កីឡាជាតិ
ជាតិ
ទិវា​​រត់​ប្រណាំង​​ពាក់កណ្តាល​ម៉ារ៉ាតុន នៅសៀមរាបប្តូរទៅធ្វើ​នៅថ្ងៃទី២មករា ឆ្នាំ២០២២ វិញ​
22, Nov 2021 , 7:59 am        
រូបភាព
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅតំបន់អង្គរ កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១៩។
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅតំបន់អង្គរ កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១៩។
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សម្រេចប្តូរបរិច្ឆេទថ្មី​នៃ​ការ​រៀបចំ​ទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន នៅតំបន់អង្គរនៃខេត្តសៀមរាប ដែលនឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទី២មករា។ បើតាមសេចក្តីជូនដំណឹងសាជាថ្មីរបស់NOCC ការប្តូរពេលវេលាប្រារព្ធពិធីនេះ គឺដើម្បីធ្វើឡើងឱ្យស្របទៅនឹងការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប ដែលចាប់អនុវត្តពីថ្ងៃទី១មករា ឆ្នាំ២០២២តទៅ។

 
 
ទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុនលើកទី២៦ នៅតំបន់អង្គរនៃខេត្តសៀមរាប នឹងធ្វើឡើងនៅថ្ងៃទី២មករា ឆ្នាំ២០២២ ខណៈកន្លងមកNOCC គ្រោងរៀបចំទិវានេះ នៅថ្ងៃទី១៩ធ្នូ ឆ្នាំ២០២១។​ NOCC បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនកាលពីថ្ងៃទី១៧វិច្ឆិកា ថា ការកំណត់យកថ្ងៃអាទិត្យ ទី២មករា ឆ្នាំ២០២២ក្នុងការរៀបចំទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុននៅតំបន់អង្គរនេះ គឺជាបុរេលក្ខខណ្ឌនៃការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាប បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ 
 
លោក វ៉ាត់ ចំរើន  ដែលជាអគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗ ថា ការប្រារព្ធទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននេះវិញ គឺជាការនាំផ្លូវមួយសម្រាប់កម្ពុជា ក្នុងការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប។ លោកបាននិយាយដូច្នេះ៖ «យើងធ្វើព្រឹត្តិការណ៍ហ្នឹងមួយឱ្យវាស៊ីចង្វាក់គ្នាទៅនឹងការត្រៀមបើកទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាបហ្នឹងតែម្តង ហើយយើងនឹងថ្លឹងថ្លែងវាទៅតាមហ្នឹងក្រោយបញ្ចប់ព្រឹត្តិការណ៍»។
 
សូមរម្លឹកថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១៩  គឺមានអ្នកចូលរួម សរុប ៣ ៥០០នាក់។  ក្នុងនោះជនបរទេសមាន ១ ៧៥៨នាក់ មកពី៥០​ប្រទេស ហើយជនបរទេសដែលចូលរួមរត់ច្រើន ជាងគេ មានជនជាតិចិន, វៀតណាម និងម៉ាឡេស៊ី។ ដោយឡែក នៅក្នុងឆ្នាំ២០២០ កម្ពុជាមិនបានរៀបចំទិវានេះទេ ដោយសារតែរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩៕ 

 

Tag:
 សៀមរាប
  ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង
© រក្សាសិទ្ធិដោយ thmeythmey.com