កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាសេដ្វានខាងជើង ឡើងទៅវគ្គ play-off ដើម្បីប្រជែងកៅអី World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
15, Nov 2021 , 11:28 am        
រូបភាព
ម៉ាសេដ្វានខាងជើង បានសាងប្រវត្តិសាស្ត្ររួចមកហើយតាមរយៈការបង្ហាញខ្លួនជាលើកដំបូងនៅ Euro 2020។ ឥឡូវ ប្រទេសនៅអឺរ៉ុបដែលមានប្រជាជនតែជាង២លាននាក់មួយនេះ អាចឈានដល់វគ្គ play-off ដើម្បីបន្តប្រជែងកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតាថែមទៀត។



ម៉ាសេដ្វានខាងជើង បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល J មាន១៨ពិន្ទុ ក្រោយយកឈ្នះអ៊ីស្លង់ ៣-១ នាការប្រកួតជម្រុះលើកទី១០​នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ក្នុងពូល J នេះ អាល្លឺម៉ង់ស្ថិតនៅកំពូលតារាងមាន២៧ពិន្ទុ និងជាប្រទេសដំបូងគេលើលោកដែលកក់កៅអីទៅប្រទេសកាតាមុនគេ។
 
ក្នុងវគ្គជម្រុះតាមពូលនៅតំបន់អឺរ៉ុបពី A ដល់ J ដែលមាន៥៥ប្រទេសចូលរួម ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ទី១ក្នុងពូលទាំង១០បានសិទ្ធិទៅ World Cup ២០២២ ដោយស្វ័យប្រវត្តិ ឯ១០ក្រុមនៅលេខ២បន្តលេង play-off។
 
ម៉ាសេដ្វានខាងជើង ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងពូល ត្រូវបន្តលេងវគ្គ play-off ដោយប្រជែងជាមួយក្រុមចំនួន៩ផ្សេងទៀត ដើម្បីយក៣ក្រុមឡើងទៅ World Cup ឆ្នាំ២០២២។ 
ម៉ាសេដ្វានខាងជើង មិនដែលមានប្រវត្តិបង្ហាញខ្លួននៅពានរង្វាន់បាល់ទាត់ពិភពលោកនៅឡើយទេ ខណៈពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ពួកគេទើបសាងប្រវត្តិសាស្ត្រលើកដំបូងនៅឆ្នាំ២០២១ បន្ទាប់ពីបានចូលរួមនៅ Euro 2020 កន្លងទៅ។
 
សម្រាប់វគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុប គេបានរកឃើញ៧ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយរួមមាន ស៊ែប៊ី អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ បារាំង បែលហ្ស៊ិក និងក្រូអាស៊ី។
 
 ចំណែក ៧ក្រុមបន្តលេងវគ្គ play-off មានព័រទុយហ្កាល់ ស៊ុយអែត ហ្វាំងឡង់ វេលស៍​ ស្កុតឡែន រុស្ស៊ី និងម៉ាសេដ្វានខាងជើង។
ការចាប់ឆ្នោតរើសពូលវគ្គ Playoff នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រុមលេខ២ទាំង១០ពីវគ្គជម្រុះ នឹងត្រូវចូលរួមជាមួយក្រុម២ទៀតដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបំផុតនៅ UEFA Nations League ឆ្នាំ ២០២០-២១ ដើម្បីលេងនៅវគ្គ play-off។ ក្រុមទាំង១២ ត្រូវចែកចេញជា៣ពូល ក្នុងមួយពូលមាន៤ក្រុម។ អ្នកឈ្នះក្នុងពូលនីមួយៗបានកៅអីទៅ World Cup នៅកាតា៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com