណា ការអភ័យ និងការផ្ដល់អារម្មណ៍សុវត្ថិភាពដល់សត្វ ទើបសត្វទាំងនោះ ហ៊ានមកជិតព្រះអង្គដូច្នេះ។
 
សាមណេរ ព្រហ្ម សុជាតិ ពន្យល់៖«រឿងខ្លះយើងមិនបៀតបៀនគេ គេនៅជាសុខ។ រឿងខ្លះយើងមិនបៀតបៀនគេ គេក៏មិនបៀតបៀនយើងដែរ។ រឿងខ្លះយើងឱ្យគេសុខ គេក៏ឱ្យយើងសុខ។ កាលណាអំណាចយើងខ្លាំងជាងគេ យើងទៅបៀតបៀនគេ គេនៅមិនសុខទេ ហើយគេក៏រត់គេច។ ពេលណាអំណាចគេខ្លាំងជាយើងគេបៀតបៀនយើង យើងក៏នៅមិនសុខដែរ។ ដូច្នេះយើងឱ្យសុខគ្នាទៅវិញទៅមកទៅ យើងក៏អាចរស់នៅជាមួយគ្នាបានដែរ»។ 
 
កំពុងឈរក្នុងព្រៃមេត្តាធម្មជាតិមើលព្រះសង្ឃហៅសត្វទោចឱ្យមកស៊ីចំណី លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការ Wildlife Alliance បានប្រាប់សារព័ត៌មានថ្មីៗថា នៅលើពិភពលោក កម្រមានមនុស្សអាចធ្វើសំឡេងសត្វព្រៃដូចបែបនេះណាស់។ 
 
ឈរក្រោមដើមឈើច្រើនប្រភេទ ដែលមានទំហំធំល្មមក្នុងព្រៃស្រោង នៃព្រៃមេត្តាធម្មជាតិ លោក និក ថា ព្រះសង្ឃនៅកម្ពុជាអាចធ្វើបាន ហើយនេះគឺជារឿងមិនធម្មតា ដែលព្រះសង្ឃអាចហៅសត្វព្រៃឱ្យមកជិតខ្លួនបាន។


លោក និក ម៉ាក ពាក់​អាវចំហលេវ បង្ហាញអាវ​យឺត​សខាង​ក្នុង និង​មាន​ពាក់មួក ឈរច្រត់ចង្កេះ

«ប្រសិនបើខ្ញុំបិទភ្នែក ហើយខ្ញុំឮសំឡេងសត្វដែលព្រះសង្ឃបានធ្វើ ចិត្តរបស់ខ្ញុំគិតថា នោះគឺជាសំឡេងសត្វក្ងោកពិតៗ។ មានន័យថា ព្រះសង្ឃធ្វើដូចសំឡេងសត្វនោះខ្លាំងណាស់។ សត្វទោចក៏ព្រះអង្គធ្វើសំឡេងដូចដែរ។ គាត់ចូលក្នុងព្រៃហៅសត្វទោចឱ្យមកជិតគាត់ កម្រណាស់នៅលើពិភពលោក ប៉ុន្តែនៅស្រុកខ្មែរអាចធ្វើបាន។ ការការពារព្រៃនិងសត្វព្រៃនៅទីនេះ គឺជាគំរូល្អណាស់សម្រាប់ស្ថាប័នរដ្ឋនៅស្រុកខ្មែរ សម្រាប់ក្រសួងបរិស្ថាន និងសម្រាប់រដ្ឋបាលព្រៃឈើ ដើម្បីការពារព្រៃហ្នឹង»។ នេះជាការបញ្ជាក់របស់លោក និក ម៉ាក ដែលបានផ្ដល់សត្វទោចម្កុតញីមួយក្បាល ឱ្យបានជាគូជាមួយសត្វទោចម្កុតឈ្មោលមួយក្បាល ដើម្បីរស់នៅក្នុងព្រៃមេត្តាធម្មជាតិ។
 
ក្នុងដំណើរនិមន្តចូលក្នុងព្រៃ ដើម្បីយកចំណីឱ្យសត្វទោចម្កុត ព្រះសង្ឃ ព្រហ្ម សុជាតិ ក៏បានអះអាងថា ព្រះអង្គអាចធានាធ្វើឱ្យសត្វព្រៃ មកដើរជាមួយមនុស្សបាន ឱ្យតែមនុស្សផ្ដល់អភ័យ និងផ្ដល់សន្តិសុខឱ្យសត្វទាំងនោះ។ ព្រះអង្គក៏ហ៊ានអះអាងទៀតថា ព្រះអង្គអាចផ្សាំងសត្វក្នុងព្រៃបានច្រើនប្រភេទ ដោយសត្វមិនភ័យខ្លាចពេលនៅជិតព្រះអង្គ។ 
 
«ស្រុកយើងញាតិញោមមិនសូវយល់ ឃើញតែចាប់ កាប់ សម្លាប់ យកទៅទទួលទាន យូរទៅបាត់សត្វព្រៃអស់ ដោយមិនដឹងខ្លួន ហើយតាំងមកត្អូញថា បាត់គោព្រៃ បាត់រមាស ហួសពេលហើយ»។ នេះជាការត្អូញត្អែររបស់ព្រះសង្ឃ ដែលបានថែរក្សាសត្វព្រៃក្នុងព្រៃមេត្តាធម្មជាតិ ព្រហ្ម សុជាតិ។


 សាមណេរ ព្រហ្ម សុជាតិ ឈរ​ជា​មួយ​លោក ទ្រី ស៊ីថេង ប្រធាន​បុគ្គលិក នៃ​អង្គការ Wildlife Alliance

សូមបញ្ជាក់ថា ព្រៃមេត្តាធម្មជាតិ ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅទីនោះ មានសត្វក្ងោក ទោចម្កុត ស្វា ខ្លាឃ្មុំ មាន់ព្រៃ មាន់ទោរ ក្ងាន់ញែង ជ្រូកព្រុល ជ្រូកព្រៃ ទន្សោង និងមានសត្វច្រើនប្រភេទទៀត។ ប្រសិនបើមានការចូលរួមការពារព្រៃនៅទីនេះ ឱ្យមានសន្តិសុខសម្រាប់សត្វបានរស់នៅ ព្រះសង្ឃ សុជាតិ ហ៊ានធានាអះអាងថា ព្រះអង្គអាចធ្វើឱ្យព្រៃមេត្តាធម្មជាតិ កាន់តែមានសត្វព្រៃច្រើនប្រភេទជាងសព្វថ្ងៃនេះទៀត។ 
 
ព្រះអង្គ ព្រហ្ម សុជាតិ បានចូលទៅដល់ព្រៃមេត្តាធម្មជាតិ និងបានថែរក្សាសត្វព្រៃ និងព្រៃឈើ តាំងពីចុងឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន។ ព្រះភិក្ខុអង្គដដែល ក៏បានមានថេរដីកាផងដែរថា សូមចូលរួមថែរក្សាព្រៃមេត្តាធម្មជាតិ ដើម្បីឱ្យសត្វព្រៃរស់នៅ សម្រាប់ជាសម្បត្តិដល់ក្មេងជំនាន់ក្រោយ៕
 
 

Tag:
 កំពង់ស្ពឺ
  សត្វព្រៃ
  ព្រៃឈើ
  ព្រះសង្ឃ
  ព្រៃមេត្តាធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com