ជាតិ
សង្គមជាតិ
ចាប់បានគ្រឿងញៀនដល់ទៅ១៧០កញ្ចប់ ដែលលួចនាំចូលពីឡាវ ខណៈជនល្មើសគេចខ្លួនរួច
25, Nov 2021 , 12:30 pm        
រូបភាព
គ្រឿងញៀន១៧០កញ្ចប់ ដែលលួចនាំចូលពីឡាវ ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់បាន (រូបពីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង)
គ្រឿងញៀន១៧០កញ្ចប់ ដែលលួចនាំចូលពីឡាវ ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់បាន (រូបពីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង)
កម្លាំងសមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀនដល់ទៅ១៧០កញ្ចប់ នៅចំណុចក្បាលកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នាល្ងាចម៉ោងប្រមាណ៧ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការផ្សាយលើគេហទំព័រមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង។



មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង អះអាងថា គ្រឿងញៀនទាំង១៧០កញ្ចប់នោះ ត្រូវបានជនល្មើស លួចដឹកដោយទូកម៉ាស៊ីនតាមទន្លេមេគង្គ ចេញពីឡាវ ចូលមកកម្ពុជា។ លោក អូត ស៊ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា គ្រឿងញៀននោះ ពិតជាមានចំនួន១៧០កញ្ចប់មែន តែមិនទាន់ដឹងពីទម្ងន់នោះទេ។

លោក បន្តថា នៅម៉ោង២រសៀល ថ្ងៃទី២៥ ខែវិច្ឆិកានេះ សមត្ថកិច្ច នឹងហែកកញ្ចប់គ្រឿងញៀននោះពិនិត្យមើល និងថ្លឹងរកទម្ងន់។ ចំពោះជនល្មើស ជាជនជាតិឡាវ ឬក៏អត់ ហើយមានជនជាតិខ្មែរ ចូលដៃជាមួយដែរ ឬក៏អត់នោះ លោក មិនទាន់អាចបញ្ជាក់ឡើយ ដោយលោក គ្រាន់តែបង្ហើបថា កម្លាំងសមត្ថកិច្ច កំពុងតាមចាប់។

លោកស្នងការ ថ្លែងដូច្នេះថា៖«ជនល្មើស ដាច់ខាត យើង ត្រូវតែតាមចាប់ហើយ។ យើង មានតម្រុយខ្លះៗហើយ»។

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពេលកម្លាំងសមត្ថកិច្ច ចុះចាប់គ្រឿងញៀនទាំង១៧០កញ្ចប់នោះ ជនល្មើស ក៏រត់គេចទៅលើកោះល្ង។

សារព័ត៌មានហ្វ្រេសញូ ទទួលបានព័ត៌មានពីប្រភព ដែលមិនបញ្ចេញអត្តសញ្ញាណថា គ្រឿងញៀនទាំង១៧០កញ្ចប់នោះ មានទម្ងន់ស្មើនឹង១៧០គីឡូក្រាម។

សូមរម្លឹកថា ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា ទើបនឹងចាប់បានគ្រឿងញៀន១៦៧គីឡូក្រាម ពីបុរសសញ្ជាតិកាណាដាម្នាក់ នៅរាជធានីភ្នំពេញ។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា សមត្ថកិច្ច ក៏ចាប់បានបុរសសញ្ជាតិកាណាដានោះដែរ និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

អត្ថបទទាក់ទង

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com