កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Football Award 2021៖ Messi, Neymar និង Mbappe ជាប់ក្នុងបេក្ខភាព​១១​រូប​
23, Nov 2021 , 12:29 pm        
រូបភាព
កីឡាករឆ្នើម Paris Saint-Germain ចំនួន៣រូបរួមមាន Lionel Messi, Neymar Jr. និង Kylian Mbappe ជាប់បេក្ខភាព១១រូបចុងក្រោយ ដែលត្រូវប្រជែងពានរង្វាន់ Best FIFA Football Award ឆ្នាំ២០២១។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​។



Messi ដែលទើបចូលរួមជាមួយ PSG រដូវកាលនេះ រួមជាមួយ Neymar និង Mbappe ត្រូវចូលរួមជាមួយ​កីឡាករ​ឆ្នើម​៨​រូប​ទៀត​ដើម្បី​ប្រជែង​យកពាន Best FIFA Football Awards ឆ្នាំ​២០២១ ដែល​ត្រូវ​ប្រកាសជ័យលាភីចុងក្រោយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ​។​ ​
 
Robert Lewandowski​ ខ្សែប្រយុទ្ធឆ្នើមក្រុម Bayern Munic និងជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមរបស់ FIFA ឆ្នាំ២០២០ ក៏ត្រូវចូលរួមការពារពាននេះជាមួយបេក្ខភាព១០រូបផ្សេងទៀតសម្រាប់ឆ្នាំ២០២១ដែរ។
 
Cristiano Ronaldo របស់ក្រុម Man Utd រួមជាមួយ Karim Benzema នៃក្រុម Real Madrid និង Mohamed Salah របស់ Liverpool នៅតែជាកីឡាករលេចធ្លោក្នុងការចូលរួមដណ្តើមពាននេះ។ Erling Haaland ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ Borussia Dortmund ក៏មានឈ្មោះផងដែរ។
 
Jorginho និង N'Golo Kante ដែលជួយ Chelsea ឈ្នះ Champions League រដូវកាលមុន និង Kevin De Bruyne ដែលនាំ Manchester City លើកពាន Premier League និងបានរងជើងឯកពានរង្វាន់អឺរ៉ុបសុទ្ធតែជាកីឡាករមានសក្តានុពលក្នុងការទទួលបានពាន Best FIFA Football Awards ឆ្នាំ​២០២១។
 
សម្រាប់ពានរង្វាន់ Best FIFA Men’s Coach ២០២១ បេក្ខភាព៧រូបចុងក្រោយមាន Antonio Conte អតីតគ្រូ Inter Minal  និងសព្វថ្ងៃជាអ្នកចាត់ការ Tottenham Hotspur, Hansi Flick អតីតអ្នកចាត់ការ Bayern Munich សព្វថ្ងៃគ្រូជម្រើសជាតិអាល្លឺម៉ង់, Pep Guardiola អ្នកចាត់ការ Manchester City, Roberto Mancini គ្រូជម្រើសជាតិអ៊ីតាលី, Lionel Sebastian Scaloni គ្រូជម្រើសជាតិអាហ្សង់ទីន, Diego Simeone អ្នកចាត់ការ Atletico Madrid, Thomas Tuchel អ្នកចាត់ការ Chelsea។
 
ក្រៅពី​ពានរង្វាន់​កីឡាករ​ឆ្នើម និងគ្រូបង្វឹកឆ្នើម ក៏មានពានរង្វាន់ជាច្រើន​ផ្សេងទៀតដែលត្រូវប្រជែងដែល​រួមមាន The Best FIFA Women’s Player, The Best FIFA Women’s Coach, The Best FIFA Men’s Goalkeeper, The Best FIFA Women’s Goalkeeper, FIFA FIFPro Men’s World11, FIFA FIFPro Women’s World11, The FIFA Puskás Award, The FIFA Fair Play Award និង The FIFA Fan Award៕

Tag:
 Best FIFA Football Award
© រក្សាសិទ្ធិដោយ thmeythmey.com