ជាតិ
ទូតជប៉ុន សង្ឃឹមគម្រោងទប់ស្កាត់សំណល់ប្លាស្ទិក រួមចំណែក​ឲ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងស្អាត
16, Nov 2021 , 9:51 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (បង់កក្រមាពណ៌ក្រហម)
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (បង់កក្រមាពណ៌ក្រហម)
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះពិនិត្យទីតាំងគ្រប់គ្រងសំណល់ មួយចំនួនក្នុងក្រុងព្រះសីហនុ នៃគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ ដែលអនុវត្តដោយក្រសួងបរិស្ថាននិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រោមការគាំទ្រពីរដ្ឋាភិបាលប្រទេសជប៉ុន។

  
 
តាមរយៈគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ  សង្ឃឹមថា នឹងជួយកែលម្អបរិស្ថាននៅក្រុងព្រះសីហនុ ឱ្យក្លាយជាទីក្រុងស្អាត។ ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងគ្រប់គ្រងសំណល់មួយចំនួន ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២១ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារូបនេះ បាននិយាយដូច្នេះ៖ «យើងសង្ឃឹមថាគម្រោងរបស់យើងនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងព្រះសីហនុក្នុងការកែលម្អបរិស្ថាន និងធ្វើឲ្យទីក្រុងស្អាត»។
 


កាលពីថ្ងៃទី២៥វិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតជប៉ុន និងUNDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»។ បើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា គម្រោងនេះ ត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។ 
 
គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។
 


បើតាមរបាយការណ៍UNDP បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មានប្លាស្ទិក ១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិក​ប្រមាណ ៩០ភាគរយ ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន ១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ។
 
ក្នុងដំណើរទៅកាន់ខេត្តព្រះសីហនុនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានអញ្ជើញទៅទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានជួបជាមួយលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ៕

Tag:
 UNDP
© រក្សាសិទ្ធិដោយ thmeythmey.com