កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ែប៊ីបានកៅអី World Cup ឯព័រទុយហ្កាល់ត្រូវលេង play-off
15, Nov 2021 , 9:22 am        
រូបភាព
ស៊ែប៊ីបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup កាតា ឆ្នាំ២០២២ ក្រោយយកឈ្នះព័រទុយហ្កាល់ ២-១ ក្នុងការប្រកួតជម្រុះតាមពូលនៅថ្ងៃទី១៤ ខែវិច្ឆិកា។ ព័រទុយហ្កាល់ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល A ត្រូវលេងវគ្គ play-off ជាមួយក្រុមលេខ២តាមពូលតំបន់អឺរ៉ុបផ្សេងទៀត។



Aleksandar Mitrovic ខ្សែប្រយុទ្ធក្រុម Fulham ជាវីរបុរសក្នុងការរកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមស៊ែប៊ីដោយតែតបញ្ចូលទីនៅនាទី៩០។ ព័រទុយហ្កាល់ជាអ្នកសម្រេចទីគ្រាប់នាំមុខមុនតាំងពី២នាទីដំបូងនៃវគ្គទី១តាមរយៈកីឡាករ Renato Sanches មុនពេល ប្រធានក្រុម Dusan Tadic ស៊ុតគ្រាប់តាមស្មើឱ្យស៊ែប៊ីនៅនាទី៣៣។ 
 
លទ្ធផល ២-១ តាមរយៈការវាយបកតាមឈ្នះ គ្រប់គ្រាន់សម្រាប់ក្រុមភ្ញៀវស៊ែប៊ីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ពូល A មាន២០ពិន្ទុ និងបានកៅអីទៅប្រទេសកាតាឆ្នាំ២០២២។ ព័រទុយហ្កាល់ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងពូលមាន១៧ពិន្ទុ ត្រូវបន្តទៅលេងវគ្គ play-off ជាមួយក្រុមលេខ២ពូលផ្សេងទៀត ដើម្បីប្រជែងកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ អៀរឡង់ លុចសំបួ និងអាសែប៊ៃហ្សង់ ដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ ដល់ទី៥ ព្យាយាមម្តងទៀតនៅ៤ឆ្នាំក្រោយ។
 
ក្នុងវគ្គជម្រុះតាមពូលនៅតំបន់អឺរ៉ុបពី A ដល់ J ដែលពូលខ្លះមាន៥ក្រុម និងខ្លះទៀតមាន៦ក្រុមនោះ ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ទី១ក្នុងពូលទាំង១០បានសិទ្ធិទៅ World Cup ២០២២ ដោយស្វ័យប្រវត្តិ ឯលេខ២បន្តលេង play-off។
  


ក្រៅពី ស៊ែប៊ី អាល្លឺម៉ង់ ដាណឺម៉ាក ក្រុមដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកផ្សេងទៀតមានអេស្ប៉ាញ បារាំង បែលហ្ស៊ិក និងក្រូអាស៊ី។ ដោយឡែកអង់គ្លេស និងហូឡង់ដែលកំពុងនាំមុខកំពូលតារាង ត្រូវលេងមួយប្រកួតទៀតដើម្បីប្រាកដថាពួកគេ ឡើងស្វ័យប្រវត្តិឬបន្តលេង play-off។
 
ក្រុមដែលត្រូវលេង play-off ចំនួន១០ក្រុម រកឃើញ៧ក្រុមហើយ ក្នុងនោះមាន ព័រទុយហ្កាល់ ស៊ុយអែត  ហ្វាំងឡង់ វេលស៍​ ស្កុតឡែន រុស្ស៊ី និងម៉ាសេដ្វានខាងជើង។ ក្នុងចំណោម១០ក្រុមដែលត្រូវលេង play-off ត្រូវប្រជែងគ្នាដណ្តើមកៅអីទៅកាតាតែចំនួន៣កៅអីប៉ុណោ្ណះ ដ្បិត FIFA ផ្តល់១៣កៅអីសម្រាប់ក្រុមនៅតំបន់អឺរ៉ុប៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com