ជាតិ
សេដ្ឋកិច្ច
ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» តម្លៃ៥៦លានដុល្លារ នឹងសម្ពោធឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៣វិច្ឆិកា
13, Nov 2021 , 3:59 pm        
រូបភាព
ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ»។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ»។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលចំណាយអស់ជាង៥៦លានដុល្លារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១  ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន។

 
កម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន «ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលជាសមិទ្ធផលមួយថ្មីទៀតក្រោមជំនួយឥតសំណងរបស់ប្រទេសចិន នៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា  ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» នេះ គឺជាប្រភេទស្ពានបេតុង មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង១៣,៥ម៉ែត្រ ដោយប្រើពេលអស់៤២ខែក្នុងការសាងសង់ ជាមួយនឹងទំហំទឹកប្រាក់ជាង ៥៦លានដុល្លារ។ 
 
បើតាមក្រសួងសាធារណការ ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ»នេះ គឺស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។   
 
ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើ ដំណើររបស់ពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នេះតាមរយៈការឆ្លងស្រឡាង។ នេះជាការលើកឡើងរបស់ក្រសួងសាធារណការ ដោយបានអះអាងថា ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារនេះ ជាស្ពានផ្តល់សក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ផងដែរ។

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ»នេះ គឺជាស្ពានទី៨ ដែលជាជំនួយរបស់ប្រទេសចិន ជូនឱ្យកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២វិច្ឆិកា។  ក្នុងថ្ងៃសម្ពោធឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ»ក្រោមអធិបតីសម្តេច ហ៊ុន សែនេះ ក្រសួងសាធារណការ ក៏សម្រេចបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ក្រោយជំនួយឥតសំណង ពីរដ្ឋាភិបាលប្រទេសចិន ផងដែរ៕ 
 

Tag:
 ស្ពាន
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com