ជាតិ
ពីនេះ ពីនោះ
«ផ្តាច់ព្រ័ត្រ» មិនមែន «ផ្តាច់ព្រាត់» នោះឡើយ
25, Feb 2023 , 7:29 am        
រូបភាព
វគ្គ​ផ្តាច់ព្រ័ត្រ វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ការប្រកួត​ផ្តាច់ព្រ័ត្រ។ យើងនាំគ្នា​សរសេរ «ព្រ័ត្រ»​ បែបនេះ ទើប​ត្រឹមត្រូវ មិនមែន «ព្រាត់» នោះឡើយ។

 
ពាក្យ «ផ្តាច់ព្រ័ត្រ» មិនមានការពន្យល់​ដាច់ដោយឡែក​ឡើយ ប៉ុន្តែនៅពេល​ដែល​យើង​ចូល​មើលពាក្យ «ផ្ដាច់» យើង​នឹងឃើញមាន​ការ​លើកឡើងពីពាក្យនេះ។ តាម​វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «ផ្តាច់ព្រ័ត្រ» ជាពាក្យ​ប្រៀប ដែលមាន​ន័យថា ធ្វើបង្ហើយត្រឹមប៉ុណ្ណោះលែងធ្វើតទៅទៀត : លេងផ្ដាច់ព្រ័ត្រ, ធ្វើការផ្ដាច់ព្រ័ត្រ ។
 
ជាមួយគ្នានេះ សារព័ត៌មាន​ថ្មីៗ សូម​លើកយកពាក្យ «ព្រ័ត្រ» និង «ព្រាត់» មក​ពន្យល់​ដាច់ដោយ​ឡែក។ «ព្រ័ត្រ» ជា​ពួរឬខ្សែត្រកួញធ្វើដោយស្បែកគោ, ស្បែកក្របី ឬស្បែកម្រឹគណាមួយ ។ ព្រ័ត្រជ្រាម ព្រ័ត្រដែលចងជ្រាមនឹម ។ ព្រ័ត្រត្របែង ព្រ័ត្រដែលត្របែងនឹម ។
 
រីឯ «ព្រាត់» មានន័យថា បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់, ឃ្លាតបាត់លែងបានចួបគ្នាទៀត
ព្រាត់កូន, ព្រាត់មិត្រ ។ ព្រាត់ប្រាស ឬ ប្រាសព្រាត់, ព្រាត់ព្រាក។ ដោយសារន័យ​បែបនេះ ហើយ ទើបមាន​មនុស្ស​មួយចំនួនគិត​ថា «ផ្តាច់ព្រាត់» ជាពាក្យ​ត្រឹមត្រូវ ប៉ុន្តែគិត​ខុសហើយ​៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com