កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករវាយសី​រុស្ស៊ី Khakimov រួចផុតបម្រាម៥ឆ្នាំ ជុំវិញការភ្នាល់និងកំណត់លទ្ធផល
23, Nov 2021 , 9:29 pm        
រូបភាព
តុលាការអាជ្ញាកណ្តាលកីឡា (CAS) លុបចោលការហាមឃាត់កីឡាករវាយសីរុស្ស៊ី Nikita Khakimov រយៈ៥ឆ្នាំ ក្រោយប្តឹងជំទាស់ជោគជ័យ។ Khakimov ត្រូវបានសហព័ន្ធកីឡាវាយសីពិភពលោក (BWF) ព្យួរមិនឱ្យមានសកម្មភាពកីឡាកាលពីខែធ្នូឆ្នាំ២០២០ ក្រោយរកឃើញថារូបគេមានជាប់ទាក់ទងការភ្នាល់ និងកំណត់លទ្ធផលប្រកួត។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា BWF ធ្លាប់បានបើកការស៊ើបអង្កេតប្រឆាំងនឹង Khakimov បន្ទាប់ពីទទួលបានព័ត៌មានថាកីឡាករវាយសីរុស្ស៊ីរូបនេះចូលដីចូលជើងដើម្បីរៀបចំលទ្ធផលការប្រកួតទុកមុននាការប្រកួត European Teams Championships ដែលធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៨។ នៅឆ្នាំ២០២០ BWF សម្រេចព្យួរ Khakimov ដោយកំណត់មិនឱ្យមានសកម្មភាពកីឡានេះ៥ឆ្នាំ។
 
Khakimov វ័យ៣៣ឆ្នាំ បានប្តឹងតវ៉ាលើការចោទប្រកាន់របស់ BWF ទៅកាន់ CAS ដោយជោគជ័យ ហើយរូបគេត្រូវរួចផុតពីការដាក់ទោសក្នុងវិស័យកីឡាវាយសីនេះវិញនៅថ្ងៃទី២១ ខែវិច្ឆិកា។
ជុំវិញការលុបចោលការពិន័យនេះ CAS អះអាងថា Khakimov នឹងមានសិទ្ធិចូលរួមក្នុងសកម្មភាពកីឡាវាយសីឡើងវិញ។ «បន្ទាប់ពីបានពិចារណាយ៉ាងម៉ត់ចត់អំពីភស្តុតាងទាំងអស់ និងការដាក់ស្នើដោយភាគីសងខាងរួចមក គណៈកម្មាធិកា CAS ពិនិត្យឃើញថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា Khakimov ប្រព្រឹត្តខុសឡើយ។ បទចោទដែលខ្វះភស្តុតាងជាក់ស្តែង មិនគួរដាក់ទណ្ឌកម្មលើ Khakimov ទេ»។
 
Khakimov ជាកីឡាករឆ្នើមរបស់​ក្រុមបុរស​រុស្ស៊ី​ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ការ​ប្រកួត​ជើងឯកជា​ក្រុម​អឺរ៉ុប​ឆ្នាំ ២០២០៕

Tag:
 CAS
  BWF
  Nikita Khakimov
© រក្សាសិទ្ធិដោយ thmeythmey.com