ជាតិ
សេដ្ឋកិច្ច
ត្រឹម១០ខែ កម្ពុជាប្រមូលពន្ធដារ បានជាង ២ ៣០០លានដុល្លារ ដែលលើសផែនការជាង៣ភាគរយ
14, Nov 2021 , 3:19 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ កម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ២ ៣០០លានដុល្លារ នៅក្នុងរយៈពេល១០នៃឆ្នាំ២០២១។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ចំណូលដែលប្រមូលនេះគឺស្មើនឹង១០៣,២៣ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២១។

 
រយៈពេល១០ខែមកនេះ អគ្គនាយកពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៩ ៣៧៧,៩៦ពាន់លានរៀល (ប្រមាណ  ២ ៣១៥លានដុល្លារ)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២១ ដោយបានបញ្ជាក់ ថា ចំណូលពន្ធ-អាករ ដែលប្រមូលបាននេះ  ស្មើ១០៣,២៣ភាគរយនៃផែនការប្រចាំឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 
ប៉ុន្តែចំណូលពន្ធដារដែលកម្ពុជាទទួលបាននេះ  គឺធ្លាក់ចុះជាង៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ លោក គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះ៖ «លទ្ធផលនៃការប្រមូលចំណូលពន្ធសម្រាប់រយៈពេល១០ខែមកនេះ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នាកាលឆ្នាំ២០២០ ក៏ប៉ុន្តែអាចនៅមានស្ថានភាពល្អប្រសើរដោយសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១»។ 
 
បើតាម លោក គង់ វិបុល ការសម្រេចបាននូវលទ្ធផលល្អប្រសើរនេះ គឺបានមកពីការកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ, ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(Tol E-Filing, E-Filing , E-Payment, GDT Tax Pre-filling app), ការពង្រឹងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការអន្តាគមន៍របស់រដ្ឋាភិបាល ចំនួន១០ជុំកន្លងមក,  ការចុះអង្កេតសហគ្រាសតាមដងផ្លូវ បានផ្តល់នូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ ក្នុងការអនុវត្តគ្រប់គ្រងការចុះបញ្ជីពន្ធដារសហគ្រាស ជាដើម...៕  
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com