ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ការប្រើ​ទឹកអប់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វី​ដែរឬទេ​?
23, Nov 2021 , 6:59 am        
រូបភាព
ទឹកអប់​គឺ​ត្រូវ​បាន​គេ​ប្រើ នៅ​ក្នុង​រយៈពេល​ដ៏​យូរ​មក​ហើយ គឺ​វា​យូរ​ជាង​អ្វី​ដែល​យើង​បានដឹង​ទៅ​ទៀត ប៉ុន្តែ​ក្រៅពី​មានការ​ដាក់​លក់ នៅ​ក្នុង​ដប​តូច​ៗ​ដ៏​ស្រស់​ស្អាត វា​ក៏​ត្រូវ​បាន​ផលិត​បាន​ដោយ បុគ្គល​ម្នាក់​ៗ បាន​ផង​ដែរ​។ កាលពីមុន វា​ត្រូវ​បាន​គេ​បង្កើត​ឡើង ដោយ​ការ​ប្រើ​នូវ ក្លិន​ផ្កា និង ឱសថ​បុរាណ​ផ្សេង​ៗ​ជា​ច្រើន ឬ ប្រេង​សំខាន់​ៗ​ដទៃ​ទៀត​។ ប៉ុន្តែ​ចំពោះ​សម័យ​បច្ចុប្បន្ន​នេះ វា​មិន​ចាំបាច់​អោយ​អ្នក​ធ្វើ​ដូច្នេះ​ទៀត ទេ ហើយ​ប្រសិនបើ​អ្នក​ចង់​ប្រើ នូវ​ទឹកអប់​ពិត ដែល​គ្មាន​ជាតិ​គីមី នោះ​អ្នក​នឹង​ត្រូវ​បង្កើត​វា​ដោយ​ខ្លួនឯង ។ ដោយសារ​តែ ផលិតផល​ទឹកអប់ នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ មិនសូវ​សុទ្ធ​ល្អ នោះ​វា​នឹង​ធ្វើ​អោយ អ្នក​ដែល​ប្រើ​វា អាច​ប្រឈម​នឹង​បញ្ហា​ចំពោះ​សុខភាព ។ហេតុ​អ្វី​បានជា​យើង​ប្រើ​វា ?

 
យើង​ប្រើ​ទឹកអប់​ដោយសារ​តែ មូលហេតុ​ពីរ​យ៉ាង ។ ទី​មួយ គឺ​ដោយសារ​យើង​ចង់ មាន​ក្លិន​ខ្លួន​ល្អ ។ ទឹកអប់​អាច​ជួយ​លាក់បាំង​បាន​នូវ ក្លិន​ខ្លួន​ជា​ច្រើន ដែល​យើង​តែង​មានការ​ព្រួយបារម្ភ ។ តែ​ទោះជា​យ៉ាង ណា​ក៏​ដោយ មូលហេតុ​ចម្បង ដែល​យើង​ចង់​ប្រើ​ទឹកអប់​នោះ​គឺ ដោយសារ​តែ​អារម្មណ៍ ដែល​វា​អាច ទាក់ទាញ​ខ្លួន​យើង និង អ្នក​ដទៃ​បាន​។ ក្លិន​ដែល​យើង​បាន​ប្រើ​នេះ គឺ​បាន​ជះ​ឥទ្ធិពល ទៅ​លើ​ខ្លួន​យើង ផ្ទាល់ និង មនុស្ស​ដទៃ​ទៀត ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។
 
ឥទ្ធិពល​នៃ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព ដោយសារ​ការ​ប្រើ​ទឹកអប់
ទំនាក់ទំនង​ដ៏​ខ្លាំងក្លា នៃ​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ទឹកអប់​នោះ​គឺ ប្រតិកម្ម​អា​លែ​ហ្សី​។ ប្រភេទ​នៃ​ប្រតិកម្ម នេះ​មួយ​ចំនួន គឺ​អាច​មាន​កម្រិត​ធ្ងន់ធ្ងរ​គួរសម ឬ ថែម​ទាំង​អាច​អោយ​ស្លាប់​បាន​ទៀត​ផង​។ ជា​សំណាង អាក្រក់ ភាគច្រើន​នៃ​រោងចក្រ​ផលិត​ទឹកអប់ គឺ​មិន​បាន​ធ្វើការ​បង្ហាញ នូវ​សមាសធាតុ នៃ​ធាតុ​ផ្សំ នៅ ក្នុង​ផលិតផល របស់​គេ​នៅ​លើ​ស្លាក​សញ្ញា​នៃ​ដប​ទឹក​ទឹក​នោះ​ទេ​។ ដូច្នេះ អ្នក​អាច​នឹង​ត្រូវប៉ាន់​ស្មាន ថា​តើ សារជាតិ​គីមី​ណាខ្លះ ដែល​ត្រូវ​បាន​ប្រើ នៅ​ក្នុង​ផលិតផល​ដែល​អ្នក​ជ្រើសរើស ហើយ​ប្រសិនបើ​អ្នក មាន​ប្រតិកម្ម​អា​លែ​ហ្សី​ជាមួយនឹង សារជាតិ​គីមី​,​ឱសថ​បុរាណ ឬ ក្លិន​ផ្កា​ទាំងនេះ នោះ​អ្នក​អាច​នឹង​ស្ថិត នៅ​ក្នុង​សភាព​គ្រោះថ្នាក់ ។
 
 សមាសធាតុ​ផ្សំ ដែល​មាន​ប្រើ​នៅ​ក្នុង​ទឹកអប់ ក្រៅពី​ក្លិន​ផ្កា រួម​មាន​ដូច​ជា​៖ អាកុល​, camphor, ethanol, benzaldehyde, benzyl alcohol, benzyl acetate, ethyl acetate, linalool និង limonene ។
 
 ការ​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​មាន​ជា​ទូទៅ ចំពោះ​ការ​ប្រើ​ទឹកអប់ រួម​មាន​ដូច​ជា កើត​មាននូវ​ផល រំខាន​នៅ​លើ​ស្បែក​, ឡើង​កន្ទួល​រមាស់​, បន្ទាល​ត្រ​អាក​, ត្រអក​, រលាក​ច្រមុះ​,​រលាក​ស្បែក​,​ឈឺក្បាល​, វិលមុខ​,​អស់កម្លាំង​,  ចុះ​ខ្សោយ​នៃ​ការ​មើលឃើញ​,​រមាស់​ភ្នែក​,​ប្រកាច់ , ក្អក​, កណ្តាស និង បញ្ហា​ផ្សេង​ៗ ដទៃ​ទៀត ដែល​អាច​កម្រ​នឹង​កើត​មាន​។
 
ត្រូវ​ចេះ​ការពារ​ខ្លួន​អ្នក នៅ​ពេល​ប្រើ​ទឹកអប់
 
ប្រសិនបើ​អ្នក មាន​ប្រតិកម្ម​អា​លែ​ហ្សី នោះ​អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន មុន​នឹង​ប្រើ​ទឹកអប់​ប្រភេទ ណាមួយ​។ អ្នក​ត្រូវ​ធ្វើការ​សាកសួរ ទៅ​កាន់​រោងចក្រ​ផលិត​ទឹកអប់ នៃ​ផលិតផល​ដែល​អ្នក​ជ្រើសរើស ដើម្បី​ធ្វើការ​សាកសួរ អោយ​បាន​ច្បាស់លាស់​ពី សមាសធាតុ​នៃ​ធាតុ​ផ្សំ ដែល​ត្រូវ​បាន​ប្រើ​។ ពេល​ខ្លះ ពួក​គេ​អាច​នឹង​ស្ទាក់ស្ទើរ ក្នុង​ការ​ប្រាប់​អ្នក ដោយសារ​តែ​វា​ជា​អាថ៌​កំបាំង​នៃ​រូបមន្ត​ប្រចាំ​ម៉ាក​ផលិតផល​គេ ។  ប្រសិនបើ​អ្នក​ជួបនឹង​បញ្ហា​ដូចនេះ នោះ​អ្នក​ត្រូវ​ពន្យល់​នូវ មូលហេតុ​គឺ​ដោយសារ​តែ អ្នកមាន​ប្រតិកម្ម អា​លែ​ហ្សី ទៅ​នឹង​សមាសធាតុ​មួយ​ចំនួន និង បន្ទាប់​មក​ធ្វើការ​សាកសួរ​ពួក​គេ​ថា តើ​វា​នឹង​មាន​សុវត្ថិភាព សម្រាប់​អ្នក ក្នុង​ការ​ប្រើប្រាស់​វា​បាន​ដែរ​ឬទេ។
 
ក្រៅពី​នេះ​ទៀត មុន​ពេល​អ្នក​បាញ់​ទឹកអប់​នៅ​លើ​ខ្លួន នោះ​អ្នក​ត្រូវ​បាញ់​វា​បន្តិច ដាក់​នៅ​លើ​ដៃ ដើម្បី សាកល្បង​ថា តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​វា ។ អ្នក​ត្រូវធ្វើ​ដូចនេះ នៅ​កន្លែង​ណា ដែល​អ្នក​អាច​ងូតទឹក​សម្អាត​វា​ចេញ​វិញ​បាន​ភ្លាម ប្រសិនបើ​អ្នក​ពិតជា​មាន​ប្រតិកម្ម​នឹង​វា មែន​នោះ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com