ជាតិ
សេដ្ឋកិច្ច
ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៣វិច្ឆិកា
23, Nov 2021 , 6:59 pm        
រូបភាព
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ រូបថត៖ MPWT
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ រូបថត៖ MPWT
ភ្នំពេញ​៖ ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលមានតម្លៃជាង៥៦លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី២៣វិច្ឆិកានេះ។ ស្ពាននេះ គឺសមិទ្ធផលថ្មីមួយទៀត ដែលស្ថិតនៅក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។

 
 
 ក្រោយចំណាយពេលសាងសង់អស់៤២ខែ ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ» គឺត្រូវបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  ស្ពានប្រភេទបេតុងតម្លៃជាង៥៦លានដុល្លារនេះ គឺមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង១៣,៥ម៉ែត្រ។​ ស្ពាននេះ មានទីតាំងស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។   


 
 ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ លោក ស៊ុន ចាន់ថុល បានរៀបរាប់ថា ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើ ដំណើររបស់ពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នេះតាមរយៈការឆ្លងស្រឡាង។ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនរូបនេះ បានអះអាងបន្ថែមថា ស្ពាននេះ គឺជាស្ពានផ្តល់សក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។ បើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី១២វិច្ឆិកា ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ»នេះ គឺជាស្ពានទី៨ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ជូនឱ្យកម្ពុជា។ 


 
  ក្នុងថ្ងៃសម្ពោធឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ» នេះ កម្ពុជាក៏សម្រេចបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ក្នុងទំហំទឹកប្រាក់ជិត១៣០លានដុល្លារ ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសចិន ផងដែរ។  លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ  ដោយផ្តើម ចេញពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕ 


 

Tag:
 ស្ទឹងត្រង់-ក្រូចឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com