COVID-19
ជាតិ
កម្ពុជា នឹងផលិតវ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ខ្លួនឯង ដោយផ្គត់ផ្គង់ពីចិន
17, Nov 2021 , 12:51 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទាំង២ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ចិន នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទាំង២ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ចិន នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ក្រៅពីការទទួលបានវ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ជាជំនួយរបស់ប្រទេសជាមិត្ត កម្ពុជា បានដើរដល់ចំណុចមួយបន្ថែមទៀត គឺការរៀបចំផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង។ ការប្រកាសរបស់សម្តេច ធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទាំង២ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ចិន នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។



សម្តេច ហ៊ុន សែន លើកឡើងថា វ៉ាក់សំាង ដែលកម្ពុជា នឹងនាំចូល គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដែលមានប្រភពមកពីចិន។ វ៉ាក់សាំង ដែលនឹងនាំចូលនោះ គឺនៅជាវត្ថុធាតុដើមនៅឡើយ ដោយមិនទាន់ក្លាយជាផលិតផលចុងក្រោយនោះទេ តែនឹងត្រូវយកមកផលិតចេញជាផលិតសម្រេចចុងក្រោយនៅកម្ពុជា។

សម្តចនាយករដ្ឋមន្រ្តី បន្តថា ប្រទេសមួយចំនួនក្នុងអាស៊ាន ដូចជា ឥណ្ឌូណេស៊ី និងថៃ ជាដើម បានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្លួនឯងរួចមកហើយ។ សម្តេច បន្ថែមថា កម្ពុជា ក៏មានលទ្ធភាពអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្លួនឯងបានដែរ។

ក្នុងសន្និសីទកាសែតរួមគ្នា សម្តេចនាយករដ្ឋមន្រ្តី បង្ហាញក្តីសង្ឃឹមថា លោក វ៉ាង វិនធាន នឹងពាំនាំសំណើរបស់ភាគីកម្ពុជា ទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជិនភីង និងលោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ដើម្បីបើកឲ្យមានការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។ បើតាមសម្តេច កម្ពុជា ត្រូវផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង គឺដើម្បីធានាថា កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជន ខណៈដែលមិនអាចដឹងថា ជំងឺកូវីដ-១៩ នៅកម្ពុជា នឹងត្រូវបញ្ចប់នៅពេលណា។

មេដឹកនាំកម្ពុជា មានប្រសាសន៍ថា៖«បើយើង អាចបង្កើតបាននូវស្ថានភាពនៃការផលិតវ៉ាក់សាំង ដែលជាដំណាក់កាលចុងក្រោយ ជាផលិតផលសម្រេច ក្នុងព្រះរាជាណាចក្រកម្ពុជា យើង មានឱកាសច្រើនណាស់ ក្នុងការការពារជីវិតប្រជាជនកម្ពុជាយើង ដោយយើង មិនបាច់ខ្វល់ខ្វាយទៅរកទីកន្លែងណាផ្សេង ហើយដឹកជញ្ជូនក្នុងចម្ងាយដ៏ឆ្ងាយនោះទេ»។

ប្រមុខរដ្ឋាភិបាលកម្ពុជា ពុំបានបញ្ជាក់ឡើយថា កម្ពុជា នឹងអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាននៅពេលណា។ កាលពីខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងម្តងរួចមកហើយ ពីគម្រោងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។

អត្ថបទទាក់ទង

ប្រមុខរដ្ឋាភិបាល អះអាងថា ពេលកម្ពុជា ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាន កម្ពុជា មិនត្រឹមតែយកវ៉ាក់សាំងនោះ មកប្រើប្រាស់ខ្លួនឯងទេ តែនៅអាចចែកចាយទៅប្រទេសដទៃថែមទៀត បើមានការបញ្ជាទិញ៕

Tag:
 COVID-19
  ផលិតវ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com