ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ប្រាសាទព្រះគោ ជាសំណង់ឥដ្ឋដ៏ប្រណិតដើមសម័យអង្គរ តែទេសចរច្រើនទៅហួសមកហួស
16, Apr 2022 , 11:45 pm        
រូបភាព
ដោយ៖ ឡុង តូន
 
សៀមរាប៖ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីក្រុងសៀមរាប មកប៉ែកខាងកើត ទេសចរអាចមកទស្សនាក្រុមប្រាសាទបុរាណ នៅតំបន់រលួស ដែលស្ថិតនៅក្នុងដែនដីរដ្ឋបាលស្រុកប្រាសាទបាគង។ ថ្វីបើប្រាសាទព្រះគោ នៅជិតផ្លូវជាតិលេខ៦ និងមានផ្លូវចូលស្អាតល្អ ប្រាសាទនេះ មិនសូវមានទេសចរច្រើននោះទេ។  ភ្ញៀវទេសចរ ច្រើនតែទៅហួស មកហួស សំណង់ឥដ្ឋដ៏ប្រណិតមុនសម័យអង្គរមួយនេះ។

 
 
បើតាមឯកសាររបស់អ្នកស្រាវជ្រាវ តំបន់នេះជាអតីតរាជធានីខ្មែរ នាដើមសម័យអង្គរ ដែលមានស្ថាននាមដើមថា ហរិហរាល័យ។ ហរិហរាល័យ ជាតំបន់ដែលមានសំណង់ប្រាសាទជាច្រើនតាំងពីមុនសម័យអង្គរមកនោះ ក៏នៅតែជារាជធានីដែលបន្តរហូតមកដល់រាជនៃព្រះរាជាក្រោយៗមកទៀត។ សព្វថ្ងៃ សំណង់ប្រាសាទបុរាណដែលទេសចរបានទៅទស្សនាជាហូរហែ គឺប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ។ 
 


ប្រាសាទព្រះគោ ជាអារាមព្រហ្មញ្ញសាសនានាចុងសតវត្សរ៍ទី៩ ក្នុងឆ្នាំ៨៧៩ ដែលព្រះមហាក្សត្រខ្មែរសម័យអង្គរព្រះនាម ឥន្ទ្រវម្ម៌ទេវ (ឥន្ទ្រវរ្ម័ន ទី១) សង់ថ្វាយដល់ព្រះសិវៈដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជន។ សំណង់នេះជាប្រភេទ«ប្រាសាទឥដ្ឋ» ដែលមានលក្ខណៈពិសេសមួយបែបផ្សេងពីសំណង់ដទៃ។ បើនិយាយពីការកសាងសម្រាប់សាសនា សំណង់អំពីឥដ្ឋ មានតាំងពីមុនសម័យអង្គរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺក្បាច់ចម្លាក់ដ៏ប្រណិត និងបច្ចេកទេសប្រើប្រាស់បាយអ។ ចម្លាក់អំពីបាយអ ដែលបូកតុបតែងលើផ្ទៃជញ្ជាំងក៏នៅសេសសល់ច្រើន។ 
 
ចម្លាក់លើថ្ម និងលើបាយអ ពិតជាមានទឹកដៃដ៏វិសេសវិសាល។ អ្នកជំនាញ ជឿជាក់ថា កម្រិតជំនាញរបស់សិល្បករដែលបានបន្សល់ស្នាដៃនៅប្រាសាទព្រះគោ មានកម្រិតខ្ពស់ ព្រោះចម្លាក់មានលក្ខណៈជ្រៅ និងមានភាពរស់រវើក។ ការបង្ហាញអំពីមនុស្ស សត្វ ក្បាច់ភ្ញី សុទ្ធសឹងតែមានទម្រង់ដូចក្នុងតថភាពខាងក្រៅពិតៗ។ 




 
តាមការវិភាគ អ្នកស្រាវជ្រាវជាច្រើន យល់ថា លក្ខណៈចម្លាក់ខ្លះនៅទទួលឥទ្ធិពលពីសិល្បៈរបស់ជ្វានៅឡើយ។ ជាឧទាហរណ៍ រូបរាហ៊ូ  ដែលឆ្លាក់អំពីបាយអនៅតាមជញ្ជាំងទាំងនេះ។ ការប្រើប្រាស់បាយអនៅប្រាសាទព្រះគោ ឃើញថាមានកម្រាស់ក្រាស់គួរសម។ លើសពីនេះ យោងតាមភាពលម្អិតនៃចម្លាក់អំពីបាយអ គេអាចសន្និដ្ឋានបានថា ប្រហែលជាឆ្លាក់តុបតែងពេលដែលបាយអនៅសើមនៅឡើយ។ ចំពោះគុណភាពថ្មភក់ដែលប្រើជាមេទ្វារ សសរ ផ្ដែរ នៅតាមតួប៉មទាំងប្រាំមួយនេះ ក៏ជាប្រភេទថ្មដែលមានគុណភាពខ្ពស់។ រហូតមកដល់បច្ចុប្បន្ន ថ្មនៅទីនេះពុំសូវមានប្រតិកម្មជាមួយអាកាសធាតុឡើយ ដែលមើលទៅនៅមានសភាពភ្លឺល្អ ហាក់បីដូចជាថ្មថ្មី។ 
 


ស្ថាបត្យកម្មនៅទីនេះ ជាសំណង់ដែលមានតួប៉មសំខាន់ៗចំនួនប្រាំមួយ និងមានអគាររណបផ្សេងៗ។ តួប៉បទាំងប្រាំមួយនេះសង់តំរៀបគ្នាជាពីរជួរលើខឿនរាបស្មើ។ យោងតាមសំណេរនៅតាមមេទ្វារនៃតួប៉មទាំងនេះ អ្នកជំនាញផ្នែកសិលាចារឹកបានសិក្សាឃើញថា តួប៉មចំនួនបីដែលនៅខាងមុខ គឺសម្រាប់បុព្វការីជនដែលជា «បុរសភេទ» និងបីដែលនៅខាងក្រោយ សម្រាប់ «ស្ត្រីភេទ»។ ការសាងសង់ប្រហែលជាត្រូវគោរពតាមឋានុក្រម ព្រោះបើសង្កេតលើទំហំនៃតួប៉មក៏មានសភាពធំតូច ខ្ពស់ទាបខុសគ្នា។ រីឯទីតាំងនៃតួប៉មនីមួយៗ ខ្លះមានគម្លាតឆ្ងាយពីគ្នាបន្តិច ខ្លះក៏កៀកគ្នាខ្លាំង។ សម្រាប់គ្រឿងបង្គំទៀតសោត ក៏មានការប្រើប្រាស់វត្ថុធាតុដើមខុសគ្នា។ បើពិនិត្យតាមទ្វារបញ្ឆោតទាំងបីជ្រុងនៃតួប៉មនីមួយៗដែលនៅជួរខាងក្រោយ ឃើញថាគេប្រើប្រាស់ត្រឹមតែបាយអសម្រាប់តុបតែង ដែលខុសពីទ្វារបញ្ឆោតនៃតួប៉មបីខាងមុខដែលប្រើប្រាស់សុទ្ធតែថ្មភក់។
 
ចំណែកនៅតាមជញ្ជាំងឥដ្ឋ អ្នកអភិរក្ស និងជួសជុលប្រាសាទ បានទុកសំណៅខ្លះដើម្បីឲ្យទេសចរយល់ដឹងអំពីបច្ចេកទេសក្នុងការដាក់លម្អចម្លាក់ដែលបង្កប់ក្នុងជញ្ជាំង។ ចម្លាក់ទាំងនេះ មានរាងផតខាងក្រោយ ដែលជាកន្លែងសម្រាប់ទ្រភ្ជាប់ដោយពន្លួញអំពីឥដ្ឋនៅក្នុងផ្ទៃជញ្ជាំង។
 


សំណង់ប្រាសាទព្រះគោ ក៏បានធ្វើឲ្យអ្នកស្រាវជ្រាវខ្លះយល់ថា ចាប់ពីរាជព្រះបាទឥន្ទ្រវរ្ម័នទី១ គឺជាការបើកសករាជថ្មីមួយដែលស្ទើរក្លាយជាប្រពៃណីនៅសម័យអង្គរ។ ការយល់បែបនេះដោយសង្កេតឃើញថា ព្រះរាជាអង្គក្រោយៗតែងយកលំនាំតាមព្រះអង្គ។ មានន័យថា ល្គឹកណាបានសាងសង់ និងឆ្លងប្រាសាទដើម្បីជាបុណ្យកុសលដល់បុព្វការីជនរួចហើយ ទើបចាប់ផ្ដើមសង់ប្រាសាទរាជ (ប្រាសាទភ្នំ) សម្រាប់បូជាផ្ទាល់ខ្លួន។ 
 
ជាតឹកតាង ក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី១ ព្រះអង្គបានកសាងប្រាសាទព្រះគោ (នាមដើម បរមេស្វរ - គ.ស ៨៧៩) និងបន្ទាប់មកកសាងប្រាសាទបាគង (នាមដើម ឥន្ទ្រេស្វរ គ.ស៨៨១) សម្រាប់ព្រះអង្គផ្ទាល់។ យោងតាមការពន្យល់របស់អ្នកស្រាវជ្រាវ ដោយផ្អែកលើសិលាចារឹកនៃប្រាសាទព្រះគោនេះ បានឲ្យដឹងអំពីគោលបំណងនៃការសាងសង់ថា ព្រះបាទឥន្ទ្រវរ្ម័នទី១ បានកសាងឧទ្ទិសជាពិសេសដល់ព្រះរាជាដែលជាស្ថាបនិកគ្រឹះនៃអារ្យធម៌អង្គរ គឺព្រះបាទជយវម្ម៌ទេវ(ជយវរ្ម័នទី២) រួមទាំងមាតាបិតា និងអយ្យកោអយ្យិកាខ្សែខាងមាតា។ ហេតុដូចនេះ នាមដើមនៃប្រាសាទព្រះគោក៏បានភ្ជាប់ទៅនឹងបច្ឆាមរណៈនាមរបស់ព្រះបាទជយវម្ម៌ទេវ ថាបរមេស្វរៈ (បរម + ឥស្វរ) ឬបរមេសូរ។ ប្រណិប័តន៍បែបនេះ ដោយយល់ថាបុព្វការីជនដែលគេបានបញ្ជូនបុណ្យកុសលទៅឲ្យនោះ នឹងបានសោយសុខនៅឋានរបស់ព្រះអទិទេព។ ដោយយោងលើហេតុផលបែបនេះ នៅសម័យអង្គរ រូបបុព្វការីជនដែលចែកឋានទៅ គេតែងឆ្លាក់ជាទម្រង់ទេពផ្សេងៗ។ ការណ៍នេះ ហៅថា «យសសរីរ»។


 
ស្ថាននាមបច្ចុប្បន្ន ការហៅថាប្រាសាទព្រះគោ ប្រហែលជាយោងលើចម្លាក់គោទាំងបីដែលស្ថិតនៅពីមុខប្រាសាទនេះ។ នៅកម្ពុជរដ្ឋនាសម័យនោះ ជាទូទៅ សំណង់ប្រាសាទដែលសម្រាប់ថ្វាយដល់ព្រះសិវ តែងតែមានចម្លាក់គោនៅពីខាងមុខ ព្រោះក្នុងសាសនាព្រាហ្មណ៍ គោនន្ទិ ជាជំនិះរបស់ព្រះអទិទេព អង្គព្រះឥសូរ៕
 
















 

Tag:
 ប្រាសាទព្រះគោ
  សៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com