កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton បង្អាក់ដំណើរលើកពាន F1 លើកដំបូងរបស់ Verstappen ក្រោយឈ្នះនៅប្រេស៊ីល
15, Nov 2021 , 8:59 pm        
រូបភាព
Lewis Hamilton បង្អាក់ដំណើរ Max Verstappen ក្នុងការប្រជែងពាន Formula One ឆ្នាំ២០២១ ក្រោយឈ្នះការប្រណាំងរថយន្តនៅកម្មវិធី Sao Paulo Grand Prix ប្រទេសប្រេស៊ីល។ Hamilton និង Verstappen ប្រដេញពិន្ទុគ្នាជាមួយគម្លាត១៤ពិន្ទុ ខណៈការប្រណាំងនៅសល់៣ទីលានទៀតនឹងបញ្ចប់រដូវកាល។


ម្ចាស់ការពារតំណែងជើងឯក Hamilton រកបានជ័យជម្នះទី៦របស់ខ្លួន ក្នុងការប្រណាំងនៅទីលានទី១៩រដូវកាលនេះ នាថ្ងៃទី១៤ ខែវិច្ឆិកា។ អ្នកប្រណាំងសញ្ជាតិអង់គ្លេស ដែលបើកបរឱ្យក្រុម Mercedes បានទៅដល់ទីមុនគេដោយប្រើថេរវេលា ១ម៉ោង ៣២នាទី និង២២វិនាទី តាមពីក្រោយដោយគូប្រជែង Verstappen ដែលបើកឱ្យក្រុម Red Bull។ Valtteri Bottas មិត្តរួមក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
តាមរយៈជ័យជម្នះនៅ Sao Paulo Grand Prix បានជួយ Hamilton កាត់បន្ថយការនាំមុខរបស់ Verstappen មកត្រឹម១៤ពិន្ទុវិញ។ អ្នកប្រណាំងហូឡង់ឈរកំពូលតារាង F1 ដដែលជាមួយពិន្ទុសរុប ៣៣២,៥ពិន្ទុ ខណៈ Hamilton នៅលេខ២មាន៣១៨,៥ពិន្ទុ។
 
ជើងឯកកីឡាប្រណាំងរថយន្ត ឬកាំជ្រួចលើផ្ទៃរាបរដូវកាលឆ្នាំ២០២១នេះ មានតែ Verstappen និង Hamilton ម្ចាស់ជើងឯក៧សម័យប៉ុណ្ណោះដែលត្រូវប្រជែងគ្នា ដ្បិត Bottas ដែលឈរលេខ៣មានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាងដល់ទៅ១២៩,៥ពិន្ទុ ស្របពេលការប្រណាំងនៅសល់៣លើកទៀតប៉ុណ្ណោះ។
 
៣ទីលានចុងក្រោយដែលធ្វើនៅប្រទេសតំបន់អារ៉ាប់រួមមានកាតា អារ៉ាប៊ីសាអូឌីត និងអេមីរាតអារ៉ាប់រួម ជាទីលានកាត់សេចក្តីថាតើ Hamilton អាចការពារតំណែងជើងឯករបស់ខ្លួន និងជាការឈ្នះលើកទី៨ក្នុងអជីព ឬក៏ Verstappen ប្រជែងយកបានដើម្បីគ្រងពានរង្វាន់ F1 លើកដំបូងក្នុងអាជីពរបស់គេ។
 
ដោយឡែក សម្រាប់ការប្រជែងគ្នាផ្នែកគ្រឿងម៉ាស៊ីនវិញ Hamilton និង Bottas សហការគ្នាបានល្អដើម្បីជួយក្រុម Mercedes បង្កើនគម្លាតពិន្ទុលើក្រុម Red Bull ពី១,៥ពិន្ទុ ទៅ១១ពិន្ទុវិញ។ Mercedes ឈរកំពូលតារាងមាន ៥២១,៥ ខណៈ Red Bull រកបាន ៥១០,៥ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com