ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រឿងផ្សំ​ធម្មជាតិ ៤ មុខ ព្យាបាល​រលាក​អញ្ចាញធ្មេញ ឈាម​អញ្ចាញធ្មេញ ក្លិន​មាត់​មិនល្អ​នៅផ្ទះ​
13, Nov 2021 , 6:59 pm        
រូបភាព
ដោយ​គ្រាន់តែ​គ្រឿងផ្សំ​សាមញ្ញ​មួយចំនួន អ្នក​អាច​យកឈ្នះ​ជំងឺ​រលាក​អញ្ចាញធ្មេញ ក្លិន​មាត់ ឈាម​អញ្ចាញធ្មេញ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​។

 
​ទឹកអំបិល​
 
​អំបិល​ជា​ថ្នាំ​សម្លាប់​មេរោគ​ធម្មជាតិ​ដែល​ជួយ​ព្យាបាល​អញ្ចាញធ្មេញ​។ ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ជា​រៀងរាល់ថ្ងៃ​អាច​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ធ្មេញ​របស់​អ្នក​។​
 
​អ្នក​គ្រាន់តែ​បន្ថែម​អំបិល​បន្តិច និង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង ហើយ​កូរ​ឱ្យ​សព្វ​។ ខ្ពុរមាត់​ជាមួយនឹង​ទឹកអំបិល​នេះ​ប្រហែល 30 វិនាទី រួច​ខ្ជាក់​វា​ចេញ​។ អ្នក​អាច​ខ្ពុរ​ដោយ​ទឹកអំបិល ២-៣​ដង​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​អាច​ទិញ​អំបិល​សរីរវិទ្យា​ពី​ឱសថស្ថាន​ដើម្បី​លាងជម្រះ​មាត់​របស់​អ្នក​។​
 
​ចំណាំ​៖ ការប្រើ​ទឹកអំបិល​ញឹកញាប់​ពេក ឬ​បៀមទឹក​អំបិល​យូរពេក​អាចធ្វើ​ឲ្យ​សឹក​ធ្មេញ​។
 
​ប្រេងដូង​
 
​ការ​ខ្ពុរមាត់​ជាមួយនឹង​ប្រេងដូង​អាច​កាត់បន្ថយ​ស្នឹម​នៅលើ​ធ្មេញ និង​សញ្ញា​នៃ​ការ​រលាក​អញ្ចាញ​។ លើសពីនេះ ប្រេងដូង​ក៏​ជួយ​កាត់បន្ថយ​ក្លិន​មាត់​មិនល្អ​ផងដែរ​។​
 
​អ្នក​ដាក់​ប្រេងដូង​ប្រហែល 5-10ml ចូលក្នុង​មាត់​ហើយ​ខ្ពុរមាត់​ដើម្បីឱ្យ​ប្រេងដូង​ជ្រាប​ក្នុង​មាត់​និង​ធ្មេញ​ឱ្យ​ស្មើ​។ ខ្ជាក់​ប្រេងដូង​ចេញ ហើយ​លាង​សម្អាត​មាត់​ដោយ​ទឹកស្អាត​។ បន្ទាប់មក អ្នក​អាច​ដុសធ្មេញ​របស់​អ្នក​ដូច​ធម្មតា​។
 
​ប្រេង​ដើម​តែ​
 
​ប្រេង​ដើម​តែ​អាច​កាត់បន្ថយ​ឈាម​អញ្ចាញធ្មេញ​បាន​យ៉ាងសំខាន់​។​
 
​អ្នក​ត្រូវ​ចាក់​ប្រេង​ដើម​តែ ៣ ដំណក់​ក្នុង​ទឹក​ក្តៅ​ប្រហែល ២២៥ មី​លី​លីត្រ​។ ខ្ពុរមាត់​ប្រហែល 30 វិនាទី បន្ទាប់មក​ខ្ជាក់​វា​ចេញ​។ អនុវត្ត​វិធី​នេះ​ម្តងទៀត ២-៣ ដង​ក្នុង​មួយថ្ងៃ ឬ​បន្ថែម​ប្រេង​ដើម​តែ ១ ដំណក់​ទៅក្នុង​ថ្នាំដុសធ្មេញ​របស់​អ្នក​ពេល​ដុសធ្មេញ​របស់​អ្នក​។
 
​ចំណាំ​៖ ពេល​ប្រើ អ្នក​គួរតែ​ពង្រា​វ​ប្រេង​ដើម​តែ​ឱ្យ​ល្អិតល្អន់ ដើម្បី​ជៀសវាង​ប្រតិកម្ម​អា​លែ​ហ្សី​។ គួរ​ទិញ​ប្រេង​ដើម​តែ​ដែលមាន​ធាតុ​ផ្សំ និង​ប្រភពដើម​ច្បាស់លាស់​។​
 
​ស្លឹក​ត្របែក​
 
​តាំងពី​បុរាណកាល​មក មនុស្ស​បាន​ប្រើ​ស្លឹក​ត្របែក​ដើម្បី​ព្យាបាល​ក្លិន​មាត់​។ ការសិក្សា​មួយចំនួន​បង្ហាញថា ស្លឹក​ត្របែក​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​បាក់តេរី ដែល​ជួយ​គ្រប់គ្រង​ការ​ដុះ​ស្នឹម​។ ការ​ខ្ពុរមាត់​ជាមួយ​ទឹក​ស្លឹក​ត្របែក​ជួយ​កាត់បន្ថយ​ការ​រលាក​អញ្ចាញធ្មេញ បំបាត់​ការឈឺចាប់ និង​ព្យាបាល​ក្លិន​មាត់​មិនល្អ​។​
 
​អ្នកត្រូវការ​ស្លឹក​ត្របែក​ប្រហែល ៥-១៩​សន្លឹក បុក​ហើយ​ដាក់​ក្នុង​ទឹក​ដាំ​ពុះ​ប្រហែល ២០០ មី​លី​លីត្រ​។ រង់ចាំ 15 នាទី​ដើម្បីឱ្យ​សារធាតុ​នៅក្នុង​ស្លឹក​ត្របែក​រលាយ​ចូលទៅក្នុង​ទឹក​។​
 
​រង់ចាំ​ល្បាយ​ត្រជាក់ បន្ទាប់មក​ត្រង​យក​កាក​ចេញ បន្ថែម​អំបិល​បន្តិច រួច​យក​វា​ទៅ​ខ្ពុរមាត់​ប្រហែល ៣០ វិនាទី​។ អ្នក​អាច​ប្រើ​បាន 2-3 ដង​ក្នុង​មួយថ្ងៃ​។
 
​វិធី​ការពារ​អញ្ចាញធ្មេញ ក្លិន​មាត់​មិនល្អ​
 
​អ្នក​ត្រូវ​ដុសធ្មេញ​របស់​អ្នក​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយថ្ងៃ បន្ទាប់ពី​អាហារ​សំខាន់ៗ​។​
 
​នៅពេល​ដុសធ្មេញ គួរតែ​ដុះ​ថ្នមៗ ហើយ​ដុស​គ្រប់​ជ្រុង​នៃ​ធ្មេញ ដើម្បី​កម្ចាត់​កំណកកំបោរ​។​
 
​វា​ត្រូវបាន​ណែ​នាំអោយ​ផ្លាស់ប្តូរ​ច្រាស​ដុសធ្មេញ​រៀងរាល់ 3-4 ខែម្តង ដើម្បី​ជៀសវាង​ការប្រមូលផ្តុំ​បាក់តេរី​ដែល​បណ្តាលអោយ​រលាក​អញ្ចាញធ្មេញ​។​
 
​ប្រើ​អំបោះ​ដុសធ្មេញ ដើម្បី​យក​អាហារ​ដែល​ជាប់​នៅ​ចន្លោះ​ធ្មេញ​។​
 
​ដើម្បីឱ្យ​ធ្មេញ​របស់​អ្នកមាន​សុខភាព​ល្អ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យធ្មេញ​រៀងរាល់ ៦​ខែម្តង​។ ទន្ត​បណ្ឌិត​នឹង​សម្អាត​ស្នឹម​នៅលើ​ធ្មេញ ដែល​ការ​ដុសធ្មេញ និង​លាងជម្រះ​ធម្មតា មិនអាច​យកចេញ​បានទេ​។ លើសពីនេះ ការពិនិត្យ​ធ្មេញ​ជា​ទៀងទាត់​ក៏​ជួយ​ឱ្យ​អ្នក​រកឃើញ​ការពុក​ធ្មេញ​ទាន់ពេលវេលា និង​ព្យាបាល​វា​ឱ្យទាន់​ពេលវេលា​ផងដែរ​៕
 
***កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូនព័ត៌មានហើយមិនមែនជំនួស ការព្យាបាលដោយគ្រូពេទ្យឡើយ។ វេបសាយសុខភាព health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួន ឯងដោយធ្វើតាមអត្ថបទនេះឡើយ។ ពេលមានជំងឺ សូមជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com