កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Lyon និង Marseille​ ត្រូវបញ្ឈប់ពាក់កណ្តាលទី ក្រោយ Payet ត្រូវក្បាលមួយដបទឹក
22, Nov 2021 , 9:44 am        
រូបភាព
ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Lyon និង Marseille ក្នុងក្របខណ្ឌ Ligue 1 នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ត្រូវបញ្ចប់ពាក់កណ្តាលទី បន្ទាប់ពី Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹកចំក្បាល។ Payet ជួបហេតុការណ៍នេះជាញឹកញាប់អំឡុងជំនួបលីគកំពូលបារាំង។



Payet ខ្សែបម្រើក្រុម Marseille បានដួលនៅលើទីលានភ្លាមៗ ក្រោយត្រូវក្បាលនឹងដបទឹកសុទ្ធរបស់អ្នកគាំទ្រ Lyon ខណៈរូបគេកំពុងត្រៀមខ្លួនទាត់បាល់ជ្រុង។ អាជ្ញាកណ្តាល Ruddy Buquet បានឱ្យកីឡាករក្រុមទាំងពីរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ ពីរម៉ោងក្រោយមកដោយសារកីឡាករ Marseille មិនព្រមចេញមកវិញ អាជ្ញាកណ្តាលក៏សម្រេចបញ្ចប់ការប្រកួតនេះជាផ្លូវការតែម្តង។
 
 
ក្រោយបញ្ចប់ការប្រកួតពាក់កណ្តាលទី គេឃើញ Payet ចាកចេញពីកីឡដ្ឋាន Groupama ដោយមានរុំកញ្ចប់ទឹកកកនៅលើក្បាលរបស់គេផង។
នេះជាលើកទីពីរហើយក្នុងរដូវកាលនេះ ដែល Payet រងគ្រោះដោយសារការគប់នឹងដបទឹកសុទ្ធ អំឡុងការប្រកួតលីគកំពូលបារាំង។
 
ជំនួប Marseille ទល់នឹង Nice កាលពីខែសីហា ក៏ត្រូវបានបញ្ចប់ពាក់កណ្តាលទីដូច្នេះដែរ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រូវក្បាលមួយដកទឹកសុទ្ធ ពីសំណាក់អ្នកគាំទ្រក្រុម Nice។ កាលនោះអ្នកគាំទ្រក្រុម Nice ថែមទាំងបានសម្រុកចូលទីលានសំដៅរក Payet ទៀតផង។


 
ដោយសារហេតុការនោះក្លិប Nice ត្រូវបានដក២ពិន្ទុ និងពិន័យមិនឱ្យមានអ្នកទស្សនាចំនួន៤ប្រកួតក្នុងដីខ្លួនឯង នៅក្របខណ្ឌ Ligue 1។ អ្នកគាំទ្រម្នាក់របស់ Nice ក៏ត្រូវបានចាប់ខ្លួនផងដែរ ជុំវិញការគប់ដបទឹកលើកីឡាករ Payet។
 
ក្នុងការប្រកួតលីគកំពូលបារាំង មានករណីរញ៉េរញ៉ៃ ដែលបង្កឡើងដោយអ្នកគាំទ្រជាច្រើនលើកមកហើយ។ ជំនួបរវាង RC Lens និង Lille ក្នុងខែកញ្ញាត្រូវបានពន្យារពេលប្រហែលកន្លះម៉ោងបន្ទាប់ពីអ្នកគាំទ្រគប់គ្នាទៅវិញទៅមក។ អ្នកគាំទ្រខ្លះ ​បាន​រត់​ចូល​ទីលានប្រកួត​ដើម្បីឱ្យ​ប៉ូលីស និងសន្តិសុខ​ជួយ​អន្តរាគមន៍៕

Tag:
 Dimitri Payet
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com